កម្ពុជាទទួលរងពីឥទ្ធិពលព្យុះចំនួនបី ជាបន្តបន្ទាប់
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៣ អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រទេសកម្ពុជា នឹងទទួលរងពីឥទ្ធិពលព្យុះចំនួនបី ជាបន្តបន្ទាប់ ធ្វើឲ្យផ្ទៃមេឃ មានសភាពអាប់អួ មានភ្លៀងរលឹម និងមានខ្យល់បក់បោកខ្លាំង។
ប្រភពខាងលើ បាននិយាយឲ្យដឹងថា ព្យុះទីហ្វុងទី៣០ វាបានកើតមាននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាច្រើនថ្ងៃមកហើយ តែវានឹងមកដល់ឆ្នេរភាគត្បូងរបស់ប្រទេសវៀតណាម ក្រោយព្យុះទី៣១ ដែលនឹងកើតមាននៅយប់នេះ(៥វិច្ឆិកា)។ ព្យុះទាំងបី វាមានដំណើរស្ទើរតែតាមគន្លងដដែល ដូចជាព្យុះដែលបានកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ កាលពីពេលកន្លងមកដែរ។
លោកចាន់ យុត្ថា បានឲ្យដឹងទៀតថា ព្យុះទាំងបី ដែលបានកើតមានជាបន្តបន្ទាប់នេះ ធ្វើឲ្យឥទ្ធិពលសម្ពាធខ្ពស់ (ខ្យល់ត្រជាក់) ដែលកើតមានហើយថយចុះវិញ។ ឥទ្ធិពលព្យុះទាំងបី នឹងនាំមកនូវទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ៕ នាង/Cambodia News