រុស្ស៊ី​ប្រកាស​ធ្វើ​ពហិការ​មិន​ចូលខ្លួន​ក្នុង​សវនាការ​រឿងក្តី​នាវា​អង្គការ​Greenpeace​

នៅថ្ងៃ​ពុធ​នេះ ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ប្រកាស​​ថា រុស្ស៊ី​នឹង​មិន​ចូលខ្លួន​ក្នុង​ដំណើរការ​ជំនុំជម្រះ​រឿងក្តី​នាវា​អង្គការ​ ​​Greenpeace ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តុលាការ​អន្តរជាតិ​ទទួល​បន្ទុក​ច្បាប់សមុទ្រ​ នោះទេ។ គួររំលឹក​ថា កាលពី​ខែ​កញ្ញាកន្លងទៅ​ ​នៅ​តំបន់​អាក់ទិច រុស្ស៊ី​បាន​ស្កាត់ចាប់​នាវា​អង្គការ​បរិស្ថាន​ Greenpeace មួយ​ដែល​មាន​ដាក់​ផ្លាក​​ថា ​ជា​កម្មសិទ្ធិ​​ប្រទេស​ហូឡង់ និង​បាន​ចាប់ខ្លួន​អ្នក​នាវា​​​៣០នាក់។ ប្រទេស​ហូឡង់​​​​បាន​ដាក់ពាក្យប្តឹងផ្តល់​ប្រឆាំង​រុស្ស៊ី ​ទៅ​តុលាការ​​អន្តរជាតិ​នេះ។

នៅថ្ងៃ​ពុធ​នេះ យោងតាម​​ក្រសួង​ការ​បរទេស​រុស្ស៊ី​​ រុស្ស៊ី​នឹង​មិន​ចូលខ្លួន​ក្នុង​ដំណើរការ​ជំនុំជម្រះ​​រឿងក្តី​នាវា​អង្គការ ​​​Greenpeace ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តុលាការ​អន្តរជាតិ​​ទទួល​បន្ទុក​ច្បាប់សមុទ្រ​ នោះទេ។ រុស្ស៊ី​បាន​ផ្តល់​​ព័ត៌មាន​ពី​ការធ្វើពហិការ​នេះ ទៅតុលាការ​អន្តរជាតិ​មួយនេះ​ និង​ទៅ​​រដ្ឋាភិបាល​ប្រទេស​ហូឡង់​រួចហើយ។

គួររំលឹកឡើងវិញ​​ថា កាលពីថ្ងៃ១៩​កញ្ញា ​រុស្ស៊ី​បាន​ស្កាត់ចាប់​នាវា​អង្គការ​បរិស្ថាន​ Greenpeace មួយគ្រឿង​​ ដែល​មាន​ដាក់សញ្ញា​ថា ​ជា​កម្មសិទ្ធិ​ប្រទេស​ហូឡង់ នៅ​តំបន់​អាក់ទិច ហើយ​បាន​ចាប់ខ្លួន​អ្នក​នាវា​​​៣០នាក់។ អ្នកនាវា​ទាំងនោះ​​ជាពលរដ្ឋ​ចម្រុះ​​មកពី​១៨ប្រទេស​ផ្សេងគ្នា។ រុស្ស៊ី​បានចោទពួកគេ​ ថា​បាន​ធ្វើការ​ប្លន់ជា ក្រុម​។ អ្នកនាវា​ទាំងអស់​​នោះ អាច​ទទួលទោស​ជាប់ពន្ធនាគារ​រហូត​​១៥ឆ្នាំ ដោយសារតែ​​​ពួកគេ​​​​ព្យាយាម​ឡើង​ទៅលើ​ស្ថានីយ៍​បូមប្រេង​រុស្ស៊ី ​ដើម្បី​បរិហារ​ពី​បញ្ហាទាក់ទង​ការបំផ្លាញ​​​បរិដ្ឋាន​នៅទីនោះ។

រដ្ឋាភិបាល​ហូឡង់​​​បាន​ដាក់​ពាក្យប្តឹង​ទៅ​តុលាការ​​អន្តរជាតិ​ទទួលបន្ទុក​ កិច្ចការ​ច្បាប់សមុទ្រ​ ដែល​មាន​ទីតាំង​នៅអាល្លឺម៉ង់ ​និង​​បាន​សុំអោយ​រុស្ស៊ី​ដោះលែង​​អ្នកនាវា​ទាំងនោះ​មកវិញ​ជាបន្ទាន់។ ​

គួរបញ្ជាក់ថា កាលពី​ឆ្នាំ​១៩៩៧ ក្នុង​ពេល​​អង្គការ​សហប្រជាជាតិ​​អនុម័ត​អនុសញ្ញា​​ទាក់ទង​​ច្បាប់​​សមុទ្រ​ ​​ រុស្ស៊ី​បាន​ប្រាប់ថា​ខ្លួន​មិន​ទទួលយក​​និតិវិធី​​ដោះស្រាយ​ជម្លោះ​​ទាក់ទង ​សិទ្ធិ​​​បូរណភាព​​ដែនដី​របស់​ភាគី​ជម្លោះ​នោះទេ។

ក្នុង​រឿងក្តី​នាវា​​អង្គការ​បរិស្ថាន​ Greenpeace ជាមួយ​ហូឡង់​នេះ ក្រុងម៉ូស្គូ​បាន​ច្រានចោល​​និតិវិធី​​យុត្តិធម៌​បែប​អាជ្ញាកណ្តាល​​ របស់​​តុលាការ​ក្រុ​ង​ឡាអេ​ ដែល​តំរូវ​អោយ​ភាគី​រុស្ស៊ី​និងហូឡង់ ​ចាត់​តំណាង​អាជ្ញា កណ្តាល​​រៀងៗខ្លួន ដើម្បី​រក​ច្រកចេញ​ក្នុង​ជម្លោះ​​។
ក្រុងម៉ូស្គូ​លើកឡើងថា អ្នកនាវា​​អង្គការ​​Greenpeace ទាំងនោះ​ បាន​រំលោភ​ច្បាប់​រុស្ស៊ី​ស្តីពី​​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close