អ៊ីរ៉ង់​បដិសេធ​មិន​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ទៅ​ក្រៅប្រទេស

ប្រធាន​ក្រុម​​ចរចាសំណុំរឿង​​នុយក្លេអ៊ែរ ​អ៊ីរ៉ង់ លោក អាប់បា អារ៉ាក់ឈី បាន​ប្រកាស​ថា អ៊ីរ៉ង់​បដិសេធ​​ដាច់ខាត​មិនបញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ ទៅក្រៅប្រទេស​នោះទេ។ នេះ​បើយោងតាម​ការចុះផ្សាយ​នៃ​គេហទំព័រ​​​ទូរទស្សន៍​រដ្ឋអ៊ីរ៉ង់​ ​នៅថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ។ ​អ្នកទទួលខុសត្រូវ​អ៊ីរ៉ង់​រូបនេះ ប្រាប់ថា ការបញ្ជូន​​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែលគេ​ចម្រើន​រួច​ ចេញ​ទៅក្រៅប្រទេស​​​​ គឺ​ជា​ការ​រំលោភ​លើ​បន្ទាត់​ក្រហម​ដែល​ជា​បន្ទាត់​ហាមឃាត់​របស់​អ៊ីរ៉ង់។

ប្រធាន​ក្រុម​​ចរចាសំណុំរឿង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ លោក អាប់បា អារ៉ាក់ឈី នៅតែ​បង្ហាញ​ពី​​គោលជំហរអ៊ីរ៉ង់​ ក្នុង​ការ​​​បដិសេធ​​ដាច់ខាត​មិនបញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ ទៅបរទេស​​។ លោក អាប់បា អារ៉ាក់ឈី ​​ត្រូវ​​ចូលរួម​កិច្ចប្រជុំ​ស្តីពី​នុយក្លេអ៊ែរ នៅ​ក្រុងហ្សឺណែវ​ ​ជាមួយ​ប្រទេស​មហាអំណាច​នានា នៅថ្ងៃ​អង្គារ​ស្អែកនេះ។

លោក​​បាន​លើកឡើងថា ក្នុង​ការពិភាក្សា​សំណុំរឿង​នុយក្លេអ៊ែរ គេ​អាច​ជជែក​គ្នា​​ពី​ទម្រង់ ពី​បរិមាណ​ និង​ពី​កម្រិត​នៃការ​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម ប៉ុន្តែ ​បើ​ចង់​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​​ដែលគេ​ចម្រើន​រួចហើយ ចេញ​ពី​អ៊ីរ៉ង់​ទៅបរទេស​ នោះ​​គឺ​​ជា​ការ​រំលោភ​លើ​​បន្ទាត់​ក្រហម​ដែល​ជា​បន្ទាត់​ហាមឃាត់​របស់​ អ៊ីរ៉ង់ ក្នុង​​សំណុំរឿង​នុយក្លេអ៊ែរ​ហើយ។ អ្នកទទួល​ខុសត្រូវ​សំណុំរឿង​នុយក្លេអ៊ែរ​រូបនេះ ក៏​បាន​ប្រាប់ដែរ​ថា អ៊ីរ៉ង់​បដិសេធ​មិន​ព្រមព្យួរ​សកម្មភាព​ពង្រីក​ធាតុអ៊ុយរ៉ាញ៉ូម​​ខ្លួន​ជា​ ដាច់ខាត។

គួរ​រំលឹក​ថា ប្រទេស​លោកខាងលិច​តែង​សង្ស័យ​អ៊ីរ៉ង់​ថា ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ តាមរយៈ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​​ខ្លួន។ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ ហៅកាត់ថា AIEA បាន​ចេញ​របាយការណ៍​មួយ កាលពី​ខែ​សីហា​ បង្ហាញ​ថា អ៊ីរ៉ង់​មាន​​ធាតុ​អ៊ុយរ៉ាញ៉ូម​​៦ពាន់៧៧៤គីឡូក្រាម សំរាប់​​​បង្កើន​​​​អ៊ីសូតូប​កម្រិត​៣,៥ភាគរយ និង​​ធាតុ​អ៊ុយរ៉ាញ៉ូម​១៨៦គីឡូក្រាម​ទៀត​ សំរាប់​បង្កើន​​អ៊ីសូតូប​​២០ភាគរយ។

គួររំលឹកថា ប្រសិន​បើ​អ៊ីរ៉ង់​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ដោយ​បង្កើន​អ៊ីសូតូប​​រហូត​ដល់​កម្រិត​៩០ភាគរយ​នោះ ប្រទេស​មួយនេះ​នឹងអាច​​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ជាក់ជាមិនខាន។
កន្លងមក បារាំង​និង​រុស្ស៊ី​ ចង់​យកសារធាតុ​អ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់​ទៅ​បន្សុទ្ធ​ត្រឹម​ កម្រិត​មួយ​ដែល​អាច​ប្រើប្រាស់​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ​ស៊ីវិល រួច​ហើយ​នឹង​បញ្ជូន​វា​ទៅអោយ​អ៊ីរ៉ង់​វិញ។ តែ​ត្រូវ​អ៊ីរ៉ង់​ជំទាស់។

ប្រធាន​ក្រុម​ចរចាសំណុំរឿង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​បន្ថែម​​ថា ក្រុម​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នឹង​ជជែក​ការពារ​សិទ្ធិ​របស់​អ៊ីរ៉ង់​ ក្នុង​ការ​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ និង​ការ​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​ដោយខ្លួន​ឯង។

យោងតាម​ប្រភព​ព័ត៌មាន​ជិតដិត​នឹង​សំណុំរឿង​នេះ ​ក្នុង​បន្ទាត់​ហាមឃាត់​អ៊ីរ៉ង់ អ្វី​​​ដែល​អ៊ីរ៉ង់​ចង់បាន​នោះ​ មានដូច​ជា​ ​​​​ការ​ចម្រើនធាតុអ៊ុយរ៉ាញ៉ូម​​​​ក្នុង​​ទឹកដី​អ៊ីរ៉ង់ ការ​​មិន​​បញ្ជូន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែលស្តុកទុក​​​ ចេញ​ទៅបរទេស និង​ការ​បន្ត​ដំណើរការ​​នៃ​​​ទីតាំង​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​ក្រោមដី​មួយ​​ កន្លែង នៅ​ភាគកណ្តាល​អ៊ីរ៉ង់៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close