ប្រធានាធិបតីឥណ្ឌូនេស៊ីវាយប្រហារលោក Tony Abbott តាម Twitter
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo Bambang Yudhoyono បានធ្វើការវាយប្រហារទៅលើសេចក្តីថ្លែងជាសារធារណៈរបស់ នាយករដ្ឋមន្រ្តីអូស្រ្តាលី ទៅលើភាពចម្រូងចម្រាសលើការស៊ើបការណ៍សម្ងាត់របស់អូស្រ្តាលីទៅលើ ប្រទេសឥណ្ឌូណេស៊ី។
លោក Yudhoyono បានសរសេរនៅលើគេហទំព័រ Twitter របស់លោកថា លោកមានការសោកស្តាយយ៉ាងខ្លាំងទៅលើសេចក្តីថ្លែងរបស់លោក Tony Abbott ដែលមិនចាត់ទុកបញ្ហាជាមួយឥណ្ឌូណេស៊ីជាបញ្ហាធ្ងន់ធ្ងរ ហើយដែលមិនមានអារម្មណ៍ខ្មាស់អៀន។
សមាជិកសភាសំខាន់ម្នាក់ របស់ប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា លោកមិនយល់ស្របចំពោះការអះអាងរបស់លោក Tony Abbott ដែលថា ប្រទេសអូស្ត្រាលីប្រើប្រាស់ការស៊ើបការណ៍សម្ងាត់ ដើម្បីជួយមិត្ត និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយមិនធ្វើឲ្យមានការប៉ះពាល់ដល់ពួកគេនោះទេ។
ប្រទេស ឥណ្ឌូណេស៊ីកំពុងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅប្រទេស អូស្ត្រាលីឲ្យវិលត្រឡប់ទៅប្រទេសវិញ ក្នុងករណីដែលមានការអះអាងថាមានភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អូស្ត្រាលីព្យាយាមលួចស្តាប់ទូរសព្ទរបស់ប្រធានាធិបតី ឥណ្ឌូណេស៊ី។
លោក Tony Abbott នាយករដ្ឋមន្រ្តីអូស្ត្រាលី បានបដិសេធមិនឆ្លើយតបជាសាធារណៈ ចំពោះការអំពាវនាវរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទាមទារឲ្យអូស្ត្រាលី បកស្រាយទៅលើការស៊ើបការណ៍សម្ងាត់ របស់អូស្ត្រាលីឡើយ។
លោក Abbott មានប្រសាសន៍ថា លោកមិនចង់និយាយអ្វីដែលអាចធ្វើឱ្យមានការខូចខាតដល់កិច្ច សហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសឥណ្ឌូណេស៊ីនោះទេ។
ក៏ ប៉ុន្តែ លោកមានប្រសាសន៍ថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះភាពអាម៉ាសទាំងឡាយណា ដែលប្រទេសអូស្ត្រាលី បានបង្កដល់លោកប្រធានាធិបតីឥណ្ឌូនេស៊ី តាមរយៈរបាយការណ៍ដែលចេញដោយសារព័ត៌មានដែលថាប្រទេសអូស្ត្រាលីធ្វើការស៊ើបការណ៍សម្ងាត់លើរូបលោក៕(Radio Australia)