អត្រាឆ្លងជំងឺអេដស៍ករណីថ្មីៗនៅអូស្រ្ដាលីកើនឡើង១០%នៅឆ្នាំ២០១២
របាយការណ៍មួយដែលចេញផ្សាយនៅក្នុងក្រុង Darwin នៅថ្ងៃនេះបង្ហាញឲ្យឃើញថា នៅក្នុងប្រទេសអូស្រ្ដាលីកាលពីឆ្នាំ២០១២ កន្លងទៅនេះមានការកើនឡើងនូវករណីអ្នកឆ្លងជំងឺអេដស៍ថ្មីៗចំនួន ១០%ថែមទៀត។
តួលេខបង្ហាញឲ្យឃើញថា កាលពីឆ្នាំទៅមិញមានករណីឆ្លងជំងឺនេះចំនួន ១ពាន់ ២៥៣ករណីត្រូវគេរាយការណ៍ឲ្យដឹង ហើយនេះជាតួលេខខ្ពស់បំផុតនៃអ្នកឆ្លងថ្មីៗក្នុងរយៈពេល២០ឆ្នាំ កន្លងទៅនេះ។
សហព័ន្ធអង្គការធ្វើការងារទាក់ទងជំងឺអេដស៍នៅ ក្នុងប្រទេសអូស្រ្ដាលីនិយាយថា កន្លងទៅនេះមានការកើនឡើងយ៉ាងខ្ពស់នៃមនុស្សប្រុសស្រឡាញ់ភេទដូច គ្នា ដែលរួមភេទដោយគ្មានវិធីទប់ស្កាត់ការឆ្លងជំងឺអេដស៍ជាមួយដៃគូ ប្រុសៗរបស់ខ្លួន ជាពិសេសគឺនៅក្នុងចំណោមបុរសអាយុក្រោម២៥ឆ្នាំ។
លោក Rob Lake នាយកប្រតិបត្ដិនៃអង្គការនេះនិយាយថា គេត្រូវការស្វែងរកយុទ្ធសាស្រ្ដថ្មីសម្រាប់ជំរុញឲ្យបុរសទាំងនោះ មានការប្រើប្រាស់ស្រោមអនាម័យ និងត្រូវនាំគ្នាទៅធ្វើតេស្ដរកជំងឺអេដស៍។
លោកថា បញ្ហាមួយផ្នែកគឺដោយសារបណ្ដាជនគិតថា រឿងជំងឺអេដស៍នេះ ជារឿងចាស់ ហើយថា ដោយសារតែមានលទ្ធផលល្អៗពីវិធីសាស្រ្ដថ្មីៗក្នុងការព្យាបាលជំងឺ នេះផងដែរ។ ហេតុនេះហើយបានជាបណ្ដាជនមានការធ្វេសប្រហែស មិនដូចជាពេល១៥-២០ឆ្នាំមុនឡើយ៕ (Radio Australia)