លោក សម រង្ស៊ី ទៅគោរពវិញ្ញាណក្ខន្ឋអ្នកស្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកថ្ងៃ៣០ មីនា ១៩៩៧
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ មីនា ១៩៩៧ មនុស្សប្រមាណ១៧នាក់ បានត្រូវគេរាយការណ៍ថាបានស្លាប់ និងជាង១០០នាក់ទៀតរងរបួសនៅក្នុងការគប់គ្រាប់បែកដៃចំនួន២គ្រាប់ ចូលក្រុមបាតុករដែលកំពុងធ្វើការទាមទារឲ្យមានការកែទម្រង់ ប្រព័ន្ឋយុត្តិធ៌មនៅមុខមន្ទីររដ្ឋសភាចាស់ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៣នេះ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ឋនៅចេតិយអ្នកស្លាប់មុខរដ្ឋសភាចាស់ ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកចូលក្រុមបាតុករកាលពីថ្ងៃទី៣០ មីនា ១៩៩៧ ។ រហូតមកដល់ពេលនេះជាង១៦ឆ្នាំហើយ ជនសង្ស័យក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ មិនទាន់ត្រូវបានគេឃាត់ខ្លួនយកមកផ្តន្ទាទោសនៅឡើយទេ ។
លោក ខៀវ សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយ បាននៅឡើយទេនៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៣នេះ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកលើកទទួល ប៉ុន្តែលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្ត្រ ធ្លាប់បានបញ្ជាក់ហើយថា សំណុំរឿងនេះសមត្ថកិច្ចមិនទាន់បិទបញ្ចប់ការស្រាវជ្រាវស៊ើបអង្កេត
នៅឡើយទេ ៕ Cambodia News