អាវុធគីមីរបស់ស៊ីរីត្រូវអង្គការអន្តរជាតិចូលគ្រប់គ្រងបានទាំងស្រុង
នៅមួយថ្ងៃមុនកាលកំណត់ អង្គការអន្តរជាតិដើម្បីការហាមឃាត់អាវុធគីមីបានប្រកាសឲ្យដឹង ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១តុលា ថា គេបានចូលគ្រប់គ្រង និងបិទចាក់សោរ មិនឲ្យរដ្ឋាភិបាលស៊ីរីអាចយកវត្ថុធាតុគីមី និងអាវុធគីមីទៅប្រើប្រាស់ទៀតបាន។ នេះ ជាដំណឹងវិជ្ជមានមួយ សម្រាប់សន្និសីទអន្តរជាតិទីពីរដើម្បីស្វែងរកសន្តិភាពនៅស៊ីរី ដែលត្រូវធ្វើនៅហ្សឺណែវ នៅចុងខែវិច្ឆិកានេះ។
អង្គការ ដើម្បីការហាមឃាត់អាវុធគីមី បានធ្វើការងារឲ្យសក្តិសមនឹងរង្វាន់ណូបែលសន្តិភាពដែលខ្លួនបានទទួល កាលពីដើមខែតុលានេះ។ នៅមុនពេលកំណត់ ដែលត្រូវចប់ថ្ងៃទី ១វិច្ឆិកា អង្គការនេះបានបង្ហាញថា គេបានចូលគ្រប់គ្រងបាន១០០ភាគរយលើរាល់វត្ថុធាតុគីមី ទាំងជាង ១០០០តោន និងអាវុធគីមី ២៩០តោនផ្សេងទៀតដែលរដ្ឋាភិបាលស៊ីរី មានស្តុករហូតមក។
តាមការពន្យល់របស់អ្នកនាំពាក្យ របស់អង្គការ ដើម្បីការហាមឃាត់អាវុធគីមី ដែលមានទីតាំងនៅទីក្រុងឡាអេ អំណើះតទៅ គ្រាប់បែកគីមីទាំងអស់នឹងមិនអាចចេញពីរោងចក្រផលិតអាវុធរបស់ រដ្ឋាភិបាលស៊ីរី។ សមាជិករបស់អង្គការនេះបានប្រើវិធីសាស្រ្តជាច្រើនដែលនឹងអាចរារាំង មិនឲ្យអ្នកជំនាញស៊ីរីលាយផ្សំជាតិគីមី ដើម្បីយកទៅដាក់នៅក្នុងអាវុធគីមី។ គេបានប្រើមធ្យោបាយដែលមាននៅនឹងកន្លែង ដូចជាប្រើញញួរ រណា ត្រាក់ទ័រកិនកម្ទេច បំផ្លាញសំភារៈ និងរាល់ទីតាំងផលិតអាវុធគីមី ដើម្បីធ្វើយ៉ាងណាកុំឲ្យគេអាចយកទៅប្រើការជាថ្មីបានទៀត។ ក្នុងចំណោមទីតាំងផលិតអាវុធគីមីទាំង២៣ដែលរដ្ឋាភិបាលស៊ីរីបាន បង្ហាញប្រាប់ អង្គការអន្តរជាតិបានបិទចាក់សោរដែលគេមិនអាចគាស់បាន ឬក៏ត្រូវបំផ្លាញ បានចំនួន ២១ ទីតាំង នៅពេលដែលទីតាំងពីរទៀត ត្រូវគេរាយការណ៍ថា មានគ្រោះថ្នាក់ និងគ្មានអាវុធគីមីសំខាន់ទៀតឡើយ។
យោងតាមអ្នកនាំពាក្យរបស់អង្គការដើម្បីការហាមឃាត់អាវុធគីមី ពីពេលនេះ ដល់ថ្ងៃទី ១៥វិច្ឆិកា អង្គការត្រូវរៀបចំបង្កើតផែនការមួយដើម្បីបំផ្លាញ អាវុធគីមី ឬក៏ត្រូវបន្សាបឲ្យអស់ប្រសិទ្ធិភាព នៅស៊ីរី។ ប្រតិបត្តិ ការបំផ្លាញទាំងស្រុង នឹងចាប់ផ្តើមពីពាក់កណ្តាលខែវិច្ឆិកា រហូតដល់ថ្ងៃទី ៣០មិថុនា ឆ្នាំ ២០១៤។ ពោលគឺចាប់ពីខែមិថុនាឆ្នាំក្រោយទៅ អាវុធគីមីនឹងលែងមានតទៅទៀតហើយ នៅក្នុងប្រទេសស៊ីរី៕ដោយ ឈាង បុប្ផា (RFI)