ប៉ូលិស​ប្រឆាំង​ពុករលួយ​ចិន​ត្រូវ​ជាប់​ពន្ធនាគារ​ពីបទ​ធ្វើទារុណកម្ម​សួរចម្លើយ​ជនសង្ស័យ

មន្រ្តី​ចិន ៦នាក់ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ពី ៤ឆ្នាំ ទៅ​ ១៤ឆ្នាំ ពីបទ​ថាបាន​ធ្វើ​ទារុណកម្ម​សួរចម្លើយ​ជនជាប់សង្ស័យ​ពី​បទ​ពុករលួយ រហូត​ដល់​ស្លាប់។ នេះ​បើ​យោងតា​ម​ការ​អះអាង​របស់​មេធាវី​គ្រួសារ​ជនរងគ្រោះ នៅថ្ងៃ​អង្គារ​នេះ។ សំណុំរឿង​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យឃើញ​អំពី​ទង្វើ​រំលោភបំពាន​របស់​អាជ្ញាធរ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ នៅ​ចិន។

ជនជាប់ចោទ ​ទាំង ៦នាក់ ដែល​ក្នុងនោះ ៥នាក់ ជា​សមាជិក​គណៈកម្មការ​វិន័យ​របស់​បក្ស​កុម្មុយនិស្តចិន ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់ទោស ពីបទ “ហិង្សា​ដោយ​ចេតនា”។ តុលាការ​បាន​ចេញ​សេចក្តីសម្រេច​នេះ តាំង​ពីថ្ងៃ​ទី៣០​កញ្ញា​មកម៉្លេះ ក៏ប៉ុន្តែ ការ​ប្រកាស​សាលក្រម​ត្រូវ​បាន​ធ្វើ​ដោយ​បិទទ្វារ ហើយ​ព័ត៌មាន​នេះ​មិនត្រូវ​បាន​ចុះផ្សាយ​ដោយ​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​ នោះទេ។ នេះ​បើ​យោងតាម​​មេធាវី​គ្រួសារ​របស់​ជនរងគ្រោះ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​អង្គារ​នេះ។

ជនរងគ្រោះ ​ក្នុង​សំណុំរឿង​នេះ គឺ​ជា​ប្រធាន​ក្រុម​វិស្វករ​នៃ​ក្រុមហ៊ុន​មួយ​របស់​រដ្ឋ​ចិន ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន កាល​ពី​ខែ​មីនា ដោយ​ជាប់សង្ស័យ​ពី​បទ​ពុករលួយ។ នៅ​ក្នុង​អំឡុង​ពេល​ជាប់​ឃុំ ជនរងគ្រោះ​ត្រូវ​បាន​មន្រ្តី​ប្រឆាំង​អំពើ​ពុករលួយ​ទាំង ៦នាក់ ធ្វើ​ទារុណកម្ម​សួរចម្លើយ ដោយ​វាយដំ និង​ជ្រមុជ​ក្បាល​ក្នុង​ទឹក រហូត​ដល់ឈ្លក់ទឹក​​ស្លាប់ នៅថ្ងៃ​ទី៩ ខែ​មេសា។

មេធាវី​របស់​​មន្រ្តី​ប្រឆាំង​ពុករលួយ​ទាំង ៦រូប បាន​អះអាង​ថា ពួកគេ​ទាំង ៦នាក់ សុទ្ធតែ​​បាន​សារភាព​នៅ​ចំពោះ​មុខ​តុលាការ​ថា ពួកគេ​ពិត​ជា​បាន​ធ្វើ​ទារុណកម្ម​ជនរងគ្រោះ​ពិតមែន ក៏ប៉ុន្តែ ធ្វើ​ទៅតាម​បញ្ជា​របស់​ថ្នាក់​លើ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ មន្រ្តីទាំង ៦នាក់ បាន​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ ដោយ​ពួកគេ​យល់​ថា តុលាការ​ដាក់ទោស​តែ​មន្រ្តី​តូចតាច ប៉ុន្តែ ថ្នាក់លើ​ដែល​ជា​អ្នក​ចេញ​បញ្ជា​បែរ​ជា​ត្រូវ​រួចខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​របស់​ចិន ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី ជីនពីង និង​លោក​លី ខឺឈាំង បាន​យក​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយជា​អាទិភាព​ខ្ពស់​បំផុត ហើយ​បាន​បើក​យុទ្ធនាការ​បោសសម្អាត​អំពើ​ពុករលួយ នៅ​ក្នុង​រដ្ឋបាល​សាធារណៈ រហូត​ដល់​មន្រ្តី​ជាន់ខ្ពស់​របស់​បក្ស និង​រដ្ឋ។ ក៏ប៉ុន្តែ យុទ្ធនាការ​នេះ​ត្រូវបាន​ធ្វើឡើង​​ដោយ​គ្មាន​តម្លាភាព ហើយ​អ្នកវិភាគខ្លះ​យល់ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ត្រូវ​បាន​មន្រ្តីខ្លះ​យក​ ទៅប្រើជា​មធ្យោបាយ ដើម្បី​កម្ចាត់​គូសត្រូវ​នយោបាយ​ទៅវិញ។

សំណុំរឿង​ធ្វើ​ទារុណកម្ម​សួរចម្លើយ​ជនសង្ស័យ​រហូត​ដល់​ស្លាប់ ក៏​ជា​ពន្លឺ​មួយ​ដែរ ដែល​ឆ្លុះ​បង្ហាញ​អំពី​ការប្រើវិធី​ខុសច្បាប់ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close