គ្រោះរញ្ជួយដី​នៅ​ប៉ាគីស្ថាន​ ស្លាប់​ជាង​២៥០នាក់​​

គ្រោះ ​រញ្ជួយដី​​​កម្រិត​៧,៧វ៉ិចទ័រ បាន​វាយប្រហារ​​​​​​ខេត្ត​បាលូតឈីស្ថាន​ ​​ភាគនិរតី​ប្រទេស​ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បណ្តាល​អោយ​មាន​មនុស្សជាង​​​២៥០នាក់​ ​ស្លាប់​បាត់បង់​ជីវិត។ អាជ្ញាធរ​ប៉ាគីស្ថាន បាន​ដាក់​មួយភាគ​នៃខេត្ត​បាលូតឈីស្ថាន​ ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ ​នៅថ្ងៃ​ពុធនេះ កងទ័ព​ប៉ាគីស្ថាន​បាន​ចុះទៅជួយ​ជនរងគ្រោះ​ក្នុង​តំបន់។ ​កម្លាំង​​នៃ​គ្រោះរញ្ជួយដី​នេះ ក៏បាន​​ធ្វើអោយ ប្រជាជន​ឥណ្ឌា និង​អ៊ីរ៉ង់​ ដែល​នៅក្បែរនោះ បាន​ដឹង​ពីហេតុការណ៍​នេះផងដែរ។

ក្នុង​កម្រិត​ ៧,៧វ៉ិចទ័រ ដែល​ជា​កម្រិត​ខ្ពស់ គ្រោះ​រញ្ជួយដី​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​សន្ធឹកសន្ធាប់។ វាបាន​បំផ្លាញ​សង្កាត់​ចំនួន​៦ ក្នុង​​ខេត្ត​បាលូតឈីស្ថាន ធ្វើអោយ​​ប្រជាជន​៣សែននាក់​រងគ្រោះ។

អាទិភាព ​បន្ទាន់​នៅពេលនេះ គឺ​ការ​បញ្ជូន​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​អោយ​បាន​រហ័ស​បំផុត។ បញ្ហា​​​​គឺថា អាជ្ញាធរ​ខ្វះ​សេវា​សុខភាព​ ដើម្បី​ជួយជនរងគ្រោះ។ ក្នុង​តំបន់​រងគ្រោះ​ ​គ្មាន​មន្ទីរពេទ្យ​​សោះឡើយ។ អាជ្ញាធរ​បាន​ដឹក​​​​អ្នករបួស​ធ្ងន់ទាំងឡាយ​ ​តាម​ឧទ្ធម្ភាគចក្រ​ ទៅ​ការ៉ាឈី និង​ទៅ​កាន់​​សង្កាត់​ជិតខាងក្បែរ​នោះ។ ​​គ្រូពេទ្យ​​១០០នាក់ និង​កងទ័ព​១០០០នាក់​ ក៏​បាន​ចុះ​ទៅ​ក្នុង​តំបន់​រងគ្រោះ​ហើយដែរ។ នៅ​ក្នុង​ភូមិ តារទីជ អាជ្ញាធរក៏​​បាន​​បង្កើត​ទីកន្លែង​ព្យាបាល​ជនរងគ្រោះ​ភ្លាមៗ​ផងដែរ។

មួយភាគ​នៃ​ខេត្ត​បាលូតឈីស្ថាន​ត្រូវ​បាន​ដាក់​ក្នុង​ការ​ប្រកាស​ស្ថានភាព​ អាសន្ន។​ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះរញ្ជួយដី​នេះកើតឡើង វិទ្យាស្ថាន​​​ភូមិសាស្ត្រ​​-រូបវិទ្យា​អាមេរិក បាន​ប្រកាស​​អោយ​មាន​ការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ព្រោះថា គ្រោះ​រញ្ជួយដី​ក្នុង​កម្រិត​ខ្ពស់​បែបនេះ អាច​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​ថែមទៀត។

ខេត្ត​បាលូតឈីស្ថាន​ជា​ខេត្ត​​ដ៏ធំ មានប្រជាជន​រស់នៅតិច​ជាង​ខេត្ត​ដទៃទៀត។ គឺ​ជា​ខេត្ត​ក្របំផុត​ក្នុង​ប្រទេស។ ក្នុង​ខេត្តនេះ សំបូង​ហិង្សា​ប្រឆាំង​នឹងអ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត ហើយ​ក៏​ជា​ទីកន្លែង វាយប្រហារ​របស់​​ក្រុម​ឧទ្ទាម​តាលីបង់​​ផងដែរ។ លើសពីនេះ​ ខេត្តបាលូតឈីស្ថាន​នេះ​ ​ជា​ទី​ប្រឈមមុខ​រវាង​​​ក្រុមឧទ្ទាមដែល​មាន​ឈ្មោះថា កងទ័ព​រំដោះ​បាលូឈីស្ថាន​​ ​​និង​កងទ័ព​រដ្ឋាភិបាល​។

ដោយឡែក គ្រោះ​រញ្ជួយដី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​​ផ្តុំ​ផ្ទាំងថ្ម​បង្កើត​​បាន​ជា​កោះមួយ កំពស់​​រហូត​ដល់ទៅ​៣០ម៉ែត្រ នៅ​ឆ្នេរ​សមុទ្រ​អារ៉ាប៊ី។ ហេតុការណ៍​នេះ ធ្លាប់​កើតមាន​ម្តងរួច​មកហើយ នៅ​ទីកន្លែង​ដដែលនេះដែរ កាលពី​៦០ឆ្នាំ​មុន៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close