ពលរដ្ឋ​អាមេរិក​និង​អង់គ្លេស​ស្ថិតក្នុង​ក្រុម​ភេរវជន​ដែល​វាយប្រហារ​​អគារពាណិជ្ជកម្ម​ក្រុង​ណៃរ៉ូប៊ី​

អាជ្ញាធរ​អាមេរិក​កំពុង​តែ​ស៊ើបអង្កេត​ ទាក់ទង​នឹង​ព័ត៌មាន​ថា ពលរដ្ឋ​អាមេរិក​​ស្ថិត​ក្នុង​​​ក្រុមភេរវជន​​​អ៊ីស្លាម​ស្ហេបាប់ ដែល​វាយប្រហារ​អគារពាណិជ្ជកម្ម ​ក្រុង​ណៃរ៉ូប៊ី នៅប្រទេស​កេនយ៉ា តាំងពី​ថ្ងៃ​សៅរ៍​មុន។ ​ក្រសួង​ការបរទេស​​កេនយ៉ា​បាន​ប្រាប់ថា ក្នុង​ចំណោម​ភេរវជន​ទាំងនោះ មាន​​ពលរដ្ឋអាមេរិក​ប្រហែល​២ទៅ៣នាក់ និងមាន​ស្ត្រី​​ពលរដ្ឋ​អង់គ្លេស​មួយរូប​ផងដែរ។ នៅថ្ងៃ​អង្គារ​នេះ ក្រុមភេរវជន​បានប្រាប់ថា ខ្លួន​នៅ​មាន​ចំណាប់​ខ្មាំង​​ក្នុងដៃ​នៅឡើយ។ រហូត​មក​ដល់ពេលនេះ​ មាន​មនុស្ស​យ៉ាងហោច​៦២នាក់ ​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​​​ដោយ​ក្រុមភេរវជន​ទាំងនេះ។

គួរ​រំលឹក​​ឡើងវិញថា កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ក្រុម​អ៊ីស្លាម​ជ្រុលនិយម​​ស្ហេបាប់ ​ពាក់ព័ន្ធ​ ក្រុមឧទ្ទាម​អាល់ កៃដា មកពី​ប្រទេស​សូម៉ាលី បាន​​វាយប្រហារ​​អគារពាណិជ្ជកម្ម ​ក្រុង​ណៃរ៉ូប៊ី នៅប្រទេស​កេនយ៉ា ធ្វើអោយ​មាន​មនុស្ស​របួស​និង​ស្លាប់​ជាច្រើន​នាក់។ អាជ្ញាធរ​កេនយ៉ា​គិតថា ពលរដ្ឋ​បរទេស​រឺ​ក៏​បណ្តា​ជន​ដែល​រស់​នៅអាមេរិក​ មានវត្តមាន​​ ក្នុង​ចំណោម​ក្រុម​ភេរវជន​​ដែល​បាន​ចាប់​មនុស្ស​ជាង​១០នាក់​ធ្វើជា​ ចំណាប់ខ្មាំង​ តាំងពី​ថ្ងៃ​សៅរ៍​​មក។ មេបញ្ជាការ​កងទ័ព​កេនយ៉ា បាន​ប្រាប់​ថា ក្នុង​ក្រុម​ភេរវជន​​ទាំងនោះ ក៏​មានវត្តមាន​ជនប្រដាប់​អាវុធ​ដែល​មក​ពីប្រទេស​ជាច្រើន​ទៀត​ផងដែរ។ ​

ដោយឡែក ​ ក្រសួង​ការបរទេស​​កេនយ៉ា​បាន​ប្រាប់ថា ក្នុង​ចំណោម​ក្រុម​ភេរវជន​​ មាន​​ពលរដ្ឋអាមេរិក​ប្រហែល​២ទៅ៣នាក់ និងមាន​ស្ត្រី​​ពលរដ្ឋ​អង់គ្លេស​មួយរូប​ផងដែរ។ ប៉ូលិស​កំពុង​សិក្សា​ពី​ព័ត៌មាន​ដែល​​ថា ស្ត្រីអង់គ្លេស​រូបនេះ ជាស្ត្រី​ម៉េម៉ាយ មាន​ស្វាមី​ជា​ភេរវជន​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​ ស្លាប់​នៅទីក្រុង​ឡុង កាលពី​ដើមខែ​កក្កដា ឆ្នាំ​២០០៥។

អាជ្ញាធរ​អាមេរិក​កំពុងតែ​ស៊ើបអង្កេត​លើ​ព័ត៌មាន​​ទាំងនេះ។ អាមេរិក​ទទួលស្គាល់ថា ពលរដ្ឋ​អាមេរិក​ប្រហែល​ជាង​១០នាក់ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​សូម៉ាលី ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដើម្បី​ហ្វឹកហាត់​ក្នុង​​ជួរក្រុមភេរវជន​ស្ហេបាប់។ ពលរដ្ឋ​អាមេរិក​ទាំងនោះ​ ភាគច្រើន​រស់​នៅ​រដ្ឋ​ Minnesota នៅភាគខាងលិច​អាមេរិក ក្នុង​តំបន់​ Minneapolis saint paul ​សំបូរ​ដោយ​ពលរដ្ឋ​អាមេរិក​​ដើមកំណើត​ពី​អាហ្វ្រិក​ខាង​កើត​រស់​នៅ។ គេហទំព័រ​ Twitter បាន​បង្ហាញ​នូវ​អត្តសញ្ញាណ​មួយ​​របស់​ក្រុម​ភេរវជន​ស្ហេបាប់ ដែល​បាន​សរសេរ​ថា ការវាយប្រហារ​នៅ​ក្រុងណៃរ៉ូប៊ី មាន​ការចូលរួម​ពីពលរដ្ឋ​អាមេរិក​៣នាក់ ពលរដ្ឋ កាណាដា​ម្នាក់ ពលរដ្ឋ​ស៊ុយអែដ​ម្នាក់​ និង​ពលរដ្ឋ​ហ្វាំងឡង់​ម្នាក់​ផងដែរ។

យោងតាម​ ប្រភព​ព័ត៌មាន​ផ្សេងៗ​របស់​អាមេរិក​ អ្នកស៊ើបអង្កេត​អាមេរិក​គិតថា អត្តសញ្ញាណ​ក្នុង​គេហទំព័រ Twitter នេះ ជា​អត្តសញ្ញាណ​មិន​ពិតប្រាកដ​​នោះទេ។

អ្នកវិភាគ​គិតថា ក្រុម​ភេរវជន​ស្ហេបាប់​ មកពីប្រទេស​សូម៉ាលី​នោះ ងាយ​នឹង​ទទួលយក​​ បណ្តា​ជន​មកពី​បស្ចិម​ប្រទេស​ អោយ​ចូល​​បំរើការ​ក្នុង​ក្រុមខ្លួន​ណាស់​ ព្រោះថា ជនបរទេស​ទាំងនោះ មាន​​លិខិត​​ឆ្លងដែន​ងាយស្រួលធ្វើដំណើរ​គ្រប់ទិសទី ហើយ​ជន​ទាំងនោះ ​មិន​សូវ​ត្រូវបាន​គេ​ត្រួតពិនិត្យ​ហ្មត់ចត់​នោះឡើយ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close