អាជ្ញាធរម៉ាឡេស៊ីគំរាមនិស្សិតរបស់ខ្លួននៅក្នុងប្រទេសអូស្រ្ដាលី
ក្រុមអ្នករៀបចំព្រឹត្ដិការណ៍មួយនៅក្រុង Adelaide រដ្ឋអូស្រ្ដាលីខាងត្បូងហៅថា ព្រឹត្ដិការណ៍ចែករំលែកគំនិត Festival of Ideas ដែលកំពុងរៀបចំទទួលលោក Anwar Ibrahim មេដឹកនាំបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ីដើម្បីឲ្យលោកចែករំលែកបទ ពិសោធន៍ និងគំនិតផ្សេងៗនោះ បានឲ្យដឹងថា និស្សិតម៉ាឡេស៊ីដែលកំពុងសិក្សានៅអូស្រ្ដាលីគួរតែមានអារម្មណ៍អាច ចូលរួមព្រឹត្ដិការណ៍នេះបានដោយសេរី ដោយគ្មានបារម្ភអំពីការគំរាមកំហែង។
យ៉ាងណាក៏ដោយ ថ្មីៗនេះ ស្ថានកុងស៊ុលម៉ាឡេស៊ីនៅក្រុងស៊ីដនីយ៍បានចេញការព្រមានដល់និស្សិត ខ្លួនតាមរយៈអ៊ីមែល មិនឲ្យពួកគេចូលរួមស្ដាប់សុន្ទរកថារបស់លោក Anwar Ibrahim ឡើយ បើមិនដូច្នេះទេ ពួកគេអាចប្រឈមមុខនឹងការបាត់បង់អាហារូបករណ៍របស់ពួកគេ។
អ្នក ស្រី Sophie Black នាយកចាត់ចែកព្រឹត្ដិការណ៍ Festival of Ideas នេះបានឲ្យដឹងថា អ្នកស្រីមានកង្វល់ចំពោះការគំរាមនិស្សិតបែបនេះ។
ព្រឹក មិញនេះ លោក Anwar Ibrahim បានអញ្ជើញទៅដល់ក្រុង Adelaide ហើយលោកឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីមានប្រវត្ដិមិនល្អយូរអង្វែងមកហើយទាក់ទងនឹង ការគំរាមធ្វើទុក្ខបុកម្នេញពលរដ្ឋ និងការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ។
លោកថា ទោះបីជាលោកចង់ឲ្យនិស្សិតចូលរួមស្ដាប់យ៉ាងណាក៏ដោយ ក៏លោកមិនអាចផ្ដល់ការធានាដល់និស្សិតបានទេថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនចាត់សកម្មភាពទៅតាមអ្វីដែលខ្លួនបាន គំរាមនោះ៕ (Radio Australia)