ឥណ្ឌារៀបចំពិធីបុណ្យម្ហូបអាហារនិងក្បាច់រាំប្រពៃណីជាលើកដំបូងនៅភ្នំពេញ
ដោយ ឆាយ សុផល
សារព័ត៌មាន ឃែមបូឌា ញូស៌ និង យុវវ័យថ្មី
ភ្នំពេញ (៨ វិច្ឆិកា ២០១៣)៖ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតថែមទៀតរវាងកម្ពុជានិងឥណ្ឌា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជារួមសហការជាមួយក្រសួងទេសចរណ៍និងសាជីវកម្មអភិវឌ្ឍន៍ទេសចរណ៍ឥណ្ឌានៅសប្តាហ៍នេះបានរៀបចំពិធីបុណ្យម្ហូបអាហារនិងក្បាច់រាំប្រពៃណីរបស់ឥណ្ឌានៅក្នុងរាជធានីភ្នំពេញជាលើកដំបូងនូវ។
លោក រ៉ាចាមូរូហ្គាន (Rajamurugan) លេខាទីមួយនៃស្ថានទូតឥណ្ឌាបានប្រាប់សារព័ត៌មានយុវវ័យថ្មីថា ពិធីបុណ្យដែលចាប់ផ្តើមពីថ្ងៃទី ៣០ តុលា ដល់ថ្ងៃទី ៩ វិច្ឆកា ឆ្នាំ ២០១៣នេះ គឺត្រូវបានរៀបចំឡើងជាលើកដំបូងនៅក្នុងភ្នំពេញ ហើយពិធីនេះមានបំណងពង្រឹងចំណងទាក់ទងវប្បធម៌របស់ប្រទេសទាំងពីរ ហើយចង់ឲ្យប្រទេសឥណ្ឌានៅកាន់តែកៀកនឹងប្រទេសកម្ពុជាផងដែរ។ ។ លោកបានបន្ថែមថា ពិធីបុណ្យនេះបាននាំមកនូវម្ហូបអាហាររួមគ្នាមកពីភាគខាងត្យូងនិងភាគខាងជើងនៃបញរទេសឥណ្ឌា។
នៅក្នុងពិធីបុណ្យរយៈពេល១០ថ្ងៃនៅភ្នំពេញនេះ មានអ្នករបាំប្រពៃណីឥណ្ឌាជាច្រើននាក់បានសម្តែងជាបន្តបន្ទាប់នៅឯសណ្ឋាគណាហ្គាវល។ ស្រ៊ូទី ម៉ាលូសទី អ្នករបាំវ័យក្មេងម្នាក់ក្នុងចំណោមអ្នករបាំទាំងនោះបាននិយាយថា នាងមានអារម្មណ៍អស្ចារ្យ ដែលនាងបានមកប្រទេសកម្ពុជា ហើយបានសម្តែងរបាំឲ្យប្រជាជនកម្ពុជាទស្សនា។ នាងបានប្រាប់សារព័ត៌មានយុវវ័យថ្មីបន្ទាប់ពីសម្តែងនៅយប់ថ្ងៃទី ៧ វិច្ឆិកា ថា “ខ្ញុំទទួលបានបទពិសោធន៍ល្អៗនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំជឿថាកម្ពុជានិងឥណ្ឌាមានទំនាក់ទំនង និងមិត្តភាពល្អ”។
ពិធីបុណ្យនេះទទួលបានការគាំទ្រពីសភាពាណិជ្ជកម្ម និងសមាគមឥណ្ឌាកម្ពុជា ហើយនៅក្នុងពិធីនេះក៏បានបង្ហាញនូវចុងភៅដែលមានបទពិសោធន៍ ដោយរួមមានលោក សាន់ចាយ ដាសារី (Sanjay Dasari) និងលោក អឹមស៊ី ប៉ាល់ (M.C. Pal) ដែលមានកេរ្តិ៍ឈ្មោះក្នុងការបង្ហាញទេពកោសល្យជំនាញផ្នែកម្ហូបអាហារដែលជាអាហាររសជាតិខុសៗគ្នារបស់ប្រទេសឥណ្ឌា។
ពិធីបុណ្យនាពេលល្ងាចៗដែលមានការកម្សាន្តពោរពេញដោយក្តីសប្បាយរីករាយសម្រាប់ក្រុមគ្រួសារនេះរួមមានអាហារដ៏ស្ងុយស្ងាញ់របស់ឥណ្ឌា អមដោយក្បាច់រាំឥណ្ឌា ដោយមានអ្នករបាំ Bollywood ល្បីឈ្មោះមកពីទីក្រុងម៉ុមបៃ (Mumbai)៕