ប៉ូលិសនិងកូដករបង់ក្លាដែសប៉ះទង្គិចគ្នានៅថ្ងៃចុងក្រោយនៃកូដកម្ម
ថ្ងៃអង្គារនេះ ជាថ្ងៃបញ្ចប់កូដកម្ម នៅបង់ក្លាដែស។ កូដកម្មនេះផ្តួចផ្តើមដោយគណបក្សប្រឆាំង ក្នុងទិសដៅទាមទារអោយនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែង។ ប៉ូលិសបានអន្តរាគមន៍ ដោយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងធ្វើពីកៅស៊ូទៅលើក្រុមកូដករ។ តាំងពីថ្ងៃសុក្រមក ការប៉ះទង្គិចរវាងប៉ូលិសនិងក្រុមអ្នកតវ៉ា បានបណ្តាលអោយមនុស្សស្លាប់យ៉ាងហោច១៦នាក់។
ក្នុងថ្ងៃចុងក្រោយនៃកូដកម្មទូទៅនៅបង់ក្លាដែស ក្រុមអ្នកតវ៉ាបានចោលគ្រឿងផ្ទុះទៅលើក្រុមប៉ូលិស ធ្វើអោយប៉ូលិសម្នាក់រងរបួសធ្ងន់។ ប្រជាជនបង់ក្លាដែសបាតុកម្មទាមទារអោយនាយករដ្ឋមន្ត្រី Sheikh Hasina ចុះចេញពីតំណែង តាំងតែពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ។ ហើយតាំងពីថ្ងៃអាទិត្យមក ពួកគេបានធ្វើកូដកម្មមួយ បន្តពីបាតុកម្មនេះ។ គណបក្សជាតិបង់ក្លាដែស ដែលជាបក្សប្រឆាំង និងសម្ព័ន្ធមិត្តអ៊ីស្លាមរបស់ខ្លួនបានអំពាវនាវអោយមានបាតុកម្មនិង កូដកម្មទាំងនេះ។
លោកស្រីអតីតនាយករដ្ឋមន្ត្រី Khaleda Zia ជាមេដឹកនាំបក្សប្រឆាំង។ លោកស្រីទាមទារអោយលោកស្រីនាយករដ្ឋមន្ត្រី ហាស៊ីណា ចុះពីតំណែង មុនការបោះឆ្នោត ខែមករា ឆ្នាំ២០១៤ខាងមុខ។ បក្សប្រឆាំងចង់អោយមានរដ្ឋាភិបាលបណ្តោះអាសន្នអព្យាក្រិតមួយ ដើម្បីត្រួតពិនិត្យការបោះឆ្នោត។ កាលពីល្ងាចថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រី ហាស៊ីណា និងមេដឹកនាំបក្សប្រឆាំង បានជជែកគ្នាតាមទូរសព្ទរកដំណោះស្រាយ តែការពិភាក្សាត្រូវបរាជ័យ។ មេដឹកនាំបក្សប្រឆាំងបដិសេធលុបចោលកូដកម្មទូទៅ រីឯនាយករដ្ឋមន្ត្រីបដិសេធសំណើរដ្ឋាភិបាលបណ្តោះអាសន្ន។ នាយករដ្ឋមន្ត្រីបង់ក្លាដែសបានស្នើទៅបក្សប្រឆាំងវិញ នូវសមាសភាពរដ្ឋាភិបាលដែលមានគ្រប់គណបក្សនយោបាយចូលរួម តែស្ថិតក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រី។ បក្សប្រឆាំងបានទាត់ចោលសំណើនេះទាំងស្រុង។
កន្លងមក បក្សកាន់អំណាច Ligue Awami របស់នាយករដ្ឋមន្ត្រីហាស៊ីណា បានជំទាស់សំណូមពរបក្សប្រឆាំងដែលចង់អោយមានរដ្ឋាភិបាលបណ្តោះ អាសន្ន ធ្វើជាអ្នករៀបចំការបោះឆ្នោត។ បក្សប្រឆាំងបានស្នើបែបនេះដោយផ្អែកលើអត្ថបទច្បាប់មួយ។ ប៉ុន្តែ កាលពីឆ្នាំ២០១១ បក្សកាន់អំណាចបានលុបចោលអត្ថបទច្បាប់នេះ ដោយចាត់តាំងគណៈកម្មការបោះឆ្នោត អោយធ្វើជាអ្នករៀបចំការបោះឆ្នោតវិញ។
ស្ថានភាពនយោបាយអាចតានតឹងខ្លាំងជាងនេះទៀត ព្រោះថា ថ្ងៃពុធស្អែកនេះ តុលាការក្រុងដាកាត្រូវប្រកាសសាលក្រមទាក់ទងទាហាន៨២៣នាក់ ជាប់ចោទពីបទចូលរួមធ្វើការបះបោរ បន្ទាប់ពីលោកស្រីហាស៊ីណាឡើងកាន់អំណាច ក្នុងឆ្នាំ ២០០៩។ ទាហានទាំងនោះប្រហែលអាចនឹងជាប់ទោសប្រហារជីវិត ទៀតផង៕ដោយ ព្រំ សឿន សូលីណា (RFI)