ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើករបស់អាមេរិកមានការព្រមព្រៀងពីអាជ្ញាធរប៉ាគីស្ថាន?
កាលពីថ្ងៃ ពុធ នៅក្នុងថ្ងៃដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានទាមទារឲ្យអាមេរិកបញ្ឈប់ ប្រតិបត្តិការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) នៅលើទឹកដីប៉ាគីស្ថាន កាសែតអាមេរិកបានចុះផ្សាយឯកសារសម្ងាត់ ដែលបង្ហាញថា ប្រតិបត្តិការយន្តហោះ Drone នេះ បានទទួលការយល់ព្រមពីសំណាក់រដ្ឋាភិបាលប៉ាគីស្ថានខ្លួនឯង។ នៅថ្ងៃព្រហស្បតិ៍ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានក៏បានចេញមុខ បដិសេធ ចំពោះសេចក្តីរាយការណ៍នេះ។
កាសែត អាមេរិក ឈ្មោះ The Washington Post បានចុះផ្សាយ កាលពីថ្ងៃពុធ ដោយបានដកស្រង់ប្រភពចេញពីឯកសារសម្ងាត់របស់ CIA បង្ហាញថា ក្នុងរយៈពេល ៤ឆ្នាំ គឺចាប់តាំងពីចុងឆ្នាំ២០០៧ រហូតដល់ចុងឆ្នាំ២០១១ អាមេរិកតែងតែបានប្រាប់អាជ្ញាធរប៉ាគីស្ថាន អំពីប្រតិបត្តិការវាយប្រហារទៅលើក្រុមភេរវជន នៅលើទឹកដីប៉ាគីស្ថាន ដោយប្រើយន្តហោះគ្មានមនុស្សបើក (Drone) ហើយថា មានពេលខ្លះ អាជ្ញាធរប៉ាគីស្ថានថែមទាំងបានជួយអាមេរិក ក្នុងការកំណត់គោលដៅវាយប្រហារទៀតផង។
ក៏ប៉ុន្តែ នៅថ្ងៃព្រហស្បតិ៍ លោកយូស៊ូហ្វ ហ្ស៊ីឡានី (Yousuf Gilani) ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន ពីឆ្នាំ២០០៨ ដល់ពាក់កណ្តាលឆ្នាំ២០១២ បានបដិសេធថា រដ្ឋាភិបាលរបស់លោកមិនដែលបានអនុញ្ញាតឲ្យអាមេរិកធ្វើការវាយប្រហារ ដោយប្រើយន្តហោះ Drone នៅលើទឹកដីប៉ាគីស្ថាននោះទេ។
មន្រ្តីផ្សេងទៀតរបស់ប៉ាគីស្ថានក៏បានច្រានចោលសេចក្តីរាយការណ៍របស់ The Washington Post នេះដែរ ដោយបានលើកឡើងថា អាមេរិកប្រឌិតរឿងនេះឡើង ដើម្បីស្តារភាពអាម៉ាស់របស់ខ្លួន និងដើម្បីទម្លាក់ការទទួលខុសត្រូវមួយចំណែកមកលើអាជ្ញាធរប៉ាគីស្ថាន។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយប្រហារលើក្រុមភេរវជន នៅក្នុងទឹកដីប៉ាគីស្ថាន ដោយប្រើយន្តហោះ Drone តែងតែជាបញ្ហាចម្រូងចម្រាស នៅក្នុងទំនាក់ទំនង រវាងប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ពីព្រោះថា ប្រតិបត្តិការនេះតែងតែបណ្តាលឲ្យស្លាប់ជនស៊ីវិល និងបង្កឲ្យមានការតវ៉ាប្រឆាំងពីសំណាក់ប្រជាជនប៉ាគីស្ថាន។
កាលពីថ្ងៃពុធ នៅក្នុងពេលបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកណាវ៉ាហ្ស ស្ហារីហ្វ (Nawaz Sharif) នាយករដ្ឋមន្រ្តីប៉ាគីស្ថានបានទទូចឲ្យលោកអូបាម៉ាបញ្ឈប់រាល់ ប្រតិបត្តិការយន្តហោះ Drone នៅលើទឹកដីប៉ាគីស្ថាន។ អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានក៏បានបញ្ជាក់ផងដែរថា បើទោះបីជាកន្លង រដ្ឋាភិបាលមុនៗរបស់ប៉ាគីស្ថានមានការយល់ព្រម ឬគ្មាន ក៏ប៉ុន្តែ រដ្ឋាភិបាលប៉ាគីស្ថានបច្ចុប្បន្នមានជំហរយ៉ាងច្បាស់លាស់ គឺប្រឆាំងជាដាច់ខាតនឹងប្រតិបត្តិការយន្តហោះ Drone របស់អាមេរិក ដែលជាការរំលោភលើអធិបតេយ្យរបស់ប៉ាគីស្ថាន៕ដោយ សេង ឌីណា (RFI)