លោកអភិបាលក្រុងភ្នំពេញត្រូវជិះរថយន្តទំនើបរបស់ខ្លួនបើកភ្នែកឲ្យធំមើលវិថីណាខ្លះខូច
ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ចៅហ្វាយក្រុងភ្នំពេញត្រូវចំណាយពេលនាថ្ងៃសម្រាកនេះជិះរថយន្តទំនើបរបស់ខ្លួន និងបើកភ្នែកឲ្យធំៗមើល ថាតើវិថីណាខ្លះបានខូចខាតនៅក្នុងរាជធានីដែលជាបេះដូងរបស់ប្រទេសនោះ។
ប្រសិនបើលោកមិនមានពេលទេ លោកត្រូវឲ្យចៅហ្វាយខណ្ឌនីមួយជិះឡានមើលជំនួស ហើយរាយការណ៍ឲ្យលោក។ ក្នុងករណីដែលចៅហ្វាយខណ្ឌមិនមានពេល ព្រោះរវល់ពីរឿងដី វីឡា និងឡានទំនើរបស់ខ្លួនដែរនោះ លោកត្រូវបញ្ជាផ្ទាល់ទៅចៅសង្កាត់ ហើយបើចៅសង្កាត់មិនមានពេល លោកត្រូវពឹងពាក់មេភូមិនិងប្រធានក្រុមឲ្យជួយរាយការណ៍ជំនួស ថាតើមានវិថីប៉ុន្មានត្រូវបានខូចខាត។
បច្ចុប្បន្ន ក្រៅពីមហាវិថី និងវិថីមួយចំនួនដែលត្រូវបានជីកគាស់ដាក់បំពង់លូថ្មី គឺមានវិថីជាច្រើនបានខូចខាត ហើយផ្លូវខ្លះក្លាយជាផ្លូវលំ ដីហុយសំពោង ខណៈដែលផ្លូវខ្លះទៀតក្រហេងក្រហូងមានរន្ធដូចបាយខុំ បង្កឲ្យអ្នកជិះម៉ូតូដួលរងគ្រោះថ្នាក់។ ម្យ៉ាងទៀត ដោយសារតែផ្លូវក្រលុកនេះហើយ ទើបអ្នកជិះម៉ូតូ និងអ្នកបើកម៉ូតូកង់បីខំប្រឹងចៀស ដែលបង្កឲ្យមានការស្ទះចរាចរណ៍។
កុំថាឡើយជនជាតិខ្មែរ ដែលគាត់រអ៊ូរ សូម្បីតែជនបរទេសក៏ត្អូញត្អែរដែរពីរឿងដីហុយពេញក្រុង លើកលែងតែមហាវិថីធំបីបួនប៉ុណ្ណោះ។
បន្ទាប់ពីធ្លាក់ភ្លៀងនេះទៅ តើផ្លូវទាំងនោះនឹងត្រូវជួសជុលដែរឬទេ ហើយបើមានជួសជុលតើធានាបានប៉ុន្មានឆ្នាំ ឬប៉ុន្មានខែ ឬក៏រក្សាពាក្យថា “ផ្លូវធ្វើជាប់រហូត”?
ល្មមដល់ពេលហើយអស់លោក សូមបើកភ្នែកឲ្យធំៗ ព្រោះអំណាចដែលអស់លោកកំពុងមានសព្ចថ្ងៃនេះជាអំណាចតំណាងឲ្យរាស្រ្ត ដែលអស់លោកត្រូវបម្រើរាស្រ្ត និងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈឲ្យបានល្អដល់រាស្រ្ត។
អាជ្ញាធរសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយត្រូវត្រួតពិនិត្យ និងតាមដានមើលកិច្ចសន្យាធ្វើផ្លូវរវាងសលាក្រុង និងក្រុហ៊ុនទទួលសិទ្ធិបានជួសជុល ព្រមទាំងស្ថាប័នពាក់ព័ន្ធ។ តើមានការដាក់ដេញថ្លៃជាសាធារណៈដែរឬទេ ចំពោះការផ្តល់សិទ្ធិឲ្យធ្វើ និងជួសជុលផ្លូវឡើងវិញនោះ? (អត្ថបទទស្សនៈរបស់យុវវ័យថ្មី)