ទីភ្នាក់ងារ Fitch Rating ព្រមានទំលាក់ចំណាត់ថ្នាក់បំណុលអាមេរិក
ទីភ្នាក់ងារវាយតំលៃហានិភ័យបំណុល អន្តរជាតិ ឈ្មោះថា Fitch Rating បានប្រកាសនៅថ្ងៃអង្គារម្សិលមិញនេះថា អាមេរិក អាចបាត់បង់ចំណាត់ថ្នាក់បំណុលកម្រិតAAA ដែលជាចំណាត់ថ្នាក់ខ្ពស់របស់ខ្លួន។ មូលហេតុ គឺដោយសារតែវិបត្តិនយោបាយដែលបង្កអោយចេញជាវិបត្តិថវិកាក្នុង ស្រុកនោះ នៅតែពន្យារពេលមិនទាន់ដោះស្រាយចេញ។
កន្លងមក ទីភ្នាក់ងារវាយតំលៃហានិភ័យបំណុលអន្តរជាតិ Fitch Rating ធ្លាប់បានដាក់ចំណាត់ថ្នាក់បំណុលរបស់អាមេរិក ក្នុងកម្រិតពិន្ទុAAA ដែលជាពិន្ទុដ៏ខ្ពស់បំផុត។ ចំណាត់ថ្នាក់បំណុលនេះ ជាល័ក្ខខ័ណ្ឌសំរាប់រដ្ឋាអាមេរិកក្នុងការខ្ចីលុយប្រើប្រាស់ក្នុង ស្រុក។
ប៉ុន្តែ នៅថ្ងៃអង្គារម្សិលមិញ ទីភ្នាក់ងារនេះបានព្រមានថា ខ្លួនអាចនឹងបន្ថយពិន្ទុនេះទៅវិញ ដោយសារតែបញ្ហានយោបាយជាមូលហេតុអោយអាមេរិកជាប់កុនក្នុង វិបត្តិថវិកានោះ នៅមិនទាន់ដោះស្រាយរួច។ ទីភ្នាក់ងារ Fitch បានលើកហេតុផលថា អាជ្ញាធរអាមេរិកមិនបានតំលើងកម្រិតបំណុលសាធារណៈ អោយបានសមស្របតាមពេលវេលា ដើម្បីអោយក្រសួងហិរញ្ញវត្ថុចៀសផុតពីបញ្ហាថវិកា។
ក្រសួងហិរញ្ញវត្ថុអាមេរិក ធ្លាប់បានប្រាប់ថា ប្រសិនបើអាមេរិកមិនតម្លើងកម្រិតបំណុលសាធារណៈនោះទេ ក្រសួងនឹងអស់លទ្ធភាពខ្ចីប្រាក់កាស នៅថ្ងៃ១៧តុលានេះហើយ។ ដូច្នេះ ក្រសួងនឹងនៅសល់តែថវិកាប្រមាណ៣០ពាន់លានដុល្លារ ដែលត្រូវប្រើប្រឈមនឹងចំណាយខ្ពស់ នៅពេលខាងមុខទៀតនេះ។
គួររំលឹកថា ដោយសារតែបានជំទាស់នឹងគំរោងសុខភាពរបស់ប្រធានាធិបតីអូបាម៉ា គណបក្សសាធារណ រដ្ឋដែលជាបក្សប្រឆាំងនៅអាមេរិក បានបដិសេធធ្វើច្បាប់ថវិកាដល់លោកអូបាម៉ា បង្កអោយនយោបាយថវិកាអាមេរិកជាប់គាំង ប្រជាជនរាប់សិបម៉ឺននាក់ត្រូវព្យួរពីការងារ មិនបានទទួលប្រាក់ខែ។ រហូតមកដល់ពេលនេះ បក្សប្រឆាំងនិងបក្សកាន់អំណាចនៅមិនទាន់មានការចុះសម្រុងគ្នា ដើម្បីរកច្រកចេញផ្នែកថវិកាជាតិនៅឡើយទេ។
ទីភ្នាក់ងារអន្តរជាតិFitch Rating ជាទីភ្នាក់ងារវាយតំលៃហានិភ័យបំណុលដ៏តូចមួយ ជាទីភ្នាក់ងាររបស់បារាំងនិងអាមេរិករួមគ្នា។ ការប្រកាសចង់បន្ថយចំណាត់ថ្នាក់បំណុលពីសំណាក់ទីភ្នាក់ងារ Fitch នេះ សបញ្ជាក់ថា សេចក្តីសំរេចរបស់ទីភ្នាក់ងារ ផ្តោតសំខាន់លើទង្វើនយោបាយ ជាជាងលើល័ក្ខខ័ណ្ឌសេដ្ឋកិច្ចអាមេរិក៕ដោយ ព្រំ សឿន សូលីណា (RFI)