ពលរដ្ឋខេត្តកំពង់ស្ពឺសុំ​ឲ្យលោក ហ៊ុន សែន ​ជួយផ្ដល់កម្មសិទ្ធិដី

បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ​​មិថុនា​ ​២០១២ ថា រដ្ឋាភិបាល​នឹង​មាន​យុវជន​ចំនួន ១.១០០​នាក់ ស្ម័គ្រចិត្ត​ជួយ​ធ្វើ​ការ​ចុះ​បញ្ជី​ដីធ្លី  ពលរដ្ឋ​ខេត្តកំពង់ស្ពឺ ជាច្រើន​​នាក់បាន​​ឡើង​ទៅ​ជួប​នាយក​រដ្ឋមន្ត្រី ​​ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨​ ​មិថុនា ​​២០១២ ក្នុង​បំណង​សុំ​ឲ្យ ជួយ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដីធ្លី ផ្តល់​កម្មសិទ្ធិ​ជូន​ពួក​គាត់។

អ្នកស្រី វីរ៉ាតំណាង​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​បាន​និយាយ​ថា  មន្ត្រី​សុរិយោ​ដី​ស្រុក និង​ខេត្ត មិន​ព្រម​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី និង​ផ្ទះ​ឲ្យ​ពួក​គាត់​ទេ ​គេ​ថាដីពួក​គាត់​​ ​​ ពាក់​ព័ន្ធ​ជា​មួយ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ចិន មិន​មែន​ពាក់​ព័ន្ធ​ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច។ ទោះ​បី​អ្នក​ភូមិ​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ថា ពួក​គាត់​រស់​នៅ​ស្រប​ច្បាប់​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​បាន​ដែរ។

អ្នកស្រី កែវ សុផាត ជាមេ​ឃុំ​ត្រែងត្រយឹងទើប​ជាប់​ឆ្នោត​ថ្មី តែ​មិន​ទាន់​ឡើង​កាន់​តំណែង ​បាន​និយាយ​​ អំឡុង​ឆ្នាំ​១៩៩៤ តាម​ច្បាប់​កាល​នោះ រដ្ឋាភិបាល​មិន​ទាន់​ផ្តល់​កម្មសិទ្ធិ​ឯកជន​ទៅ​ដល់​ជន​បរទេស​ទេ​។ អ្នកស្រី​​បាន​​គាំទ្រ​ការ​ទាម​ទារ​ចង់​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់ របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត និង​​ធ្វើ​ណា​​​​ដោះ​ស្រាយ​ជួន​​ប្រជាពលរដ្ឋឲ្យ​បាន​​។

​សម្រាប់​​​ អ្នក​ភូមិ​ដែល​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​នោះ មាន​ចំនួន​ជាង ៣០០​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​៣ ​ចម្ការ​ចេក ភូមិ​៦ និង​ភូមិ​សម្បទាន​សែន​ជ័យ ​ទំហំ​ដីសរុប​ពាក់​ព័ន្ធ​កម្មសិទ្ធិ​ឯកជនរបស់​ជន​បរទេស​ប្រមាណ​ជាង ៥០០​ហិកតារ៕

Related Articles

Back to top button
Close
Close