រដ្ឋាភិបាលសហពន្ធ័បញ្ជាឲ្យបិទសេវាកម្មជាច្រើនដោយសារកង្វះថវិកា
ព្រឹទ្ធសភាអាមេរិកបានសម្រេចកាលពី វេលាម៉ោង២និង៣០ នាទីរំលងអាធ្រាត្រដោយទាត់ចោលគម្រោងថវិការបស់រដ្ឋាភិបាលលោកអូ បាម៉ា។ ការសម្រេចនេះបានបង្ខំឲ្យរដ្ឋាភិបាលសហពន្ធ័ត្រូវបញ្ឈប់សេវាកម្ម មួយចំនួនជាចាំបាច់ ដោយសារតែកង្វះថវិកាសម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរដ្ឋការ។
ទីបំផុតទៅ រដ្ឋាភិបាលសហពន្ធ័បានបង្ខំចិត្តនៅព្រឹកថ្ងៃអង្គារនេះ ផ្អាកសេវាកម្មជាច្រើនដោយសារតែរដ្ឋាភិបាលគ្មានថវិកាសម្រាប់បើក ប្រាក់ខែជូនមន្ត្រីរដ្ឋការទៀតឡើយ បន្ទាប់ពីព្រឹទ្ធសភាបានទាត់ចោលគម្រោងថវិការបស់លោកអូបាម៉ា។
គណបក្សទាំងពីរនៅសហរដ្ឋអាមេរិកមានពេលត្រឹមពាក់កណ្តាលអាធ្រាត្រ ថ្ងៃចន្ទទី៣០ កញ្ញាដើម្បីស្វែងរកការព្រមព្រៀងគ្នាដើម្បីឈានទៅអនុម័តគ្រោងថវិកា ឆ្នាំ ២០១៤ ប៉ុន្តែ ទីបំផុតទៅ ដោយសារតែគ្មានការព្រមព្រៀង នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារនេះ ព្រឹទ្ធសភាបានសម្រេចច្រានចោលសេចក្តីស្នើគម្រោងថវិការបស់លោក ប្រធានាធិបតីអូបាម៉ា។
ការសម្រេចរបស់ព្រឹទ្ធសភានឹងធ្វើឲ្យរដ្ឋាភិបាលលែងមានកញ្ចប់ថវិកា សម្រាប់បើកប្រាក់ខែឲ្យមន្ត្រីរដ្ឋការ ហើយនឹងត្រូវបង្ខំចិត្តបិទសេវាកម្មមួយផ្នែកធំ ដោយបើកឲ្យដំណើរការតែសេវាកម្ម ដែលចាំបាច់តែប៉ុណ្ណោះ ដូចជា ប៉ូលិស ទាហាន ក្រុមពន្លត់អគ្គិភ័យ មន្ទីរពេទ្យ និងសេវាកម្មត្រួតពិនិត្យជើងហោះហើរជាដើម។
មន្ត្រីសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធជិត១លាននាក់ នឹងត្រូវគេបង្ខំឲ្យឈប់សម្រាក ដោយគ្មានប្រាក់ឈ្នួល រហូតទាល់តែសភាអាចអនុម័តថវិកាថ្មីបាន ហើយរដ្ឋាភិបាលអាចចាប់ដំណើរការឡើងវិញ។
គួរបញ្ជាក់ថា ដោយសារតែសហរដ្ឋអាមេរិក គឺជារដ្ឋសហព័ន្ធ ដូច្នេះ គេត្រូវធ្វើការបែងចែកឲ្យដាច់ពីគ្នារវាងដំណើរការនៃរដ្ឋាភិបាល សហព័ន្ធ និងដំណើរការនៃរដ្ឋនីមួយ។ បញ្ហាជាប់គាំង នៅសភាអាមេរិកនៅពេលនេះ គឺទាក់ទងតែចំពោះថវិការបស់រដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ។ ចំណែកឯរដ្ឋនីមួយៗ ដែលមានថវិកាផ្ទាល់ខ្លួននោះមិនប៉ះពាល់ទេ មានន័យថា ការផ្អាកដំណើរការសេវាកម្មរដ្ឋ គឺកើតឡើងតែចំពោះបុគ្គលិករដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះ។ គេត្រូវរង់ចាំរហូតដល់សភាអនុម័តថវិកាជាថ្មីទើបសេវាកម្មទាំងនោះ អាចដំណើរការឡើងវិញបាន៕ដោយ ប៉ែន បូណា(RFI)