យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ ទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប
នៅថ្ងៃពុធ២០វិច្ឆិកានេះ យុវនារីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ Malala Yousafzaï បានទទួលពានរង្វាន់សិទ្ធិមនុស្សសាខារ៉ូវ នៅសភាអឺរ៉ុប ក្រុងស្ត្រាសស្បួរ Strasbourg ប្រទេសបារាំង។ លោក ម៉ារតាំង ឈុល Martin Schulzប្រធានសភាអឺរ៉ុប បានលើកឡើងថា ម៉ាឡាឡាបានផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើនលាននាក់។
នៅ ថ្ងៃពុធនេះ នៅសភាអឺរ៉ុប ក្រុងស្ត្រាសស្បួរ Strasbourg ប្រទេសបារាំង លោកម៉ារតាំង ឈុល Martin Schulz ប្រធានសភាអឺរ៉ុប បានប្រគល់ពានរង្វាន់ផ្នែកសិទ្ធិមនុស្ស ឈ្មោះថា ពានរង្វាន់សាខារ៉ូវ Sakharov ដោយផ្ទាល់ដៃអោយដល់យុវតី ប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ។ ម៉ាឡាឡា បានក្លាយជាជានិមិត្តរូបអន្តរជាតិក្នុងការ ទាមទារអោយកុមារគ្រប់រូបបានចូលសាលា និងទទួលបានការថែទាំការពារ។ ប្រធានសភាអឺរ៉ុបបានលើកឡើងថា ម៉ាឡាឡាបានផ្តល់ក្តីសង្ឃឹមដល់មនុស្សជាច្រើនលាននាក់។
កាលពីខែ តុលាកន្លងទៅ សភាអឺរ៉ុបបានសំរេចប្រគល់ពានរង្វាន់សាខារ៉ូវនេះអោយយុវតី ម៉ាឡាឡា។ សភាអឺរ៉ុបមិនបានជ្រើសយក Edward Snowden អតីតបុគ្គលិកបំរើការទីភ្នាក់ងារសន្តិសុខជាតិអាមេរិក រឺក៏សកម្មជនប្រឆាំងបេឡារុសនានាដែលជាប់ពន្ធនាគារ អោយធ្វើជាម្ចាស់ពានរង្វាន់សាខារ៉ូវនេះទេ។
សំរាប់យុវតីម៉ាឡាឡា ផ្ទាល់ ពានរង្វាន់សាខារ៉ូវនេះ ជាការលើកទឹកចិត្តដល់នាង ក្នុងការតស៊ូតទៅទៀត ដើម្បីទាមទារសិទ្ធិអោយដល់កុមារគ្រប់រូប។ គួររំលឹកថា ដោយសារសកម្មភាពតស៊ូក្នុងការលើកតំកើងសិទ្ធិកុមារនេះ ម៉ាឡាឡា យូសាហ្វហ្សៃ បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមឧទ្ទាមតាលីបង់។ កាលពីខែតុលា ឆ្នាំ២០១២ ម៉ាឡាឡាបានរងរបួសធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើងរបស់ពួក តាលីបង់ ក្នុងសកម្មភាពវាយប្រហាររថយន្ត ដឹកសិស្សសាលាមួយគ្រឿង។
ម៉ាឡាឡាក៏ជាម្ចាស់ពានរង្វាន់សន្តិភាពជាតិនៅប៉ាគីស្ថាន និងម្ចាស់ពានរង្វាន់ Simone de Beauvoir ជាពានរង្វាន់ផ្នែកសេរីភាពស្ត្រីប្រគល់អោយដោយប្រទេសបារាំងផងដែរ។
នៅថ្ងៃពុធម្សិលមិញនេះ យុវតីប៉ាគីស្ថាន ម៉ាឡាឡា យូសាហ្វហ្សៃ បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុបនានា អោយប្រឹងប្រែងទ្វេដង ដើម្បីជួយអោយកុមារនានាដែលមានប្រមាណជា៥៧លាននាក់ អោយទទួលបានការអប់រំ។ ម៉ាឡាឡា ក៏អំពាវនាវអោយអឺរ៉ុប ជួយបណ្តាប្រទេសអាស៊ី និងប៉ាគីស្ថាន ក្នុងវិស័យអប់រំនិងការអភិវឌ្ឍន៍ផងដែរ៕ដោយ ព្រំ សឿន សូលីណា (RFI)