លោក ​នួន ​ជា ​ប្រាប់​តុលា​ការ​ថា ​ខ្លួន​មិន​មាន​ទោស​អ្វី​ដូច​ការ​ចោទ​ប្រកាន់​

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៣ ​​ ជនជាប់ចោទ លោក នួន ជា បាន​ប្រាប់​អង្គ​សវន​ការ​ថា លោក​មិន​មាន​ទោស​អ្វី ដូច​ការចោទប្រកាន់​ទេ ហើយ​សហ​ព្រះរាជអាជ្ញា មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ដាក់បន្ទុក​លើ​រូបលោក​។

​​អតីត​អនុ​លេខា​បក្ស​កុ​ម្មុយ​នី​ស្ដ​កម្ពុជា លោក នួន ជា មាន​ពេលវេលា​ចំនួន​១​ម៉ោង និង​៣០​នាទី សម្រាប់​ការ​ថ្លែង​សេចក្តីសន្និដ្ឋាន​បញ្ចប់ ក្នុង​សំណុំរឿង​០០២/០១​។ លោក នួន ជា ថ្លែង​បែប​នេះ បន្ទាប់​ពី​សហ​ព្រះរាជអាជ្ញា ចង់​ឲ្យ​តុលាការ ដាក់ទោស​រូបលោក ឲ្យ​ជាប់​ពន្ធនាគារ​មួយជីវិ​ត​។​

លោកនួន ជា អតីត​អនុ​លេខា​បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា (រូបថតពីគេហទំព័រ UN)
លោកនួន ជា អតីត​អនុ​លេខា​បក្ស​កុ​ម្មុយ​នី​ស​កម្ពុជា (រូបថតពីគេហទំព័រ UN)

​​លោក​បន្តថា ចំណុច​​សង្ស័យ​ជាច្រើន​ទាក់ទង​នឹង​ភ័ស្តុតាង គឹ​មិនទាន់​បាន​លាតត្រដាង​ឲ្យបាន​ច្បាស់លាស់​នៅ​ចំពោះមុខ​តុលាការ ដូច​ជា​ឯកសារ​ដើម និង​សក្ខីកម្ម​នៃ​សាក្សី​សំខាន់ៗ ដែល​​ជួយ​ដល់​រូបលោក​។

​លោក នួន ជា ថ្លែង​ទៀត​ថា លោក មិនមាន​អំណាច​អ្វី និង​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទល្មើស ដែល​កើត​មានឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​។ លោក​បន្ត​ថា លោក មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ដែល​ដើរតួ​ជា​អ្នក​ឃោសនា អប់រំ​អំពី​គោលនយោបាយ​បក្ស​នៅក្នុង​ជួរ​សមាជិក​បក្ស​។ ​​

លោក នួន ជា ជា​អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ ចំណែក លោក ខៀវ សំផន ជា​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេ​យ្យ​។ ជនជាប់ចោទ​ទាំង ២​រូប ត្រូវ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​លើ​ជនជាតិ​ចាម និង​វៀតណាម​៕ Cambodia News

Related Articles

Back to top button
Close
Close