អំពើហិង្សាដោយអាស៊ីដចាប់ពីឆ្នាំ២០០៩ដល់ ២០១២កើតមាន ៣៥ករណី
ភ្នំពេញ: នៅថ្ងៃទី២៥ មិថុនា ២០១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញផ្សាយនូវ«ផែនទី ស្ដីពី អំពើហិង្សាដោយអាស៊ីដ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២»។ ករណីអំពើហិង្សាដោយអាស៊ីដ ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា រវាងឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១២ មានចំនួន ៣៥ ករណី និងមានអ្នករងគ្រោះ ៥៩ នាក់ជាស្ដ្រីចំនួន ៣៤នាក់ និងជាបុរសចំនួន ២៣នាក់។
តាមសេចក្តីប្រកាសបានលើកឡើងថា មានចំនួនច្រើនជាងពាក់កណ្ដាល នៃករណី ដែលបានបង្ហាញក្នុងការសិក្សានេះ កើតឡើងនៅរាជធានីភ្នំពេញ ៥៤,២៨ភាគរយ ហើយដែលចំនួនមួយភាគបួនបានកើតឡើង នៅក្នុងខេត្តកំពង់ចាម ២២,៨៦ភាគរយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងនូវសេចក្ដីរីករាយ ដែលអង្គការជួយជនរងគ្រោះនៅកម្ពុជា ដោយសារអាស៊ីដ ដែលផ្ដល់នូវស្ថិតិ នៃចំនួនករណីវាយប្រហារ ដែលពួកគេ បានកត់ត្រា ក្នុងអំឡុងពេលនេះ ដែលចំនួននោះ លើសចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលបានកត់ត្រា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ចំនួនស្ថិតិនេះ ត្រូវបានបង្ហាញជាក្រាហ្វិក និងធ្វើការប្រៀបធៀបជាមួយចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលកត់ត្រាដោយ ម.ស.ម.ក ពីមួយឆ្នាំទៅមួយឆ្នាំ។ ករណីទាំងនេះ មិនត្រូវបានបញ្ចូលទៅក្នុងផែនទីដោយសារតែគ្មានទិន្នន័យពីករណីសិក្សា ដែលអមជាមួយករណីអំពើហិង្សាដោយអាស៊ីដ។
កញ្ញា សន រ៉ាមណា មន្ត្រីសម្របសម្រួលគម្រោងស្រាវជ្រាវ និងតស៊ូមតិ ដើម្បីបញ្ចប់អំពើហិង្សា ដោយអាស៊ីដនៅកម្ពុជា បាននិយាយថា «វប្បធម៌នៃភាពស្ងៀមស្ងាត់ ជុំវិញអំពើហិង្សាដោយអាស៊ីដ ត្រូវតែលុបបំបាត់ ដើម្បីធានាថា ជនរងគ្រោះនៃអំពើហិង្សាដោយអាស៊ីដ អាចទទួលការព្យាបាលដែលពួកគេត្រូវការ និងទទួបានការគោរពដែលពួកគេគួរតែទទួលបាន និងដើម្បីធានាថា ជនល្មើសនៃអំពើដ៏ឃោរឃៅនេះ ត្រូវបាននាំយកមកកាត់ទោស”»។
កញ្ញា សន រ៉ាមណា បន្តថា ការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះនឹងអាចលើកកម្ពស់ការយល់ដឹងស្ដីពីបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាចរួមចំណែកផ្លាស់ប្ដូរគំនិតរបស់សាធារណជន ចំពោះជនរងគ្រោះដោយសារអាស៊ីដ ដើម្បីឲ្យពួកគេអាចមានទឹកចិត្តហ៊ានរាយការណ៍ពីបទល្មើសដែល ពួកគេជួបប្រទះ ហើយធ្វើឲ្យអ្នកដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ត្រូវតែយកមកវិនិច្ឆ័យទោស និងផ្ដន្ទាទោស៕