អាត្រាអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាបច្ចុប្បន្នមាន ៧ម៉ឺន១ពាន់នាក់ ក្នុងចំណោមប្រជាជនសរុប
ភ្នំពេញ៖ នៅក្នុងសិក្ខាសិលាបណ្តុះបណ្តាលភាពជាដៃគូជាមួយ ប្រព័ន្ធផ្សព្វផ្សាយដើម្បីកាត់បន្ថយការរើសអើង និងម៉ាក់ងាយក្នុងចំណោមក្រុមងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នាព្រឹកថ្ងៃ ទី១៧ ខែតុលា ដែលរៀបចំឡើងដោយអង្គការ UNESCO និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ត្រីជំនាញឲ្យដឹងថា អាត្រាអ្នកផ្ទុកមេរោគអេដស៍នៅប្រទេសកម្ពុជាបច្ចុប្បន្ន មាន ០.៧ភាគរយ ពោលគឺស្មើនឹង៧ម៉ឺន១ពាន់នាក់ បើប្រៀបធៀបទៅនឹងចំនួនប្រជាជនសរុប។
ថ្លែងនៅក្នុងសិក្ខាសាលា លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍ថា អាត្រា ០.៧ភាគរយ នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ពីព្រោះបណ្តាប្រទេសជិតខាង មានអត្រាអ្នកឆ្លងមេរោគអេដស៍តិចជាងយើង។
លោក បន្តថា ដើម្បីជួយឲ្យកម្ពុជាឈានទៅដល់ការបំបាត់អស់នៃជំងឺអេដស៍ គឺទាមទារឲ្យសាធារណជន ជាពិសេសអ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ក្នុងផ្សព្វផ្សាយបញ្ហាជំងឺអេដស៍ទៅកាន់អ្នកស្តាប់។
តាមការបង្ហាញរបស់មន្ត្រីជំនាញអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅលើសាកលលោក អាត្រាអ្នកផ្ទុកមេរោគអេដស៍ ក្នុងឆ្នាំ២០១២ មានចំនួន៣៥លាននាក់ ដែលភាគច្រើនជាស្ត្រីមេផ្ទះឆ្លងពីស្វាមី។
ជំងឺអេដស៍ឆ្លងសំខាន់តាមរយៈការរួមភេទ ស្ត្រីទៅបុរស បុរសទៅបុរស ឆ្លងតាមការប៉ះពាល់ ឬបញ្ចូលឈាមដែលមានអេដស៍ ឆ្លងតាមការប្រើឧបករណ៍មុតរួមគ្នាដូចជាម្ជុលស៊ឺរុំាង និងឆ្លងពីម្តាយទៅកូនក្នុងផ្ទៃជាដើម៕ ដោយ៖ ហេង នាង/Cambodia News