អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​កាតា​កែ​លម្អ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​របស់​ជនអន្តោប្រវេសន៍​បាន​អំពាវនាវ​ដល់​ រដ្ឋាភិបាល​ប្រទេស​កាតា​ឲ្យ​យកចិត្ត​ទុកដាក់ កែលម្អ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស។ ពលករ​បរទេស​ដែល​កំពុង​ធ្វើការ​យ៉ាងប្រញឹកដៃ នៅក្នុង​ការដ្ឋាន​សំណង់​ដែល​កាតា​បង្កើតឡើង ដើម្បី​ត្រៀម​ទទួល​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក នៅ​ឆ្នាំ ២០២២។

នៅក្នុង​ពិភពលោក កាតា​ជាប្រទេស​ដែល​មាន​ពលករ​បរទេស​រស់នៅ ច្រើន​ជាង​គេ។ ពលករ​បរទេស​តំណាង​ឲ្យ​៨៨​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​កាតា គឺ​ច្រើន​ជាង​ចំនួន​ប្រជាជន​ម្ចាស់ស្រុក​ទៅទៀត។ ពលករ​បរទេស​មាន​ចំនួន​កាន់តែច្រើន បន្ទាប់​ពី​ប្រទេស​កាតា​កំពុង​ប្រញឹកដៃ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី ដើម្បី​ទទួល​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក នា​ឆ្នាំ ២០២២​ខាងមុខ។

ប៉ុន្តែយោងតាម​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ដែល​ទើប​បិទ​បញ្ចប់​ការងារ​ស៊ើប អង្កេត ​លើ​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស នៅប្រទេស​កាតា ពលករ​បរទេស​កំពុង​ទទួល​រង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កន្លែង​ធ្វើការ។ ឧទាហរណ៍ ដូចជា ពួកគេ​មិន​បាន​ទទួល​ប្រាក់ខែ​តាមកាល​កំណត់ ឬ​ក៏​បាន​តិច ជាង​ចំនួន​ដែល​មាន​កំណត់ ក្នុង​កិច្ចសន្យា​ការងារ។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​មាន​ក្តីកង្វល់​ផងដែរ​ពី​ គ្រោះថ្នាក់ និង​លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់​ដែល​ជំរុញ​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ ជីវិត​របស់​ពលករ ក្នុង​កន្លែង​ធ្វើការងារ។ រហូតមក អង្គការ​ការពារ​សិទ្ធិមនុស្ស និង​សហជីព​តែងតែ​បរិហារ​ពី​លក្ខខណ្ឌ​ការងារ​មិន​ល្អ​នៅក្នុង​ប្រទេស​កាតា ជាពិសេស នៅ​តាមការដ្ឋាន​សំណង់​ថ្មីៗ។ កាសែត​អង់គ្លេស The Guardian ធ្លាប់​បាន​ចុះផ្សាយ​ថា គ្រាន់តែ​នៅ​ចន្លោះ ខែ​មិថុនា និង​ខែ​សីហា មាន​កម្មករ​៤៤​នាក់ ជួបគ្រោះថា្នក់​បាត់បង់​ជីវិត នៅ​ក្នុង​ការដ្ឋាន សំណង់ ដែល​រដ្ឋាភិបាល​កាតា​សម្រុក​ធ្វើ ដើម្បី ទទួល​ការប្រកួត​បាល់ទាត់​ពិភពលោក។ រដ្ឋាភិបាល​កាតា​វិញ​បាន​រុញច្រាន​ចោល​ព័ត៌មាន​របស់​កាសែត​អង់គ្លេស ប៉ុន្តែ សន្យា​កែលម្អ​ឡើងវិញ លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស។

នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្រ្តី​របស់​អង្គការ​សហប្រជាជាតិ បាន​ទទូច​ផងដែរ​ដល់​រដ្ឋាភិបាល​កាតា​ឲ្យ​លុប​ចោល​ប្រព័ន្ធ​កាហ្វាលា ដែល​អនុញ្ញាត​ឲ្យ​ថៅកែ​មាន​សិទ្ធិ​ពេញទី ដើម្បី​ហាមឃាត់​មិន​ឲ្យ​ពលករ​ទៅ​បម្រើការ​នៅកន្លែងផ្សេង ឬ​ដកហូត​លិខិត​ឆ្លងដែន​របស់​ពលករ​មិន​ឲ្យ​ចាក ចេញពី​ប្រទេស៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close