កែវ ច័ន្ទ សម្ជស្ស ទទួលបានប្រាក់ចំណូល២ពាន់ដុល្លារប្រចាំខែ
ភ្នំពេញ៖ តារាចម្រៀងបែបស្រគត់ស្រគុំអ្នកនាង កែវ ច័ន្ទសម្ជស្ស បានបង្ហើបឲ្យដឹងថា ក្នុងមួយខែនាងអាចទទួលបានប្រាក់ចំណូលពីបន្ទប់ជួលរបស់នាងចំនួន២ពាន់ដុល្លារ ដែលចំណូលនេះគឺជាផ្នែកមួយបន្ថែមលើប្រាក់ដែលនាងទទួលបានពីអាជីពសិល្បះ។
កែវ ច័ន្ទសម្ជស្ស ត្រូវបានគេដឹងថា បន្ទាប់ពីសម្រេចចូលរោងការជាមួយបុរសដែលជាមន្ត្រីរាជការម្នាក់នោះ នាងបានធ្វើការបោះទុនជាង១០មឺនដុល្លារដើម្បីធ្វើការសាងសង់បន្ទប់ជួលសម្រាប់កម្មការីកាត់ដេរ ដែលមានរហូតដល់១០០បន្ទប់ ស្ថិតនៅក្នុងភូមិតាសេក ស្រុកកំបូល ខេត្តកំពង់ស្ពឺ។
បន្ទប់ជួលដែលនាងបានសាងសង់នោះគឺបានដំណើរការជិត២ឆ្នាំមកហើយ ដែលវាគឺជាផ្នែកមួយសម្រាប់តារាចម្រៀងរូបនេះក្នុងការទទួលបានប្រាក់ចំណូល បន្ទាប់ពីចំការកៅស៊ូជាង២០ហិចតាដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដែលបានគ្រប់គ្រងដោយស្វាមីរបស់នាង ហើយរហូតមកដល់ពេលនេះចំការកៅស៊ូនោះជិតហុចផលមកឲ្យក្រុមគ្រួសាររបស់នាងហើយដែរ។
យ៉ាងណាក៍ដោយចំពោះចំការកៅស៊ូនេះ កែវ ច័ន្ទសម្ជស្ស ហាក់មិនសូវជាអើពើឡើយ ដោយសារតែនាងមិនសូវជាមានចំណូលចិត្តនៅក្នុងផ្នែកចំការនេះគឺទុកឲ្យស្វាមីរបស់នាងជាអ្នកមើលការខុសត្រូវ ចំណែកនាងទទួលដឹងលឺពីចំណូលដែលបានមកពីបន្ទប់ជួលរបស់នាងប៉ុណ្ណោះ។
កែវ ច័ន្ទសម្ជស្ស បានអះអាង ថា ក្រៅពីអាជីពសិល្បះនាងក៍ត្រូវរាប់រងជួយមើលការខុសត្រូវបន្ទប់ជួលរបស់នាងផងដែរ ដែលជំនួញមួយនេះបានផ្តល់ប្រាក់មកហើយនាង១ខែជាង២ពាន់ដុល្លារ។ នាងបញ្ជាក់ថា បន្ទាប់ពីដំណើរការជំនួញនេះបានរយះពេលជិត២ឆ្នាំមកគឺនាងមិនដែលខាតលើមុខរបរនេះទេ ព្រោះបច្ចុប្បន្ន បន្ទប់ជួលរបស់នាងនោះមិនសូវជាទំនេរទេគឺមានគេជួលជាបន្តបន្ទាប់ មានតែខ្វះបន្ទប់សម្រាប់គេជួលផង។
បើទោះបីជាកែវ ច័ន្ទសម្ជស្ស បានបង្ហាញនូវភាពជោគជ័យក្នុងមុខជំនួញនេះយ៉ាងណាក៍ដោយ ប៉ុន្តែរហូតមកដល់ពេលនេះនាងនៅតែមិនទាន់មានគម្រោង និងពង្រីកបន្ថែមលើមុខរបរនេះឡើយ ដោយសារតែយល់ឃើញថា នាងនៅមិនទាន់មានមនុស្សគ្រប់គ្រាន់សម្រាប់មើលការខុសត្រូវរបរមួយនេះ ហើយម្យ៉ាងអាជីពសិល្បះរបស់នាងក៍មានការមមាញឹកគ្រាន់បើដែរ ។
កែវ ច័ន្ទសម្ជស្ស និយាយថា ការងារសិល្បះគឺនាងមិនចង់លែងដៃនៅពេលនេះទេ បើទោះបីជាមុខជំនួញនាពេលនេះបានទទួលជោគជ័យក៍ដោយ ព្រោះនាងនៅតែមានគេហៅឲ្យទៅច្រៀងជានិច្ច ហេតុនេះនាងចង់បន្តអាជីពនេះឲ្យបានយូរបន្តិច ដោយមិនទាន់ចង់ងាកមកក្តោបក្តាប់ជំនួញមួយនេះឲ្យពេញដៃនៅឡើយទេ។
នាងបញ្ជាក់ថា តាមគម្រោងនាងត្រូវចេញទៅច្រៀងនៅក្នុងប្រទេសកាណាដានៅអំឡុងខែកញ្ញា ប៉ុន្តែដោយសារបញ្ហាស្រុកទេសនោះទើបគេលើកពេលមកខែមិនាឆ្នាំ២០១៤ខាងមុខនេះវិញ ខណះការងារនៅក្នុងស្រុកវិញគឺនៅតែមានជាបន្តបន្ទាប់មិនដាច់ឡើយ។ដោយមើលឃើញដូច្នេះគឺនាងមិនអាចចោលសិល្បះនៅពេលនេះឡើយ បើទោះបីជាពេលនេះនាងមានស្វាមី ហើយគ្រោងនឹងយកកូនមួយជាចំណងដៃនៅឆ្នាំក្រោយនេះក៍ដោយ៕ ស.រ/Cambodia News