បុរស​វៀតណាមម្នាក់​ទទួលទោស​ជាប់ឃុំ​ក្នុងផ្ទះ​១៥ខែ​ ​ពីបទ​ចុះផ្សាយ​ការរិះគន់​រដ្ឋាភិបាល​ក្នុង​ហ្វេសប៊ុក​

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ តុលាការ​វៀតណាម​បាន​សំរេច​ដាក់ទោស​បុរស​វៀតណាម​ម្នាក់ ឈ្មោះ​ Dinh Nhat Uy ឌិន ញ៉ាត់វុយ អោយ​ជាប់ឃុំនៅ​ក្នុង​ផ្ទះខ្លួន​រយៈពេល​​​១៥ខែ ដោយ​ស្ថិត​ក្រោមការ​ឃ្លាំមើល។ បុរស​នេះ​ជាប់ចោទពី​បទ​ចុះផ្សាយ​អត្ថបទ​ស្តី​ពី​ការ​​​រិះគន់ប្រឆាំង​​ រដ្ឋាភិបាល​វៀតណាម​ ​លើ​គេហទំព័រ​ហ្វេសប៊ុក។​ ការដាក់ទោស​របស់​តុលាការ​វៀតណាម​ត្រូវ​គេ​ចាត់ទុក​ថា ជា​ការរំលោភ​លើ​លទ្ធិ​ប្រជាធិប តេយ្យ​ ដើម្បី​​ជា​ប្រយោជន៍​របស់​រដ្ឋ។

Dinh Nhat Uy អាយុ​៣០ឆ្នាំ ​ត្រូវ​បាន​តុលាការខេត្ត​ Long An ​វៀតណាម ​កាត់ទោស​អោយ​ជាប់ឃុំ​ក្នុង​គេហដ្ឋាន​ខ្លួន​រយៈពេល​១ឆ្នាំ​៤ខែ ដោយ​មានការ​ឃ្លាំមើល​ពី​អាជ្ញាធរ។ ហើយ​រយៈពេល​នេះ​ជាប់ឃុំ​​ក្នុង​ផ្ទះ​​ក្រោមការ​ឃ្លាំមើលនេះ អាច​នឹង​បន្ត​ថែមដល់​​មួយឆ្នាំ​ទៀត។

មូលហេតុ​ គឺ​មកពី​គាត់បាន​ចុះផ្សាយ​​ខ្លឹមសារ​រិះគន់​រដ្ឋាភិបាល​វៀតណាម ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។ លោក វុយ ជាប់ចោទ​ពី​បទ​ចុះផ្សាយ​ព័ត៌មាន​ភូតកុហក​ ស្តី​ពី​រដ្ឋវៀតណាម។ លោក​​ជា​សកម្មជន​ទីមួយ​ ដែល​ជាប់ចោទ​​តាម​ផ្លូវច្បាប់​វៀតណាម ដោយសារ​តែ​បាន​​ចុះផ្សាយ​​​ការរិះគន់​​​រដ្ឋាភិបាល ​ក្នុង​បណ្តាញសង្គម​ហ្វេសប៊ុក។

បុរស​រូបនេះ​ធ្លាប់​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោមចំណងជើង​ថា៖ សមាជិក​គណបក្ស​ទាំងនេះ​បាន​ទទួល​ស្គាល់​ការពិត។ អត្ថបទ​នេះ​បង្ហាញ​ពី​​​មន្ត្រីជាន់ខ្ពស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ពីរ​ រូប​ ដែល​បាន​​ជជែកគ្នា​ ក្នុង​សំដី​សំដៅ​បែប​ប្រមាថ​លើ​នយោបាយ​ថ្នាក់ដឹកនាំ​ប្រទេស។ ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក មនុស្ស​ជាច្រើន​បាន​អាន​អត្ថបទនេះ ហើយ​បាន​ចែកផ្សាយ​តៗគ្នា ព្រមទាំង​មាន​សរសេរ​អត្ថាធិប្បាយ​​លើ​អត្ថបទ​ផងដែរ។ អញ្ចឹង​មានន័យថា ពួកគេ​ទាំងនោះ​ក៏បាន​រិះគន់​រដ្ឋាភិបាល​ផងដែរ។

ការចោទ​ប្រកាន់​លោកវុយ គឺ​ស្រប​តាម​ក្រមព្រហ្មទណ្ឌ​វៀតណាម​ មាត្រា​២៥៨។ តាមច្បាប់​វៀតណាម លោកវុយ​ ​អាច​ទោស​ជាប់ពន្ធនាគារ​រហូត​ដល់ទៅ​៧ឆ្នាំឯណោះ។ អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch បានទាមទារ​អោយ​មានការ​ដោះលែង​លោកវុយ ជា​បន្ទាន់។ យោងតាម​អង្គការ​ Human Rights Watch នៅដើមឆ្នាំ​២០១៣នេះ មាន​មនុស្ស​យ៉ាងហោច​៦១នាក់ បាន​ជាប់ទោស​ពី​បទធ្វើ​សកម្មភាព​​​​ប្រឆាំង​​​រដ្ឋអំណាច​វៀតណាម​។ ចំនួន​នេះ​មានត្រឹម​តែ​៤០នាក់​ប៉ុណ្ណោះ កាលពី​ឆ្នាំ​២០១២។

នីតិវិធី​តុលាការ​ ដាក់ទោស​អោយ​ជាប់ឃុំ​ក្នុង​ផ្ទះ​នេះ គឺ​ជានិតិវិធី​មួយ​ទូទៅ​ទៅហើយ នៅ​វៀតណាម។ វៀតណាម​ទើបតែ​បាន​បង្កើត​ច្បាប់ថ្មី​មួយ​​ហាមឃាត់​​មិនអោយ​គេ​​ផ្សាយ​បន្ត ក្នុង​​បណ្តាញសង្គម​ដូចជា Facebook Twitter Blog​​ នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​នានា ដែល​ទីភ្នាក់ងារ​ព័ត៌មាន ឬ​វិបសៃតិ៍​ព័ត៌មាន​របស់​រដ្ឋ​បាន​ចុះផ្សាយ​រួចហើយ​៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close