ពៅ បញ្ញាពេជ្រ រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ពេលចេញច្រៀងដំបូង
ភ្នំពេញ ៖ ក្រោយពីធ្លាក់ខ្លួនពិការអង្គុយតែលើរទេះរុញអស់រយៈពេលជាង១០ឆ្នាំ មកនេះ តារាចម្រៀងពៅ បញ្ញាពេជ្រ បានចូលរួមច្រៀងជាថ្មីក្នុងកម្មវិធីសប្បុរសធម៌មួយរៀបចំនៅសាកល វិទ្យាល័យបញ្ញាសាស្ត្រនៃរាជធានីភ្នំពេញកាលពីពេល ថ្មីៗនេះ ។
ក្នុង ឱកាសនោះពៅ បញ្ញាពេជ្រ បានទទួលការគាំទ្រពីប្រិយមិត្តទស្សនិកជនមិននឹកស្មានដល់ ក្នុងនោះអតីតតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏បានទទួលប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារពីសប្បុរសជនដែលចូលទស្សនា ផងដែរ ។
ពៅ បញ្ញាពេជ្រ បានបង្ហើរសំនៀងរបស់ខ្លួនចំនួន៣បទសម្រាប់អ្នកទស្សនា បើទោះបីជាការច្រៀងរបស់នាងបានត្រឹមអង្គុយមួយកន្លែងនៅលើសាឡុងក៏ ដោយ ។ អ្នកទស្សនាបានទះដៃស្រែកហ៊ោអបអរកងរំពងក្នុងពេលដែលនាងបញ្ចប់ការ ច្រៀង មួយ បទៗដើម្បីបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តដល់តារាចម្រៀងម្នាក់នេះ ធ្វើឱ្យនាងភ្ញាក់ផ្អើល និងរំភើបចិត្តស្ទើរទប់ទឹកភ្នែកមិនបាន ។
កម្មវិធីដែល ពៅ បញ្ញាពេជ្រ ចូលរួមនាពេលនោះគឺជាកម្មវិធីប្រគំតន្ត្រីដើម្បីស្វែងរកជំនួយ សម្រាប់ឧបត្ថម្ភដល់កុមារកំព្រានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងពេលនោះអ្នករៀបចំកម្មវិធីបានរៀបចំហិបមួយសម្រាប់ ឱ្យសប្បុរសជនដែលចូលទស្សនាដោយផ្ទាល់ជួយឧបត្ថម្ភដល់ ពៅ បញ្ញាពេជ្រ ផងដែរ ។
ប្រាប់កោះសន្តិភាពនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ថា
កញ្ញាពៅ បញ្ញាពេជ្រ បានអះអាង ថា ប្រាក់ដែលនាងបានទទួលពីសប្បុរសជនជួយឧបត្ថម្ភដល់រូបនាងនាពេលនោះ ចំនួន៥០០ដុល្លារ ។ ប្រាក់នោះគឺបានមកពីសប្បុរសជននានាដែលបានចូលរួមនៅក្នុងកម្មវិធី ដោយក្នុងនោះក៏មានការជួយឧបត្ថម្ភពីអ្នកសិល្បៈផងដែរ ខណៈពេលនាង ឌួង ហ្សូរីដា ជួយឧបត្ថម្ភសម្លៀកបំពាក់ ។ ពៅ បញ្ញាពេជ្រ និយាយថា «ការចូលរួមច្រៀងនៅក្នុងកម្មវិធីនោះធ្វើឱ្យនាងខ្ញុំរំភើបចិត្ត ស្ទើរទប់ទឹកភ្នែកមិនបាន នៅពេលដែលឃើញទស្សនិកជនជាច្រើននាំគ្នាស្វាគមន៍គាំទ្រ និងលើកទឹកចិត្តដល់រូបនាងខ្ញុំ» ។
ដោយសារតែ បញ្ញាពេជ្រ សប្បាយចិត្តពេលឃើញមានអ្នកគាំទ្រនេះ ទើបនាងខិតខំបង្ហើរសំនៀងបានចំនួន៣បទសម្រាប់អ្នកទស្សនា បើទោះបីជានាងហត់បន្តិចក៏ដោយ ។ នាងជឿថា ការលើកទឹកចិត្ត និងការសប្បាយរីករាយនេះគឺជាកត្តាមួយដ៏សំខាន់ដែលធ្វើឱ្យជំងឺ ដ៏រ៉ាំរ៉ៃរបស់នាងបានស្បើយបន្តិច ។ ការចេញច្រៀងបែបនេះ រូបនាងនឹងនៅតែបន្តធ្វើ ប្រសិនបើមានការអញ្ជើញ និងអាស្រ័យលើសុខភាពរបស់នាងដែរ ។
តារាចម្រៀងដែលជាចៅរបស់លោក ពៅ ស៊ីផូ ជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងឆ្នើមជំនាន់លោក ស៊ីន ស៊ីសាមុត រូបនេះ នៅតែបន្តអំពាវនាវរកការជួយឧបត្ថម្ភពីសប្បុរសជននានា សម្រាប់ការព្យាបាលជំងឺរបស់នាងនាពេលនេះដែលត្រូវប្រើរយៈពេលយូរទៀត ។
ពៅ បញ្ញាពេជ្រ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលបលួចបាញ់រូបនាងកាលពី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ វេលាម៉ោង៦និង២០នាទីព្រឹក នៅមុខសាលាភាសាបរទេសមួយក្បែររបងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បណ្តាលឱ្យរងរបួសធ្ងន់ ហើយធ្លាក់ខ្លួនពិការដើរមិនរួចរហូតដល់សព្វថ្ងៃ ៕ ស.រ/Cambodia News