អូស្រ្តាលី៖ភ្លើងឆេះព្រៃចុះថយឥទ្ធិពល កងទ័ពជាប់ចោទពីបទបានបង្កឲ្យមានភ្លើងឆេះព្រៃ
នៅ ថ្ងៃ ព្រហស្បតិ៍ ទី២៤ តុលានេះ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីហាក់ដូចជាបានថយឥទ្ធិពលរបស់ វាបន្តិចវិញហើយ បន្ទាប់ពីបានឆេះយ៉ាងសន្ធោសន្ធៅអស់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះមក។ ការចុះថយឥទ្ធិពលក៏ដោយសារតែសីតុណ្ហភាពបានធ្លាក់ចុះ និងបានជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកពន្លត់អគ្គិភ័យ។ ក្រុមអ្នកពន្លត់អគ្គិភ័យដែលទើបបានបាត់បង់អ្នកបើកបរ យន្តហោះពន្លត់អគ្គិភ័យម្នាក់នៅថ្ងៃនេះ ក្រោយពីការធ្លាក់យន្តហោះនោះ។ ដោយឡែក ចៅហ្វាយស្រុកនៅភ្នំខៀវដែលតំណាងឲ្យតំបន់ទទួលរងគ្រោះខ្លំាងជាងគេ បានចោទកងទ័ពពីបទបានបង្កឲ្យមានភ្លើងឆេះព្រៃនៅពេលនេះ។
តំាង ពីជាងមួយសប្តាហ៍មកហើយដែលក្រុមអ្នកពន្លត់អគ្គិភ័យរាប់សិបពាន់ នាក់ មានទំាងអ្នកស័្មគ្រចិត្តផងនោះ បាននំាគ្នាចូលរួមពន្លត់ភ្លើងដែលកំពុងបន្តឆេះព្រៃ ព្រមទំាងផ្ទះសម្បែងរបស់ប្រជាជន។ ហេតុការណ៍នេះបានកើតមានឡើងនៅក្នុងរដ្ឋ Nouvelle-Galles ប៉ែកខាងត្បូង។ តែនៅថ្ងៃនេះ និងបន្ទាប់ពីមានឥទ្ធិពលយ៉ាងខ្លំាងក្លាអស់ជាច្រើនថ្ងៃមក កម្លំាងភ្លើងឆេះព្រៃហាក់ដូចជាចុះថយបន្តិច ដោយសារតែសីតុណ្ហភាពធ្លាក់ចុះ។ នេះជាលើកទីមួយក្នុងរយៈពេលជិតកន្លះសតវត្សកន្លងទៅ ដែលរដ្ឋ Nouvelle-Galles ប៉ែកខាងត្បូងមិនធ្លាប់ជួបប្រទះនឹងភ្លើងឆេះព្រៃយ៉ាងសាហាវដូចពេល នេះទេ។
ជាតុល្យការបណ្តោះអាសន្នមកដល់ថ្ងៃនេះ ភ្លើងឆេះព្រៃបានបំផ្លាញផ្ទះសម្បែងប្រជាជនអស់ជាង ២០០ខ្នង ពិសេសនៅតំបន់ភ្នំខៀវ ព្រមទំាងបំផ្លាញព្រៃឈើក្នុងរដ្ឋ Nouvelle-Galles ប៉ែកខាងត្បូងអស់ជាង ១២៤ ០០០ហិចតា។ និយាយពីចំនួនជនរងគ្រោះវិញ មិនសូវជាធំដុំទេ គឺមានស្លាប់ពីរនាក់ ម្នាក់ជាបុរសអាយុប្រមាណ ៦០ឆ្នំាកាលពីសប្តាហ៍កន្លងទៅ ដោយគំាងបេះដូងក្នុងពេលដែលគាត់បានព្យាយាមការពារផ្ទះរបស់គាត់កុំ ឲ្យភ្លើងឆេះ រីឯម្នាក់ទៀតបានស្លាប់ក្នុងថ្ងៃនេះ ជាអ្នកបើកបរយន្តហោះពន្លត់អគ្គិភ័យ បន្ទាប់ពីយន្តហោះរបស់គាត់បានធ្លាក់។
ប្រភពក្រុមអ្នកពន្លត់អគ្គិភ័យបានប្រាប់ឲ្យដឹងថា ខណៈនេះ និងទោះបីជាសីតុណ្ហភាពបានធ្លាក់ចុះបន្តិចក៏ដោយ ក៏នៅសល់កន្លែងឆេះព្រៃចំនួន ៦៦កន្លែងទៀតដែលត្រូវពន្លត់ ក្នុងនោះមាន ២៤កន្លែងដែលក្រុមអ្នកពន្លត់អគ្គិភ័យនៅមិនអាចគ្រប់គ្រងបាននៅឡើយ ទេ។ ដោយឡែក ប្រធានក្រុមអ្នកពន្លត់អគ្គិភ័យក្នុងរដ្ឋ Nouvelle-Galles ប៉ែកខាងត្បូងបានបញ្ជាក់ថា ភ្លើងឆេះព្រៃពេលនេះបានកើតចេញពីការធ្វើសមយុទ្ធរបស់កងទ័ពកាលពី ថ្ងៃទី១៦ តុលាកន្លងទៅ។ តែក្រសួងការពារជាតិនៅមិនបានបញ្ចេញប្រតិកម្មអ្វីជុំវិញលទ្ធផលនៃ ការស៊ើបអង្កេតនោះទេ។ ទន្ទឹមគ្នានេះ ចៅហ្វាយស្រុកនៅភ្នំខៀវដែលតំណាងឲ្យតំបន់ទទួលរងគ្រោះខ្លំាងជាងគេ បានសម្តែងភាពមិនសប្បាយចិត្ត និងបានសុំឲ្យកងទ័ពបំភ្លឺជុំវិញទង្វើរបស់ខ្លួនដែលបានធ្វើ សមយុទ្ធក្នុងរដូវរំាងស្ងួត និងមានសីតុណ្ហភាពខ្ពស់៕ដោយ គួច គន្ធារ៉ា (RFI)