វិទ្យុ​បារាំង​អន្តរជាតិបាត់​បង់​បុគ្គលិកពីររូប​​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ

អ្នកស្រី Ghislaine Dupont និង​ លោក Claude Verlon ត្រូវ​ក្រុមប្រដាប់​អាវុធ​នៅ​ម៉ាលី ចាប់​ខ្លួន​ និង​សម្លាប់​​នៅ​​ថ្ងៃ​សៅរ៍​ទី​២ វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ពេល​ដែល​​អ្នក​យក​ការណ៍​​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ទាំងពីរ ចេញ​ទៅ​បំពេញ​​បេសកកម្ម​នៅ​ក្រុង​ Kidal ប៉ែក​ខាង​ជើង​បំផុត​ប្រទេស​ម៉ាលី ក្នុង​ក្រប​ខ័ណ្ឌ​ប្រតិបត្តិការ​ពិសេស​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា ក្នុង​រដ្ឋធានី បាម៉ាកូ។ មិត្ត​រួមការងារ​របស់យើង ទើប​តែ​បាន​ជួប​សម្ភាសន៍​ជាមួយ​នឹង​​តំណាង​មេ​ឧទ្ទាម​Touareq ស្រាប់​តែ​ពីរ ​បី​ម៉ោង​ក្រោយ​ក្រុមប្រដាប់​អាវុធ​បាន​​តាម​មក​ចាប់​ពី​ផ្ទះ សំណាក់ ទៅ​​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ ដើម្បី​ប្រហារ​ជីវិត​អ្នក​ទាំងពីរ​។ Ghislaine Dupont, Claude Verlon គឺ​ជា​អ្នក​យក​ការណ៍ជើង​ចាស់​ ​ប្រកប​ដោយ​បទពិសោធន៍​ និង​មាន​ឯកទេស ព្រមទាំង​ស្គាល់​ជាពិសេស​ តំបន់​​អាហ្វ្រិក។

Ghislaine Dupont និង​ Claude Verlon អ្នកកាសែត​ដែល​មាន​ជំនក់​ចិត្ត​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន

កើត​នៅ​ខែ​មករា ឆ្នាំ ១៩៥៦ Ghislaine Dupont ជា​អ្នក​កាសែត​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ ផ្នែក​ការិយាល័យ​និពន្ធ​អន្តរជាតិ ធ្លាប់​ឆ្លង​កាត់​កុមារភាព​នៅ​អាហ្វ្រិក។ ក្រោយ​ពី​បញ្ចប់​ការសិក្សា​ Ghislaine Dupont បាន​ជ្រើសរើស​មុខ​របប​ជា​អ្នក​កាសែត ដោយ​ចាប់​ផ្តើម​ការងារ​ដំបូង​នៅ​កាសែត Ouest France -Témoignage Chrétien បន្ទាប់​មក​នៅ​ វិទ្យុ​សេរី Radion France Belfort និង​ វិទ្យុ​បារាំង​អន្តរជាតិ​ ចាប់​ពី​ឆ្នាំ​១៩៨៦​មករហូត​មកទល់​ថ្ងៃ​មរណភាព។

ជា​អ្នក​កាសែតជើង​ចាស់ ​ប្រកប​ដោយ​វិជ្ជាជីវៈ ជា​អ្នក​យកការណ៍​​ដែល​ចូល​ចិត្ត​ដល់​ផ្ទាល់​កន្លែង​កើត​ហេតុ ពិសេស​កន្លែង​ដែល​មានអសុវត្ថិភាព​បំផុត ៖ Ghislaine Dupont ធ្លាប់​ចុះ​ទៅ​ដល់​សមរភូមិ​​សង្គ្រាម​ នៅ​អង់ហ្គោឡា របស់​ក្រុម​ប្រដាប់​អាវុធ​តស៊ូ​​ដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ​ អង់ហ្កោឡា​ គាំទ្រ​ដោយ​បស្ចឹម​លោក ប្រឆាំង​នឹង​របប​ដឹកនាំ​អង់ហ្កោឡា​ ដែល​មាន​សហភាព​សូវៀត​នៅ​ពី​ក្រោយ- ទៅ​ Sierra-Léonne ដើម្បី​ពិព័ណនា​អំពី​សោកនាដ្ឋកម្ម​បង្ក​ដោយ​ក្រុម​ឧទ្ទាម។ នៅ​Rwanda Ghislaine ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ស៊ីវិល ចូល​ទៅ​គំរាម​សម្លាប់​ដល់​បន្ទប់​សណ្ឋាគារ ប៉ុន្តែ​ Ghislaine Dupont មិន​ដែល​ខ្លាច​ ឬ​រា​ថយ​ម្តង​ណា​ឡើយ !

បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ Ghislaine បាន​ទៅ យកការណ៍​មាន​វែង​ណាស់ ! យើង​អាច​រាប់​ត្រួសៗ​បន្ថែម​បាន​ខ្លះ​មានជា​អាទិ៍ ប្រទេស​ Djibouti Burundi ឬ Ethiopie ពេលកំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​ Erythrée​ ។ល។ និង​។ល។ ហើយប្រទេស​ដែល​ Ghislaine Dupont ជាប់ និង​មាន​ជំនក់​ចិត្ត ​ខ្លាំង​ជាងគេ គឺ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ គាត់​បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សរសេរ​ទាក់​ទង​នឹង​ប្រទេសនេះ។ ភាព​មុះ​មុត​ជម្នះ​និង​ជជីកចង់​ដឹង​របស់​ Ghislaine Dupont បានធ្វើ​រដ្ឋាភិបាល​គីនសាសា ខឹង​ ចេញ​គាត់​ចេញ​ពី​ប្រទេស​ផង កាលពី​ឆ្នាំ​២០០៦។

នៅ​ក្នុង​ការិយាល័យ​ធ្វើ​ការ​ នា​ក្រុង​ប៉ារីស​វិញ Ghislaine Dupont ត្រូវ​បាន​​មិត្ត​រួមការងារ រំខាន​ជា​ញឹកញាប់​ តាម​ទូរស័ព្ទ​ដៃ​ឯកជន ដើម្បី​បាន​គំនិត បាន​ព័ត៌មាន​ ព្រោះ​ Ghislaine Dupont ចូល​ចិត្ត​ចែក​រំលែក ដល់​មិត្ត​រួមការងារ​នៅ​RFI ដល់​ក្មេង​ជំនាន់ក្រោយ …
មិន​ថា​នៅ​កូដឌីវ័រ ឬ​នៅ​ម៉ាលី​ទេ ​ការ​ផ្តល់​​សេរីភាព និង​ឱកាស​​បញ្ចេញ​មតិ​ ដល់​គ្រប់ភាគី ជា​ក្តី​ប្រាថ្នា​ដ៏​ដំបង Ghislaine Dupont! ហេតុដូច្នេះ​ហើយ បាន​ជា​ គាត់​​ត្រូវ​​ទៅ​ភាគ​ខាង​ជើង​​ប្រទេសម៉ាលី ដើម្បី​តាមដាន​យកការណ៍​ទាក់ទង​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ម៉ាលី ដោយ​មាន​ Claude Verlon ជា​អ្នក​ជំនួយ​ការបច្ចេកទេស​​ក្នុង​បេសកកម្ម​នេះ។

មាន​អាយុ​៥៨​ឆ្នាំ Claude Verlon ជា​ជំហរ​ដ៏​រឹង​មាំ​​របស់​អ្នកកាសែត​​ ជាពិសេស​នៅ​ពេល​មាន​កម្មវិធី​ពិសេសៗ ចាក់​ផ្សាយ​ពេល​យប់។ ហ្មត់ចត់​ សាច់ការ គ្រប់គ្នា​ទទួល​ស្គាល់ នឹង​ដឹង​ច្បាស់​ថា​អាចទុក​ចិត្ត​លើ​​ Claude Verlon បាន​គ្រប់ពេលវេលា។ តាំង​ពី​បាន​ក្លាយ​ជា​ជា​បុគ្គលិក​របស់​RFI ភ្លាម​​ខែ​មេសា ឆ្នាំ​​១៩៨២ Claude Verlonជា​អ្នក​បច្ចេកទេស​ចុះផ្ទាល់​តាម​កន្លែង​កើត​ហេតុ និង​បាន​ចូល​​រួម​ចំណែក​បង្កើត​​ការិយាល័យ​យក​ការណ៍​របស់​វិទ្យុ​ទៀត​ផង។ ជា​ច្រើន​ឆ្នាំ​មក​នេះ ក្លូត​បាន​អម​ដំណើរ​អ្នកកាសែត​ជា​ច្រើន​ចុះ​ទៅ​បំពេញ​បេសកកម្ម​ នៅ​គ្រប់ជ្រុង​នៃ​ភពផែនដី​ ៖ លីបង់​ អាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ អាហ្វ្រិក ​…

មាន​សញ្ញាប័ត្រ​វិស្វកម្ម​ផ្នែក​សំឡេង​ និង​ជំនក់​ចិត្ត​ផ្នែក​បច្ចុប្បន្នភាព​ ក្លូត​ស្ម័គ្រ​ចិត្ត​ជានិច្ច​ចេញ​ទៅ​ កន្លែង​ដែល​មាន​ជម្លោះ មាន​វិបត្តិ មាន​សង្គ្រាម​… ជា​មនុស្ស​មិន​ចេះ​ខ្លាច តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ រៀបចំ​កាត់​ត​សំឡេង​យ៉ាង​ល្អិតល្អន់ តែ​ក៏​ពូកែ​ខាង​ដោះស្រាយ​បញ្ហា​ចៃដន្យ សម្រប​ការងារ​ទៅ​តាម​កាលៈទេសៈ ដើម្បី​ឱ្យ​ការ​ផ្សាយ​ផ្ទាល់​ ឬ​មិន​ផ្ទាល់​មាន​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន។​ ជាមួយគុណសម្បត្តិ​មនុស្សធម៌​ និង​ចំណោះ​ធ្វើ​ ក្លូត​បាន​ទទួល​ការ​គោរព​ពី​គ្រប់​អ្នក​កាសែត​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​ទាំង​មូល៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close