ព្រឹទ្ធសភាថៃ​ពិនិត្យ​គំរោងច្បាប់​លើកលែង​ទោស​ ក្រោម​សម្ពាធ​នៃ​បាតុកម្ម​ក្រុមប្រឆាំង​

នៅថ្ងៃ​ចន្ទ១១វិច្ឆិកា​​​នេះ នៅប្រទេស​ថៃ ព្រឹទ្ធសភាថៃបាន​សិក្សា​​​ពិនិត្យ​គំរោងច្បាប់​លើកលែង​ទោស​ ដែល​សភា​បានអនុម័ត​​​ កាលពី​ថ្ងៃ១វិច្ឆិកា​។ ការពិនិត្យ​ច្បាប់​នេះ បាន​ធ្វើឡើង​​ក្រោមសម្ពាធ​បាតុករ​រាប់ពាន់​នាក់​ ដែល​បាននាំគ្នា​ចុះតាមផ្លូវ​នៅ​ក្រុងបាងកក បរិហារ​​ប្រឆាំង​ច្បាប់នេះ។ ​ថៃ​បាន​ដាក់ពង្រាយ​កងកម្លាំង​​ដើម្បី​ការពារ​ ទប់ស្កាត់​​សកម្មភាព​ជា​យថាហេតុ​​ណាមួយ​ពីសំណាក់បាតុករ​ដែល​ដឹកនាំ​ដោយ​បក្ស ​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​ អាប់ភិសិត វេចាជីវ៉ា។

គួររំលឹក ​ថា​ គំរោង​ច្បាប់​លើកលែងទោស​ដែលព្រឹទ្ធសភា​ថៃ​បាន​សិក្សា​ពិនិត្យ​នៅថ្ងៃ​ចន្ទ​ ទី១១វិច្ឆិកា​​នេះ មាន​ទិសដៅ​លើកលែងទោស​​​សកម្មជន​នយោបាយ​នានា ដែល​​​ជាប់ពាក់ព័ន្ធ​នឹង​​​​សកម្មភាព​ផ្សេងៗ រហូត​រាលដាល​ជា​​អំពើ​​ហិង្សា​​​ក្នុងប្រទេស។ គឺ​គិតចាប់​​ពី​ពេល​​រដ្ឋប្រហារ​ទំលាក់​​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០០៦ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១២។ គំរោងច្បាប់​នេះ ត្រូវ​បាន​សភា​អនុម័ត​រួចមកហើយ កាលពី​ថ្ងៃ​១វិច្ឆិកា កន្លងទៅ។

នៅថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុងបាងកក​រង​ស្ថានភាព​តានតឹង​ដោយសារ​តែ​​បាតុករ​រាប់ពាន់​នាក់​​​នាំគ្នា​ ចុះតាម​ដងផ្លូវ​​​ប្រឆាំង​បរិហារ​ច្បាប់នេះ។ សកម្ម​ជន​ទាំងនោះ​បាន​ធ្វើបាតុកម្ម​ជាច្រើនថ្ងៃ​មកហើយ​ ទៅតាម​ការ​អំពាវនាវ​​របស់​គណបក្ស​ប្រជាធិបតេយ្យ​​ដឹកនាំ​ដោយ​អតីត​ នាយករដ្ឋមន្ត្រី​ថៃ​ អាប់ភិសិត វេចាជីវ៉ា។ បាតុករ​ទាំងនោះ​​យល់ថា រដ្ឋាភិបាល​ថៃដឹកនាំ​ដោយ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត្រា យកលេស​ប្រើ​ច្បាប់​លើកលែង​ទោស​នេះ​ ដើម្បី​​បើកផ្លូវ​អោយ​អតីត​នាយករដ្ឋមន្ត្រី​​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អេមីរ៉ា អារ៉ាប់រួម​នោះ អាច​ត្រលប់​ចូល​មក​ទឹកដី​​ថៃវិញ។ គួររំលឹកថា លោក ថាក់ស៊ីន ត្រូវ​បាន​​តុលាការ​កាត់ទោសកំបាំង​មុខ​ កាល​ពី​ឆ្នាំ​២០០៨ ​អោយ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ពី​បទ​​បំពាន​អំណាច និង​លួច​បន្លំពន្ធ​រដ្ឋ។ ​

មេដឹកនាំ​បក្ស​ប្រឆាំង​ជាច្រើន​រូប បាន​ដាក់​ពេលវេលា​កំណត់​​​ដល់​រដ្ឋាភិបាល​ថៃ​ អោយ​ដកគំរោង​ច្បាប់​នេះជាបន្ទាន់ ដោយ​មិនចាំបាច់​អោយ​ព្រឹទ្ធសភា​សំរេច​អនុម័ត​នោះទេ។ ពេលវេលា​កំណត់​នោះ គឺ​ត្រូវ​បាន​ចប់នៅ​ម៉ោង​​១២យប់ ក្នុង​ថ្ងៃ​ចន្ទ​​នេះហើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close