រុស្ស៊ី​រឹត​បន្តឹង​ច្បាប់​ប្រឆាំង​ភេរវនិយម​

ច្បាប់ថ្មី​នេះ ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី​ពូទីន​ផ្ទាល់ ទើបត្រូវបាន​អនុម័ត​ដោយ​សភា​ឌូម៉ា ដែលជា​សភា​ជាន់ក្រោម នៃ​រដ្ឋសភា​រុស្ស៊ី។ ខ្លឹមសារវា​គឺ​នៅត្រង់ បង្កើន​ទណ្ឌកម្ម ហើយ​​ប្រមើល​ជាអាទ៏​ឲ្យគ្រួសារ​ពួកភេរវករ ជា​អ្នក​បង់ថ្លៃ​ខូចខាត​ដែល​បណ្តាល​មកពី​ទង្វើ​ភេរវកម្ម​នោះ។

មូលហេតុ​នៃ​ការ​លេចចេញមក​ជា​វិសោធកម្ម​ថ្មី​បន្ថែម ទៅលើ​ក្រមព្រហ្មទណ្ឌ​សព្វថ្ងៃ គឺ​ដំណក់​ចុងក្រោយ​នាំឲ្យ​អាជ្ញាធរ​រុស្ស៊ី​ទ្រាំ​លែងបាន បណ្តាល​មកពី​ប៉ុន្មានថ្ងៃ​មុន ក្នុង​ទីរួមខេត្ត Volgograd ​អតីត​ក្រុង Stalingrad នៅចម្ងាយ ១.០៧០គ.ម.ខាងត្បូង​ពី​រដ្ឋធានី​ម៉ូស្គូ ស្ត្រីភេរវករ​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​ជាប់នឹងខ្លួន ក្នុង​រថយន្តBus សម្លាប់​មិនគ្រាន់​តែខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ក៏ទាំង​អ្នកដំណើរ​៦នាក់ និង​បណ្តាល​ឲ្យរបួស​អស់​៤០នាក់​ទៀត។

ចំពោះ​គ្រួសារ​អ្នកស្លាប់​ម្នាក់ៗ រដ្ឋ​បាន​បង់ប្រាក់​ជា​ជំនួយឧបត្ថម្ភ គឺ១.០០០.០០០០រូប្ល ស្មើនឹង​៣ម៉ឺន២ពាន់​ដុល្លារ​អាមេរិក ចំពោះ​អ្នក​របួសធ្ងន់ ប្រាក់ឧបត្ថម្ភនេះ គឺ៤០០.០០០រូប្ល ឫ​ស្មើនឹង ១ម៉ឺន២ពាន់៥រយ​ដុល្លារ ហើយចំពោះ​អ្នករបួសស្រាល គឺ ១០០.០០០រូប្ល ស្មើនឹង​៣.២០០ដុល្លារ។

ចាប់ពី​អំណើះ​តទៅ ប្រាក់ឧបត្ថម្ភ​ដែល​ត្រូវការ​ជាចាំបាច់​សម្រាប់​ផ្តល់​អ្នក​រងគ្រោះ​ដោយ​ មកពី អំពើភេ​រវកម្ម គឺ​នឹងកាត់យក​ពី​ញាតិសាលោហិត របស់​អ្នកដែល​ជាប់ពិរុទ្ធ​ក្នុង​ឧក្រិដ្ឋកម្ម​នេះ មិនថា​ជា​សាច់ឈាម​បង្កើត​របស់​ភេរវជន ឬ​ក៏​គ្រាន់តែជា​សាច់ញាតិ​ធម្មតា​ប៉ុណ្ណោះទេ។ ប៉ុន្តែ ច្បាប់​លំអិត​ថា មុនដំបូង តម្រូវឲ្យ​ធ្វើអង្កេត​ដែល​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែលនឹង​ត្រូវ​រដ្ឋកាត់យក​នោះ ពិតជា​កម្មសិទ្ធិ​របស់​សាច់ញាតិ​ដែលទាក់ទង​នឹង​សាច់រឿង​នេះ ហើយវា​មាន​ចំណង​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​មែន។

ច្បាប់ថ្មី​ក៏ប្រមើល​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ពី៥​ទៅ​១០ឆ្នាំ រាល់នរណា​ដែលបាន​ទទួល​ការហ្វឹកហាត់​ដើម្បី​ប្រព្រឹត្ត​អំពើ​ភេរវកម្ម ព្រមទាំង​អ្នកណា​ដែលមាន​ចំណង​ជាប់​ទៅនឹង​អង្គការ​នៃ​បណ្តាញ​ភេរវនិយម។ ប៉ុន្តែ​ទន្ទឹមនេះ រាល់​អ្នកណា​ដែល​ចេះ​ភ្ញាក់រលឹក ហើយ​ចាកចេញពី​អង្គការ​បែបនេះ​ដោយ​ស្ម័គ្រចិត្ត និង​ដែល​មិនធ្លាប់​ប្រព្រឹត្ត​បទល្មើស​អ្វីណា គឺ​នឹង​ពុំត្រូវ​តាមដាន តាម​ផ្លូវ​តុលាការ​ឡើយ។

សម្រាប់​ពួក​អ្នកការពារ​សិទ្ធិមនុស្ស ច្បាប់ថ្មី​នេះ​មាន​លក្ខណៈ​ធូររលុង ងាយ​បកស្រាយ​ដោយ​អាជ្ញាធរ ដើម្បី​ធ្វើ​សរសៃ​ជនណា​ដែល​ជាប់​សង្ស័យ ដូចដែល​កំពុង​កើតមាន ជា​ញឹកញយ​ស្រាប់ នៅឯ​តំបន់​ភ្នំ​កូកាស​ ប៉ែក​ខាងត្បូង​សហព័ន្ធ​រុស្ស៊ី៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close