តេង លក្ខិណា សម្រកទម្ងន់ជ្រុល
ភ្នំពេញ៖ ពិធីការិនីប្រចាំកម្មវិធី “តន្ត្រីសម័យទំនើបA1” របស់ស្ថានីយទូរទស្សន៍CTN កញ្ញាតេង លក្ខិណា បានស្រកទម្ងន់ជិត ១០គីឡូក្រាម ក្នុងរយៈពេលប្រហែល២ឬ៣ខែ ចុងក្រោយនេះ ដែលធ្វើឱ្យនាងមានរូបរាងស្គម ខ្លាំងខុសពីធម្មតា។
មិត្តរួមការងារជាមួយ នាង ឱ្យដឹងថា នៅពេលនេះ លក្ខិណា មាន ទម្ងន់តែជាង៤០គីឡូក្រាមប៉ុណ្ណោះ។ បើ គេមើលតាមរយៈកញ្ចក់ទូរទស្សន៍ នាង នៅតែមានរូបរាងស្វែល គួរឱ្យបេតី ប៉ុន្តែ អ្នកដែលឃើញនាងនៅក្រៅឆាកតន្ត្រី បាន សម្តែងការភ្ញាក់ផ្អើលពីការថមថយ ទម្ងន់របស់នាង។ ការភ្ញាក់ផ្អើល មួយចំនួន បង្កប់ដោយការ សរសើរ និងខ្លះទៀតយល់ថា នាងមិនស្អាតដូចមុន។
តេង លក្ខិណា ធ្លាប់ ជាសិល្បការិនីម្នាក់ ដែលមានមាឌធំ និង សម្បូរសាច់គួរសម តែមិនធាត់ពេក នោះទេ។ នាង ធ្លាប់មានទម្ងន់ជាង៥០គីឡូក្រាម និងមានសាច់ណែន ល្អណាស់។ ប៉ុន្តែ គេឃើញនាងស្រកគីឡូបន្តិចម្តងៗ នៅពេលកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្តើមរះដូចថ្ងៃ។ ទោះយ៉ាងណា ការសម្រកទម្ងន់កន្លងមក មិនបាននាំឱ្យ មានការចាប់អារម្មណ៍ដូចពេលនេះទេ។
គួរបញ្ជាក់ថា ការថែរក្សារាងឱ្យនៅស្វែលស្អាត ជារឿងសាមញ្ញរបស់សិល្បករ-សិល្បការិនីនៅទូទាំងសកលលោក មិនត្រឹមតែប្រទេសកម្ពុជា នោះទេ ដោយហេតុថា រូបរាងធាត់កន្ទ្រល មិនអំណោយផល សម្រាប់ការស្លៀកពាក់ និងឈុតឆាកសម្តែងភាគច្រើន ឡើយ។ ក៏ប៉ុន្តែ ការប្រឹងតមអាហារហួសហេតុ ប្រហែលជាមិនជោគជ័យពេកនោះទេ។
កាលពីកន្លងទៅ មានអតីតអ្នកចម្រៀងខ្មែរ ឈ្មោះល្បីគួរសមម្នាក់ បានបន្ថយទម្ងន់របស់ខ្លួន ស្ទើរតែគេមើលលែងស្គាល់។ ពេលនោះ សុខភាពរបស់អ្នកនាងស្រុតទ្រុឌទ្រោម រហូតបង្ខំចិត្ត ដកខ្លួនពីសិល្បៈ ដើម្បីបំប៉នសុខភាព ឡើងវិញ។ ការរក្សារូបរាងឱ្យតូចច្រឡឹងល្មម ឬ មិនស្គមហួសហេតុ អាចជាជម្រើសល្អជាង៕ ស.រ/Cambodia News