អង្គការ​​សហប្រជាជាតិ​​បារម្ភ​ខ្លាច​​អាចម៍ផ្កាយ​​ប៉ះទង្គិច​​​ផែនដី​​

អង្គការ​សហប្រជាជាតិ​មិនបាន​មើល​រំលង​ពី​ លទ្ធភាព​ដែល​​អាចម៍ផ្កាយ​​ អាច​ហោះ​មក​ប៉ះទង្គិច​​ភពផែនដី យើងនោះឡើយ។ ក្នុង​សប្តាហ៍​នេះ អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​វិធានការ​ជាច្រើន​​សំរេច​អោយ​មាន​ កិច្ចសហប្រតិបត្តិការ​ជាអន្តរជាតិ​ ដើម្បី​ចាប់យក​ពី​វត្តមាន​អាចម៍ផ្កាយ។​ អ្នកតារាសាស្ត្រ​ និង​អ្នក​តារារូប និយម​​នានា​បានជួបជុំគ្នា​ នៅ​ក្រុងញូវយក​ ដើម្បី​អបអរ​ការសំរេច​របស់​អង្គការ​សហប្រជាជាតិ។

ប្រសិន​បើ​​យើង​ហាក់​មិនបានព្រួយបារម្ភ​ថា​ នឹង​មាន​ការ​ប៉ះទង្គិច​រវាង​អាចម៍​ផ្កាយ​ជាមួយ​ភពផែនដី​យើង នោះទេ អង្គការ​សហប្រជាជាតិ​បានចាត់ទុក​ថា​ ការប៉ះទង្គិចនេះ​គឺ​ជា​រឿង​មិនអាច​មើលស្រាល​បានឡើយ ។ ​ក្នុង​សប្តាហ៍​​នេះ​ អង្គការ​សហប្រជាជាតិ​បាន​សំរេច​អោយ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​បែបផែន​ អន្តរ ជាតិ ដើម្បី​ចាប់យក​ពីវត្តមាន​​​អាចម៍ផ្កាយ។

គួរបញ្ជាក់ថា អង្គការ​ណាសា បាន​តាមដាន​ពិនិត្យ​អាចម៍ផ្កាយ​ធំៗ​ប្រមាណ​១៤០០ ប៉ុន្តែ​អាចម៍​ផ្កាយ​​​ទំហំ​តូចៗ មិនត្រូវ​បាន​គេកត់ត្រា​​ក្នុងបញ្ជី​នោះ​ទេ។ លោក Rusty​ Schweickart ជា​អតីត​អ្នកតារា​និយម​មួយរូប បាន​ប្រាប់ថា អាចម៍​ផ្កាយ​តូចៗ​ក៏អាច​បង្កគ្រោះថា្នក់​បាន​ដែរ។ ​អាចម៍​ផ្កាយ​​មាន​ទំហំ​ចាប់ពី​៣០ម៉ែត្រ​​នៃវិជ្ឈមាត្រទៅ​ អាចបង្ក​គ្រោះថា្នក់បាន។ ការប៉ះទង្គិច​រវាង​អាចម៍​ផ្កាយ​ជាមួយ​ភពផែនដី មាន​រៀងរាល់​២៥០ឆ្នាំ រឺ​រាល់​៣០០ឆ្នាំ​ម្តង។ កាលពី​ឆ្នាំ​១៩០៨ រុស្ស៊ី​ធ្លាប់​រងការប៉ះទង្គិច​​បែប​នេះ​ម្តងមកហើយ ដែលកាល ណោះ ព្រៃទំហំ​​២០០០គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​អាចម៍ផ្កាយ​បំផ្លាញខ្ទេចខ្ទាំ។

អ្នកវិទ្យាសាស្ត្រ​​​​នានា​រំពឹងថា អាចម៍ផ្កាយ​​​ដែលអាច​បំផ្លាញក្រុង​ផ្សេងៗ​ដូចជា​ ក្រុងញូវយក​ សហរដ្ឋ អាមេរិក​នោះ អាច​មានចំនួន​ដល់ទៅ​មួយលាន​ឯណោះ។ អង្គការ​សហប្រជាជាតិ​បាន​បង្កើតក្រុមការងារ​មួយ​ ដើម្បី​ពង្រឹង​ការ​ចាប់យក​វត្តមាន​អាចម៍ផ្កាយ​អោយ​កាន់តែ​ប្រសើរឡើង។ យោងតាម​អង្គការ​សហ ប្រជាជាតិ យើងអាច​​ដឹង​​​បាន​ ១០ឆ្នាំ​ ទៅ​១៥ឆ្នាំ​​មុន​​​ ថា​នឹង​មាន​ហេតុការណ៍​ប៉ះទង្គិចរវាង​អាចម៍​ផ្កាយ​ជាមួយ​ផែនដី។ ដូច្នេះ​ ជាមួយ​នឹង​ឧបករណ៍​ដែល​មាន​រួចមកហើយ អ្នកវិទ្យាសាស្ត្រ​អាច​​នឹង​​​ខិត​ទៅ​ជីត​អាចម៍ផ្កាយ​ និង​ផ្ទៀងផ្ទាត់​ពី​ដំណើរចរណ៍​របស់​វា​ ហើយ​អាច​បង្វែរ​ល្បឿន​អាចម៍​ផ្កាយ​នោះ​​​ ដើម្បី​អោយ​វា​ចៀស​ប៉ះ​ទង្គិច​ផែនដី នៅ​១៥ឆ្នាំ​ក្រោយ។ ពោល​គឺ​អោយវា​ហោះ​មក​ប្រកៀក​ក្បែរ​ផែនដី​យើង​ប៉ុណ្ណោះ ដោយ​គ្មាន​ការ​ទង្គិច។

គួររំលឹក​ថា កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ​ អាចម៍​ផ្កាយ​តូចមួយ​ទំហំ​ត្រឹម​២០ម៉ែត្រ​នៃវិជ្ឈមាត្រ បាន​ធ្វើអោយ​​មាន​មនុស្ស​ជាង​១០០០នាក់​រងរបួស​ នៅ​រុស្ស៊ី និង​បង្ក​​ការខូចខាត​​រាប់លាន​ដុល្លារ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close