តំបន់កាស្មៀ៖ការវាយប្រហារ​ចំនួន​ពីរលើក​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៩នាក់

នៅ​ក្នុង​ប្រទេស​ឥណ្ឌា ក្រុម​ប្រដាប់អាវុធ​បន្លំខ្លួន​ពាក់​ឯកសណ្ឋាន​ជា​យោធា​បាន​បើក​ការ​ វាយប្រហារ​ផ្ទួនៗ​គ្នា​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ កញ្ញា​នេះ​លើ​មូលដ្ឋាន​យោធា និង​ប៉ូលិស​ឥណ្ឌា​នៅ​ក្នុង​តំបន់​កាស្មៀ។ តុល្យការ​បណ្តោះអាសន្ន​ផ្តល់​ដោយ​ប៉ូលិស និង​ទាហាន​ឥណ្ឌា​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩នាក់ ក្នុង​នោះ​មាន​ប៉ូលិស ៥នាក់ ទាហាន ២នាក់ និង​ជនស៊ីវិល ២នាក់។ អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង ជួន​ចំ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif គ្រោង​នឹង​ជួប​គ្នា​នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ ញូយ៉ក។

ក្រុម​ភេរវជន​បាន​បើក​ការ​ វាយប្រហារ​លើ​ពីរ​កន្លែង​ខុស​គ្នា​ក្នុង​រដ្ឋ Jammu Cachemire។ កន្លែង​ទី១ នៅ​ប៉ុស្តិ៍​ប៉ូលិស Hiranaga ស្ថិត​ចម្ងាយ​ប្រមាណ ២០០គីឡូម៉ែត្រ​ពី​ទីក្រុង Srinagar ដោយ​បាន​សម្លាប់​ប៉ូលិស ៥នាក់ និង​ជនស៊ីវិល ២នាក់ រីឯ​កន្លែង​ទី២ នៅ​មូលដ្ឋាន​យោធា​មួយ​ស្ថិត​ក្នុង​តំបន់ Samba ដោយ​បាន​សម្លាប់​ទាហាន ២នាក់។ តែ​លោក​ដោយ ចៅហ្វាយ​រដ្ឋ Jammu Cachemire Omar Abdallah បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​ចំនួន​អ្នកស្លាប់​ដោយ​សំអាង​ថា ស្ថានការណ៍​នៅ​មិន​ទាន់​វិល​មក​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ​ទេ។ ដោយ​មិន​បាន​ចង្អុល​ចំ​មុខ​ប្រទេស​ប៉ាគីស្ថាន លោក Abdallah គ្រាន់​តែ​បាន​បញ្ជាក់​ថា ក្រុម​ភេរវជន​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប៉ាគីស្ថាន​ចូល​ក្នុង​ទឹកដី​ឥណ្ឌា​កាល​ ពី​ថ្ងៃ​ពុធ ទី២៥ កញ្ញា​ម្សិលមិញ។

អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង ជួន​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Manmohan Singh និង​លោក​នាយក​រដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif គ្រោង​នឹង​ជួប​គ្នា​នា​ចុង​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​ញូយ៉ក​នៅ​ក្រៅ​ ក្របខណ្ឌ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ គោលដៅ​នៃ​ជំនួប គឺ​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រវាង​បងប្អូន​គូសត្រូវ​ទំាង​ពីរ​ដែល​កំពុង​ ឈ្លោះ​ដណ្តើម​គ្នា​កាន់កាប់​តំបន់​កាស្មៀ។ លោក Abdallah បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុម​ភេរវជន​ពេល​នេះ​ថា ជា​ការ​ប៉ុនប៉ង​កម្ទេច​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​ឥណ្ឌា និង​បាគីស្ថាន។

ពី​ទីក្រុង​ញូយ៉ក គេ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ពី​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​នៅ​ឡើយ​ទេ តែ​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​ដែល​លោក​ចាត់ទុក​ជា ​ទង្វើ​ដ៏​ឆ្កួតលីលា និង​ធានា​ថា ទង្វើ​របៀប​នេះ​នឹង​មិន​អាច​យក​ឈ្នះ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែង​រក​ សន្តិភាព​តាម​ផ្លូវ​ចរចា​បាន​ឡើយ។

គួរ​រម្លឹក​ជូន​ថា ការ​ដណ្តើម​អធិបតេយ្យ​តំបន់​កាស្មៀ​បាន​ជម្រុញ​ប្រទេស​មហា​អំណាច​ នុយក្លេអ៊ែរ​ទំាង​ពីរ​នៅ​អាស៊ី​ធ្លាក់​ក្នុង​សង្រ្គាម​រវាង​គ្នា​ចំនួន​ពីរ​ ដង និង​ហៀប​នឹង​ផ្ទុះ​ជា​លើក​ទី៣ តំាង​ពី​ក្រោយ​ពុះ​ចែក​តំបន់​កាស្មៀ​ជា​ពីរ​ចំណែក​ក្នុង​ឆ្នំា ១៩៤៧។ ជា​រឿយៗ ឥណ្ឌា​តែងតែ​បាន​ចោទ​ប៉ាគីស្ថាន​ពី​បទ​បាន​បំពាក់​អាវុធ​ឲ្យ​ក្រុម​ អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​​ចូល​វាយប្រហារ​នៅ​តំបន់​កាស្មៀ​ឥណ្ឌា តែ​ប៉ាគីស្ថាន​តែងតែ​បាន​បដិសេធ​ជានិច្ច៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close