អ្នកស្រាវជ្រាវថា កម្ដៅភពផែនដីអាចចាប់ឡើងពីឆ្នាំ២០២០ទៅ
ការសិក្សាជាលក្ខណៈអន្ដរជាតិថ្មីមួយ អំពីបម្រែបម្រួលអាកាសធាតុ បង្ហាញឲ្យឃើញថា សីតុណ្ហភាពខ្ពស់មិនធម្មតាអាចចាប់ផ្ដើមមាននៅក្នុងពិភពលោកនេះ ក្នុងអំឡុងឆ្នាំ២០២០ គឺឆាប់ជាងអ្វីដែលគេបានគិតទុក។
បណ្ដាអ្នកស្រាវជ្រាវពីសកលវិទ្យាល័យ Hawaii នៅសហរដ្ឋអាម៉េរិកបានចង្អុលបង្ហាញឲ្យឃើញសីតុណ្ហ ភាពនៅក្នុងឆ្នាំ នីមួយៗនឹងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងកំណត់ត្រាប្រវត្ដិ សាស្រ្ដ នៅតាមតំបន់ជាច្រើននៅក្នុងពិភពលោកនេះ រួមទាំងប្រទេសអូស្រ្ដាលីផង។
លោកស្រី Abby Frazier អ្នកស្រាវជ្រាវពីសកលវិទ្យាល័យ Hawaii និយាយថា ក្រុងស៊ីដនីយ៍នឹង ជួបប្រទះនូវអាកាសធាតុអាក្រក់ខ្លាំងនៅឆ្នាំ២០៣៨ ហើយក្រុងប្រ៊ីសប៊ិនវិញនឹងមានអាកាសធាតុក្ដៅខ្លាំង៤ឆ្នាំក្រោយ ក្រុងស៊ីដនីយ៍។
លោកស្រីឲ្យដឹងថា ក្នុងករណីមិនមានចំណាត់ការកាត់បន្ថយបញ្ហាទេនោះ សីតុណ្ហភាពមធ្យមពិភពលោកដែលមានកម្រិតខ្ពស់ជាងមុននឹងចាប់ផ្ដើមនៅ ឆ្នាំ២០៤៧ ហើយប្រសិនបើពិភពលោកចាត់វិធានការយ៉ាងសកម្មខ្លាំងក្លាបំផុត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិស្ថាននោះ ឆ្នាំដែលត្រូវមានកម្ដៅខ្ពស់ខ្លាំងនឹងបន្ថយទៅឆ្នាំ២០៦៩វិញ។
ចំណាត់ ការរបស់មនុស្សក្នុងការកាត់បន្ថយឧស្ម័នបំពុលបរិស្ថាន និងជួយពន្យារពេលរងគ្រោះខ្លាំងបាន២០ឆ្នាំ ហើយការសិក្សាក៏ឲ្យដឹងដែរថា បណ្ដាប្រទេសនៅតំបន់ត្រូពិក នឹងរងគ្រោះមុនគេ។
តាមការព្យាករបម្រែបម្រួលអាកាសធាតុ ក្រុងស៊ីដនីយ៍អាចនឹងមានកម្ដៅខ្ពស់ខ្លាំងនៅឆ្នាំ២០៣៨។ រីឯក្រុងភឺតនៅប៉ែកខាងលិចអូស្រ្ដាលីនឹងមានសីតុណ្ហភាពខ្ពស់មិន ធ្លាប់មាននៅឆ្នាំ ២០៤២ ហើយក្រុងមែលប៊ិននឹងចាប់ផ្ដើមនៅឆ្នាំ២០៤៥។
អ្នក សិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Hawaii បានប្រើប្រាស់ប្រព័ន្ធព្យាករអាកាសធាតុខុសៗគ្នាចំនួន៤០ ដើម្បីកំណត់ថា តើពេលណាសីតុណ្ហភាពពិភពលោកនឹងកើនឡើងខ្ពស់ជាងសីតុណ្ហភាពដែលគេ បានកត់ត្រាទុកអស់រយៈពេល១៥០ឆ្នាំកន្លងទៅនេះ។ លោកស្រី Abby Frazier ឲ្យដឹងថា នេះគឺជាការស្រាវជ្រាវចម្រុះមួយមិនធ្លាប់មាន ហើយការរកឃើញលទ្ធផលនេះ គឺជារឿងភ្ញាក់ផ្អើល៕ (Radio Australia)