ភេរវកម្មបំផ្ទុះរថយន្តនៅប៉ាគីស្ថាន ស្លាប់យ៉ាងហោច៣៨នាក់
នៅប៉ាគីស្ថាន ថ្ងៃអាទិត្យនេះ មានមនុស្សយ៉ាងហោច៣៨នាក់ បានស្លាប់ និងរាប់រយនាក់ទៀត រងរបួស ក្នុងភេរវកម្មបំផ្ទុះរថយន្តមួយគ្រឿង នៅក្រុងប៉េស្ហាវ៉ា ជិតព្រំប្រទល់អាហ្វហ្កានីស្ថាន។ បើគិតត្រឹមតែមួយសប្តាហ៍ ភេរវកម្មនេះ ជាភេរវកម្មលើកទីបីហើយនៅក្នុងក្រុងប៉េស្ហាវ៉ា។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើជនដៃដល់ណាមួយ រឺក៏ក្រុមភេរវជនណាមួយ ជាអ្នកបង្កហេតុការណ៍នេះនៅឡើយទេ។
នៅថ្ងៃ អាទិត្យ២៩កញ្ញានេះ នៅក្រុងប៉េស្ហាវ៉ា ជាប់ព្រំប្រទល់ជាមួយអាហ្វហ្កានីស្ថាន រថយន្តមួយគ្រឿងបានផ្ទុះឡើង នៅផ្សារ Kissa Khwani ឃីសា ខ្វានី ធ្វើអោយមានមនុស្សរបួស និងស្លាប់ជាច្រើននាក់។
អំពើភេរវកម្មបានកើតឡើង នៅក្បែរប៉ុស្តិ៍ប៉ូលិសមួយកន្លែង។ ប៉ូលិសមិនទាន់បានដឹងថា តើប៉ុស្តិ៍ការងារខ្លួនជាផ្ទាំងស៊ីប នៃការវាយប្រហារនេះ រឺក៏យ៉ាងណានៅឡើយទេ។ យោងតាមក្រុមដោះមីន អំពើភេរវកម្មថ្ងៃអាទិត្យនេះគឺសំដៅទៅលើផ្សារ ឃីសា ខ្វានី ច្រើនជាង ព្រោះជាផ្សារមានមនុស្សទិញទំនិញកុះករ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ បានថ្កោលទោសអំពើភេរវកម្មនេះ ដោយលើកឡើងថា រាល់ភេរវជនដែលបានវាយប្រហារនេះ គ្មានចិត្តមនុស្សធម៌សោះឡើយ ហើយទង្វើនេះ គឺមិនបានសមស្របទៅតាមគោលការណ៍សាសនាណាមួយនោះទេ។ ត្រឹមតែមួយសប្តាហ៍ ប៉ុណ្ណោះ ក្រុងប៉េស្ហាវ៉ាបានរងនូវអំពើភេរវកម្មដល់ទៅ៣លើក។ កាលពីថ្ងៃអាទិត្យទី២២កញ្ញា អំពើភេរវកម្មផ្ទួនគ្នាចំនួនពីរ វាយប្រហារទៅលើវិហារគ្រិស្តសាសនា នៅកណ្តាលក្រុង បានសម្លាប់មនុស្ស៨២នាក់។ ហើយនៅថ្ងៃសុក្រកន្លងទៅនេះ គ្រាប់បែកមួយដែលត្រូវបានគេកប់ទុកនៅក្រោមឡានក្រុងមួយគ្រឿង បានផ្ទុះឡើង សម្លាប់មនុស្ស១៨នាក់។
អំពើភេរវកម្មទាំងនេះកើតឡើង នៅកំឡុងពេលដែលរដ្ឋាភិបាលប៉ាគីស្ថានបានស្នើអោយក្រុមឧទ្ទាមតាលី បង់ ចរចាសន្តិភាពជាមួយខ្លួន ដើម្បីបិទបញ្ចប់អំពើហិង្សា ក្នុងរយៈពេល៦ឆ្នាំមកនេះ។ ក្នុងរយៈពេល៦ឆ្នាំ កន្លងមក អំពើហិង្សាជាច្រើន បានសម្លាប់មនុស្សរាប់ពាន់នាក់ នៅទូទាំងប្រទេស។
ដោយឡែក ក្រៅពីភេរវកម្មនៅក្រុងប៉េស្ហាវ៉ា ប៉ាគីស្ថានក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួយដីដល់ទៅពីរលើកផងដែរ ក្នុងសប្តាហ៍នៃថ្ងៃទី២៣កញ្ញានេះ។ គ្រោះរញ្ជួយដីទាំងពីរនេះ បានសម្លាប់មនុស្សជិត៤០០នាក់ នៅខេត្តបាលូតឈីស្ថាន ភាគអាគ្នេយ៍៕ដោយ ព្រំ សឿន សូលីណា (RFI)