ប៉ារីសរងការបាញ់រះច្រើនកន្លែងផ្ទួនៗគ្នា
អ្នកថតរូបម្នាក់របួសធ្ងន់ និងការភ័យស្លន់ស្លោខ្លាំង បន្ទាប់ពីបុរសម្នាក់ កាន់កាំភ្លើងនឹងដៃ ស្ទុះចូលទៅបាញ់រះមុខទីស្នាក់ការកាសែត លីបេរ៉ាស្យុង នាទីក្រុងប៉ារីស មុននឹងរត់គេចខ្លួនបាត់ទៅ។ ពីរបីនាទីក្រោយ សំឡេងផ្ទុះកាំភ្លើងបានលាន់ឮឡើង នៅមុខធនាគារSociété Générale នៅ សង្កាត់ពាណិជ្ជកម្ម La defense ជាយទីក្រុងប៉ារីស ដោយបុរសម្នាក់បានស្រែកចាប់ចំណាប់ថ្នូរផង។ សេចក្តីរាយការណ៍ បង្ហាញពីស្នាដៃមនុស្សតែម្នាក់ ប៉ុន្តែគេមិនទាន់រកឃើញទំនាក់ទំនងនៃហេតុការណ៍បាញ់រះកណ្តាលក្រុង ទាំងពីរនេះទេ។
កាសែតលីបេរ៉ាស្យុង ដែលគេស្គាល់ថាជាកាសែតមាននិន្នាការឆ្វេងនិយម បានរងការវាយប្រហារនៅថ្ងៃចន្ទនេះ ដោយជនប្រដាប់អាវុធមិនស្គាល់មុខម្នាក់ ប៉ុន្តែមានអត្តសញ្ញាណប្រហាក់ប្រហែលនឹងបុរសដៃដល់បាញ់រះនៅមុខ ទីស្នាក់ការទូរទស្សន៍បារាំង BFMTV កាលពីថ្ងៃសុក្រមុន។ ជនរងគ្រោះជាអ្នកជំនួយការថតរូប កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។
ពេលនេះកងកម្លាំងប៉ូលិសត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹងសន្តិសុខនៅតាមបណ្តាទីស្នាក់ការសារព័ត៌ មានបារាំង ផ្សេងៗនាទីក្រុងប៉ារីស។ ព្រោះទាំងប្រធានាធិបតី ទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែបាន បង្ហាញសាមគ្គីភាពនិងការធានាអះអាងរក្សាសុវត្ថិភាពដល់អ្នកសារព័ត៌មាន (កាសែត និងទូរទស្សន៍) ដែលតំណាងឱ្យសេរីភាព និង ប្រជាធិបតេយ្យ។
ពីរបីនាទីក្រោយមក មានការបាញ់រះជាច្រើនគ្រាប់ផ្សេងទៀត នៅសង្កាត់ពាណិជ្ជកម្មជាយទីក្រុងប៉ារីស តែជាសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់មនុស្ស។ បើតាមប៉ូលិសមានអ្នកបើកបររថយន្តម្នាក់ បានក្លាយជាចំណាប់ខ្មាំង បង្ខំចិត្តត្រូវដឹងបុរសមានកាំភ្លើងទៅបង្កអស្ថិរភាពនៅសង្កាត់ ឡាដេហ្វង់។
ហេតុការណ៍បានបំផុសជាសំណួរជាច្រើន ទាក់ទងនឹងការស្ទុះឡើងនៃអំពើហិង្សាក្នុងស្រុក គ្មានការបកស្រាយអ្វីថាជាអំពើភេរវកម្មទេ។ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត ការវាយប្រហារតាមប្រព័ន្ធអ៊ីន ធឺណែតក៏បានកើតឡើងជាបន្តនៅការិយាល័យ កាសែត លីបេរ៉ាស្យុង។ ការវាយប្រហារមានមកពីគ្រប់ទិសទី នៃភពផែនដី មានជាអាទិ៍មកពីថៃ និងរុស្ស៊ី។ រហូតមកទល់ពេលនេះ ពុំទាន់មានសេចក្តីសន្និដ្ឋានអ្វី ភ្ជាប់ហេតុការណ៍ទាំងពីរនេះនៅឡើយទេ៕ដោយ អៀង សុខម៉ិញ (RFI)