ថៃ​ស្ថិត​ក្នុង​ភាព​តានតឹង​ មុន​តុលាការ​ធម្មនុញ្ញ​ប្រកាស​ថា​តើ​គួររំលាយ​បក្ស​កាន់អំណាច​ចោល​រឺ​យ៉ាងណា​

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រីថៃ​ យីងឡាក់ ស៊ីណាវ៉ាត្រា បាន​អំពាវនាវ​អោយ​មានការស្ងប់ ស្ងាត់​​ក្នុង​ប្រទេស មុននឹង​​​​តុលាការ​ធម្មនុញ្ញ​​ថៃ​ចេញសេចក្តីសំរេច​នៅថ្ងៃ​ពុធនេះ ថា​​តើគួររំលាយចោល​​គណបក្ស​ ភឿថៃ ដែល​កំពុង​កាន់អំណាចបច្ចុប្បន្ន​នេះដែរ​​ រឺ​ក៏​យ៉ាងណា។​ ​ថៃ​បានធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​​ជិត៣សប្តាហ៍​មកហើយ​ ដោយសារ​តែ​សកម្មជនក្រុមប្រឆាំង​ បាន​នាំគ្នា​ធ្វើបាតុកម្ម​​ឥតឈប់ឈរ។

នៅថ្ងៃ ​ពុធនេះ តុលាការ​ធម្មនុញ្ញ​ថៃ​នឹង​ប្រកាស​ថា តើ​ថៃត្រូវរំលាយ​​​គណបក្ស​ភឿថៃ​ ដែល​ជាបក្ស​កាន់អំណាចចោល​​​ រឺក៏យ៉ាងណា។ ​ តុលាការ​ធម្មនុញ្ញ​​នឹង​ពិនិត្យ​​ថា តើ​ការប៉ុនប៉ង​របស់​បក្ស​កាន់អំណាច​ អោយ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ដែល​បានអនុម័ត​ក្រោយ​រដ្ឋប្រហារ ​ទំលាក់​អតីតនាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ក្នុ​ង​ឆ្នាំ​២០០៦ មាន​លក្ខណៈ​ស្របច្បាប់​ដែររឺទេ។ ប្រសិន​បើ​មិនស្របច្បាប់​ទេ នោះ​បក្ស​កាន់អំណាច​នឹង​ត្រូវ​រំលាយ​ចេញ​ពីនយោបាយ។

នាយករដ្ឋមន្ត្រី​ ថៃ​​ យីងឡាក់ ស៊ីណាវ៉ាត្រា ​បារម្ភ​ថា ការប្រកាស​នេះ​​​អាច​​បង្ក​ជា​ភាព​ច្របូកច្របល់​​ក្នុង​ស្រុក​បាន។ នៅថ្ងៃ​អង្គារ​ម្សិលមិញ លោកស្រី​យីងឡាក់ បានអំពាវនាវ​​អោយ​ប្រជាជន​ថៃ​រក្សាភាព​ស្ងប់ស្ងាត់​ក្នុង​ប្រទេស មុន​ការប្រកាស​របស់​តុលាការ​ធម្មនុញ្ញ ពីអនាគត​របស់​បក្ស​កាន់អំណាច។

ស្ថានភាពតានតឹង​​ក្នុងប្រទេស​បានកើនឡើង​មួយកម្រិត​ទៀត​ ការពីល្ងាច​ថ្ងៃ​អង្គារម្សិលមិញ។ សកម្មជន​​ក្រុមប្រឆាំងរដ្ឋាភិបាល​​ប្រមាណ​២៥០០នាក់​ និង​​សកម្មជន​គាំទ្រ​រដ្ឋាភិបាល​១១ម៉ឺននាក់​​ បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម នៅ​ក្រុងបាងកក។ ​

ស្ថានភាព​តានតឹង​​បែបនេះ​មាន​ជិត៣សប្តាហ៍​មកហើយ ដោយសារតែ​បាតុកម្ម​របស់​ក្រុមប្រឆាំង។​ កន្លង មក សកម្មជន​ក្រុមប្រឆាំង​​បាន​បរិហារ​​​គំរោង​ច្បាប់​លើកលែងទោសថៃ។ ពួកគេ​យល់ថា ច្បាប់​លើក លែង ទោស​​នេះ អាច​អោយ​អតីតនាយករដ្ឋមន្ត្រី​ថាក់ស៊ីន ដែល​កំពុង​​ភៀសខ្លួន​នៅក្រៅ​ប្រទេស​នោះ អាច ត្រលប់​ចូលប្រទេស​ថៃ​វិញបាន។ ថ្វី​បើ​ព្រឹទ្ធសភា​បាន​ទាត់ចោល​គំរោង​ច្បាប់​នេះ កាលពី​សប្តាហ៍​មុន​​ក្តី សកម្មជន​ប្រឆាំង​​មួយចំនួន​នៅតែ​ផ្តុំគ្នា​ ទាមទារ​អោយ​រដ្ឋាភិបាល​ចុះ​ពីអំណាច៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close