អំពើហិង្សានៅអេហ្ស៊ីប៖អរិភាពរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីកាន់តែពុះកញ្រ្ជោល
នៅ ប្រទេសអេហ្ស៊ីប អរិភាពរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីកាន់តែបន្តមានយ៉ាងពុះកញ្រ្ជោល។ នៅថ្ងៃអាទិត្យ ទី៦ តុលាម្សិលមិញ ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគំាទ្រលោកម័រស៊ី និងកម្លំាងប៉ូលិសបានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៥០នាក់ និងរបួសជិត ៣០០នាក់ផ្សេងទៀត។ ក្រៅពីការប្រឈមមុខទល់នឹងក្រុមកម្លំាងប៉ូលិស អំពើហិង្សាក៏បានផ្ទុះឡើងយ៉ាងខ្លំាងរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីដែលបានចុះផ្លូវប្រារព្ធខួបគម្រប់ ៤០ឆ្នំានៃសង្រ្គាមអារ៉ាប់ អ៊ីស្រាអែលកាលពីថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣។
តាម ការសង្កេតរបស់ក្រុមអ្នកកាសែត AFP នៅនឹងកន្លែង មានជនរងគ្រោះមួយចំនួនបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារគ្នា យ៉ាងសាហាវរវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកអតីតប្រធានាធិបតីម័រស៊ី។ នៅម្ខាង គឺក្រុមភាតរអ៊ីស្លាម រួមដោយក្រុមសម្ព័ន្ធមិត្តរបស់ពួកគេ និងនៅម្ខាងទៀត គឺក្រុមប្រឆំាងនឹងក្រុមភាតរអ៊ីស្លាម ចេញមកពីគ្រប់មជ្ឈដ្ឋាន តំាងពីគណបក្សស្តំានិយម និងគណបក្សឆ្វេងនិយម។ ពួកនេះបានចុះផ្លូវដើរដង្ហែក្បួនដើម្បីប្រារព្ធខួបគម្រប់ ៤០ឆ្នំានៃសង្រ្គាមអារ៉ាប់ អ៊ីស្រាអែលកាលពីថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣ ដែលគេហៅថា « សង្រ្គាមគីពួរ »។
ថ្ងៃប្រារព្ធខួបគម្រប់ ៤០ឆ្នំានៃ « សង្រ្គាមគីពួរ » ដែលក្រុមភាតរអ៊ីស្លាមបានបង្ហាញឲ្យឃើញនូវមហិទ្ធិឫទ្ធិរបស់ខ្លួន នៅលើទីលានតារៀរ ដោយបណ្តេញពួកអ្នកដែលប្រឆំាងនឹងក្រុមខ្លួន។ ប្រតិបត្តិការដែលគួរឲ្យកត់សម្គាល់ខ្លំាងរបស់ក្រុមភាតរអ៊ីស្លាមនៅ ថ្ងៃម្សិលមិញបានកើតមានឡើងនៅទីលាន Ramsès ក្បែរស្ថានីយ៍រថភ្លើងចំកណ្តាលក្រុង។ ក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីបានប្រឈមមុខដាក់គ្នាយ៉ាងសាហាវ ដោយមានការចោលដុំថ្ម និងប្រើកំាភ្លើងបាញ់តគ្នាទៅវិញ ទៅមក។ នេះពិតជារូបភាពដ៏គ្រោះថ្នាក់មួយនៅក្នុងប្រទេសអេហ្ស៊ីបដែល ជនស៊ីវិលកាន់តែច្រើនទៅៗ មានអាវុធក្នុងដៃ។
ដោយឡែក និងក្នុងពេលដែលក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆំាងលោកម័រស៊ីបានប្រឈមមុខដាក់គ្នា កងទ័ពអេហ្ស៊ីបបានដង្ហែក្បួនព្យុះហយាត្រាក្នុងថ្ងៃរំលឹកខួបគម្រប់ ៤០ឆ្នំានៃសង្រ្គាមអារ៉ាប់ អ៊ីស្រាអែលគេហៅថា « សង្រ្គាមគីពួរ »។ គឺជាសង្រ្គាមដែលអេហ្ស៊ីបបានសហការជាមួយប្រទេសស៊ីរីក្នុងការ វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣។ ថ្ងៃទី៦ តុលា ឆ្នំា ១៩៧៣ ដែលទាហានអេហ្ស៊ីបចាត់ទុកជាថ្ងៃជោគជ័យមួយរបស់ខ្លួនក្នុងសម័យនោះ៕ ដោយ គួច គន្ធារ៉ា (RFI)