ឥណ្ឌា​បាញ់បង្ហោះ​ដោយ​ជោគជ័យ​នូវ​យានអវកាស​ទៅកាន់​ភព​ព្រះអង្គារ

នៅថ្ងៃ ​អង្គារ​នេះ ឥណ្ឌា​បាន​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នូវ​យានអវកាស ទៅកាន់​ភព​ព្រះអង្គារ។ គឺ​ជា​ប្រភេទ​យាន​គ្មាន​មនុស្ស​បើក ដើម្បី​ធ្វើការ​សិក្សា​អំពី​បរិយាកាស​នៅ​ភព​ព្រះអង្គារ។ ជោគជ័យ​នៃ​បេសកកម្ម​នេះ​​នឺង​អាច​​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​​ដំបូង​ បង្អស់​នៅ​អាស៊ី ​ដែល​អាច​បង្ហោះ​យាន​អវកាស​​ទៅកាន់​ភព​ព្រះអង្គារ ហើយ​​ជា​ប្រទេស​ទី៤ នៅ​លើ​ពិភពលោក បន្ទាប់​ពី​អាមេរិក រុស្ស៊ី និង​សហភាព​អឺរ៉ុប។

រ៉ុកែត ​ផ្ទុក​យាន​អាវកាស​ឥណ្ឌា​ត្រូវ​បាន​បាញ់​បង្ហោះ​​ដោយ​ជោគជ័យ នៅ​ម៉ោង ២ និង​៣៨នាទី​រសៀល​ថ្ងៃ​អង្គារ ម៉ោងក្នុងស្រុក (ត្រូវ​នឹង​ម៉ោង ៤ និង ៨នាទី​រសៀល​ នៅ​ប្រទេស​កម្ពុជា)។

យានអាវកាស​គ្មាន​មនុស្ស​បើក ដែល​មាន​​ទំហំ​ប៉ុន​កូនឡាន ហើយ​មាន​ទម្ងន់​ជាង ១តោន នឹង​ត្រូវ​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី ក្នុងរយៈពេល​ជិត ១ខែ ទើប​អាច​មាន​ល្បឿន​គ្រប់គ្រាន់ ដើម្បី​ចេញ​ផុត​ពី​ទំនាញ​របស់​ផែនដី ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​ភព​ព្រះអង្គារ ដោយ​ធ្វើ​ដំណើរ​ក្នុង​រយៈចម្ងាយសរុប​​ ៧៨០លាន​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើ​ពេល​ចំនួន ៣០០ថ្ងៃ (១០ខែ)។

អ្នកវិទ្យាសាស្រ្ត​នៅ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) បាន​ឲ្យដឹង​ថា វា​គឺ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ដែល​ឥណ្ឌា​អាច​បាញ់​បង្ហោះ​យានអវកាស​ទៅ​កាន់​ភព​ព្រះអង្គារ​នៅ​ក្នុង​ពេល​ ឆាប់ៗ​បែបនេះ ពីព្រោះ​ថា បេសកកម្ម​ទៅកាន់​ភព​ព្រះអង្គារ មាន​លក្ខណៈ​ស្មុគស្មាញ​​បំផុត ដោយសារ​តែ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផែនដី។

គួរបញ្ជាក់ថា រហូតមកទល់នឹង​ពេលនេះ ក្នុងចំណោម​បេសកកម្ម​ទៅកាន់​ភពព្រះអង្គារ​នៅទូទាំងពិភពលោក ចំនួន ៤០ មាន ២៣ដង (ពោលគឺ​ជាង​ពាក់កណ្តាល) ដែល​ត្រូវ​ទទួល​បរាជ័យ។

ជប៉ុន និង​ចិន សុទ្ធតែ​ធ្លាប់​បាន​ព្យាយាម​បញ្ជូន​យានអវកាស​ទៅ​កាន់​ភព​ព្រះអង្គារ ក៏ប៉ុន្តែ បេសកកម្ម​ទាំងនេះ​សុទ្ធតែ​ត្រូវ​ទទួល​បរាជ័យ​ទាំងអស់។ គិតរហូត​មកទល់​នឹង​ពេល​នេះ មាន​តែ​អាមេរិក រុស្ស៊ី និង​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ ដែល​អាច​បង្ហោះ​យាន​អវកាស​គ្មាន​មនុស្ស​បើក​ដោយជោគជ័យ រហូត​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​​​ភព​ព្រះអង្គារ​បាន។ ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​ទី៤ ប្រសិនបើ​យាន​អាវកាស​ ដែល​បាញ់​បង្ហោះ​នៅថ្ងៃ​នេះ អាច​ធ្វើ​ដំណើរ​ទៅដល់​​គន្លង​តារាវិថី​នៃ​ភព​ព្រះអង្គារ​តាម​គម្រោង​ពិតមែន។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ បេសកកម្ម​យានអាវកាស​ឥណ្ឌា​ទៅកាន់​ភព​ព្រះអង្គារ​នៅពេល​នេះ ត្រូវ​ចំណាយ​លុយ​តែ​ប្រមាណ​ជា ៧៣លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ពោលគឺ ៦ដង តិចជាង​បេសកកម្ម​​របស់ NASA ដែល​គ្រោង​បាញ់​បង្ហោះ នៅថ្ងៃ​ទី១៨​វិច្ឆិកា​ខាងមុខ ហើយ​ដែល​ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ ៤៥៥លាន​ដុល្លារ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close