ធនាគារ​ JP Morgan ត្រូវ​អាជ្ញាធរ​ផាក​រាប់​ពាន់​លាន​ដុល្លារ

មាន​របាយការណ៍​ថា ធនាគារ​ JP Morgan ដ៏​ធំបំផុត​របស់​អាម៉េរិក​បាន​ព្រម​ព្រៀង​បង់​ប្រាក់​ផាក​ពិន័យ​ចំនួន​១៣​ ពាន់​លាន​ដុល្លារ​ដល់​អាជ្ញាធរ ជុំវិញ​សកម្មភាព​ពាណិជ្ជ​កម្ម​ជា​ច្រើន​របស់​ធនាគារ​នេះ​នៅ​មុន​ពេល​មាន​​ ព្រឹត្ដិការណ៍​វិបត្ដិ​ហិរញ្ញវត្ថុ​សកល​លោក​នៅ​ឆ្នាំ​២០០៧។

ឆ្នាំ​នេះ គឺជា​ឆ្នាំ​មួយ​ដ៏​ពិបាក​សម្រាប់​ធនាគារ​នេះ​ ដែល​ទើប​បាន​ងើប​មុខ​ពី​វិបត្ដិ​ហិរញ្ញវត្ថុ​ពិភព​លោក​ក្នុង​ស្ថាន​ភាព​ ប្រសើរ​ជាង​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ជា​ច្រើន​ទៀត​របស់​ខ្លួន។

កាល​ ពី​ខែ​មុន​ធនាគារ JP Morgan ត្រូវ​អាជ្ញាធរ​ផាក​ពិន័យ​អស់​ជាង​៩រយ​លាន​ដុល្លារ​ ចំពោះ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ដែល​មាន​គ្រោះ​ថ្នាក់​ប្រថុយ​ប្រថាន​ជា​ច្រើន​ បន្ដ​បន្ទាប់​នៅ​ក្នុង​សាខា​ជំនួញ​របស់​ក្រុម​ហ៊ុន​នៅ​ក្រុង​ឡុងដ៍​ប្រទេស​ អង់គ្លេស។

ឥឡូវ​នេះ​មាន​របាយការណ៍​មក​ថា ធនាគារ​នេះ​បាន​ព្រម​ព្រៀង​បង់​ការ​ផាក​ពិន័យ​ស៊ីវិល​ជាទឹក​ប្រាក់​ខ្ពស់​ បំផុត​មិន​ធ្លាប់​មាន​ចំនួន​១៣​ពាន់​លាន​ដុល្លារ​ ប៉ុន្ដែ​នៅ​ក្រុមហ៊ុន​នេះ​នៅ​តែ​អាច​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​បទ​ឧក្រិដ្ឋ​ កម្ម​ផង​ដែរ។

ធនាគារ​ JP Morgan នេះ​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​លក់​មូល​ប័ត្រ​ជា​ច្រើន​ដែល​ផ្អែក​លើ​សន្ដិសុខ​ថវិកា​ពី​ប្រាក់​កម្ចី​ ទិញ​ផ្ទះ​ ដែល​ធនាគារ​បាន​ដឹង​ថា មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​បំផុត​ ហើយ​ក្រោយ​មក​ទ្រព្យ​សម្បត្ដិ​ទាំង​នោះ​បាន​ក្លាយ​ជា​សម្បត្ដិ​ ដែលមានវិបត្តិ​លែងមាន​តម្លៃ​​ ឬ Toxic Assets ក្រោយ​ពី​មាន​វិបត្ដិ​ហិរញ្ញវត្ថុ។

មក​ទល់​ពេល​នេះ​ ធនាគារ និង​ក្រសួង​យុត្ដិធម៌​អាម៉េរិក​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ព័ត៌មាន​នេះ​ទេ ប៉ុន្ដែ​មាន​របាយការណ៍​ថា អាជ្ញាធរ​នឹង​ប្រកាស​ឲ្យ​ដឹងនូវ​ព័ត៌មាន​នេះ​​នៅ​ពេល​ឆាប់ៗនេះ​៕ (Radio Australia)

Related Articles

Back to top button
Close
Close