ក្រុមបក្សពួក​លោក Silvio Berlusconi បាន​បញ្ឆេះ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៅ​អ៊ីតាលី

ប្រទេស ​អ៊ីតាលី​ទើប​បាន​ពើបប្រទះ​នឹង​ វិបត្តិនយោបាយ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ការ​លាលែង​ពី​តំណែង​រដ្ឋមន្រ្តី​ចំនួន ៥រូប​ដែល​គំាទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី Silvio Berlusconi។ លោក​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន Enrico Letta បាន​ចាត់​ទុក​ទង្វើ​នេះ ថា​មិន​សមហេតុផល និង​ព្រមាន​ថា លោក​នឹង​លាលែង​ចុះ​ពី​តំណែង​ដែរ ប្រសិន​បើ​ក្រុម​លោក Silvio Berlusconi នៅ​បន្ត​ធ្វើ​ដូច​នេះ​ទៀត​នោះ។ យ៉ាង​ណា​ក៏​ដោយ និង​ក្រោយ​ពី​បាន​ជួប​ជាមួយ​លោក​ប្រធានាធិតី Giorgio Napolitano មក លោក Letta គ្រោង​នឹង​ដាក់​សំណើ​សុំ​ការ​ផ្តល់​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សភា។

បន្ទាប់ ​ពី​ការ​លាចុះ​ចេញ​ជា​សមូហភាព​ពី​តំណែង​រដ្ឋមន្រ្តី​របស់​ក្រុម​ អ្នកគំាទ្រ​លោក​អតីត​នាយករដ្ឋមន្រ្តី Silvio Berlusconi មក លោក​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន Enrico Letta មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ព្រម​ទំាង​គណបក្ស​របស់​លោក​បាន​ចាត់​ទុក​ទង្វើ​របស់​រដ្ឋមន្រ្តី​លាលែង​ទំាង ៥នាក់​នោះ​ថា ជា​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ និង​ថា ជា​កាយវិការ​មនុស្សខូច ចំ​ពេល​ដែល​ស្ថានភាព​សេចដ្ឋកិច្ច​អ៊ីតាលី​កំពុង​ត្រដរខ្យល់។ គណបក្ស​ឆ្វេង​និយម​របស់​លោក Letta ដដែល​បាន​អះអាង​ថា មូលហេតុ​នៃ​ការ​ដើរ​ចេញ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ទំាង ៥រូប​នោះ គឺ​មក​ពី​ពួក​គេ​ចង់​សម្តែង​ការ​គំាទ្រ​ចំពោះ​លោក Silvio Berlusconi។ លោក Berlusconi ដែល​បាន​ទទួល​ទោស​ពី​បទលួចពន្ធ និង​ដែល​អាច​ត្រូវ​បណ្តេញ​ចេញ​ពី​សមាជិក​ព្រឹទ្ធសភា ព្រម​ទំាង​លែង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ ការ​លាលែង​របស់​រដ្ឋមន្រ្តី​គំាទ្រ​លោក Silvio Berlusconi បាន​ជម្រុញ​អ៊ីតាលី​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​ជា​ថ្មី និង​ដែល​អាច​នំា​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ខណៈ​នេះ មាន​តែ​លោក​ប្រធានាធិតី Giorgio Napolitano តែ​ម្នាក់​ឯង​គត់​ដែល​មាន​អំណាច​សម្រេចចិត្ត​រំលាយ ឬ​មិន​រំលាយ​សភា។ តែ​លោក Napolitano មិន​ចង់​ធ្វើ ដោយ​គ្មាន​ការ​អនុម័ត​ច្បាប់​ផ្តល់សេចក្តីទុកចិត្ត និង​ច្បាប់​បោះឆ្នោត​ថ្មី​នោះ​ទេ។

ចំណែក​ខាង​ក្រុម​គណបក្ស​កណ្តាលឆ្វេងនិយម ក៏​ដូច​ជា​ក្រុមស្តំា​កណ្តាល​ក៏​មិន​ចង់​ឲ្យ​មាន​ការ​រំលាយសភា​ភ្លាម និង​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី​នា​ពេល​ឆាប់ៗ​នេះ​ដែរ។ ដូច្នេះ លោក​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន Enrico Letta ត្រូវ​តែ​ពិនិត្យមើល​ជាមុន​សិន​ថា តើ​លោក​នៅ​តែ​មាន​សម្លេងគំាទ្រ​ច្រើន​ដូច​មុន ឬ​មួយ​ក៏​អត់។ ដើម្បី​អាច​ដឹង​ថា គឺ​មាន​តែ​ការ​រៀបចំ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដែល​គ្រោង​ធ្វើ​នៅ​ ថ្ងៃទី១ តុលា​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close