អ្នកឈ្នះជ័យលាភីនឹងបានទៅទស្សនកិច្ចសិក្សា នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់
Cambodia News/
ដោយ៖ ហេង នាង
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា លោក ខៀវ កាញា រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញប្រគល់វិញ្ញាបនប័ត្រ ដល់មន្ត្រីខេត្តទាំងបី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ដេនីស ស្រៃយ៍ នាយកមូលនិធិខុនរ៉ាដអាដេណៅអ៊ែរ ប្រចាំនៅកម្ពុជា។

ខេត្តដែលទទួលបានវិញ្ញាបនប័ត្រ មានខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តព្រះវិហារ។ ខេត្តដែលឈ្នះជ័យលាភីនឹងបានទៅទស្សនកិច្ចសិក្សា នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ១ សប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ខាង មុខ នេះ។
លោក ដេនីស ស្រៃយ៍ តំណាង មូលនិធិខុនរ៉ាដបានមានប្រសាសន៍ថា កម្មវិធីនេះ ចាប់ផ្តើមពីខែមិនា ដល់ខែតុលា ឆ្នាំ២០១៣ ក្នុងការចូលរួមប្រកួតប្រជែង មានខេត្តចំនួន ១៣ និងរាជធានីភ្នំពេញ ចូលរួមប្រកួតប្រជែង ហើយយើងចែកខេត្តទាំងនោះ ជាបីក្រុម ដោយផ្អែកទៅលើទំហំប្រជាជន និងកម្រិតនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ការធ្វើបែបនេះ គឺដើម្បីផ្តល់ឲ្យខេត្តទាំងអស់ ដែលចូលរួមប្រកួតមានឱកាសស្មើៗគ្នា។
លោករដ្ឋមន្ត្រី ខៀវ បានគូសបញ្ជាក់ថា ការប្រឡងប្រណាំង មិនមែនជាការយកឈ្នះចាញ់ តែជាការរំលេចចេញការងារជាក់ស្តែងក្នុងការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសារធារណៈជាក់ស្តែង នៅថ្នាក់ក្រោមជាតិ ហើយនេះជាឱកាស ដែលយើងពិនិត្យការងាររបស់យើងឡើងវិញ ដើម្បីកែលម្អចំណុចខ្វះខាត និងរៀនសូត្របន្ត៕