CPP មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួម កិច្ចចរចាលើកទី៣
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែវិច្ចការ នេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា គណបក្សកាន់អំណាចនេះ មិនគាំទ្រឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ រវាងគណបក្សទាំងពីរ ក្នុងការដោះស្រាយវិបត្តិនយោបាយឡើយ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការមិនគាំទ្រនេះ ដោយយល់ឃើញថា កិច្ចចរចាផ្នែកនយោបាយ ដើម្បីទម្លុះភាពជាប់គាំងនយោបាយ រវាងគណបក្សទាំងពីរ គឺមានការពិភាក្សាកិច្ចការផ្ទៃក្នុងមួយចំនួន ដែលត្រូវលាក់បាំង ដូចជា បញ្ហាសន្តិសុខជាតិជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា ការបដិសេធបើកចំហរកិច្ចចរចានេះ គឺជាលេសមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីគេចវេសការចរចា ដែលប្រកបដោយតម្លាភាព និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
កាលពីម្សិលមិញនេះ លោក សម រង្ស៊ី បានថ្លែងថា គណបក្សសង្គ្រោះជាតិស្នើឲ្យមានអ្នកសារព័ត៌មាន និងភាគីកណ្តាលចូលរួម ក្នុងគោលបំណងកុំឲ្យគណបក្សទាំងពីរ បកស្រាយខុសគ្នាពីអ្វីដែលបានព្រមព្រៀងនាំឲ្យការផ្សាយព័ត៌មានខុស ពីគំនិតដើមរបស់ភាគី ដើម្បីឲ្យលទ្ធផលនៃការចរចាអាចទទួលបានផ្លែផ្កា និងមានសង្ឃឹមច្រើន៕ Cambodia News