ក្រុងសេអ៊ូលទទូចក្រុងព្យុងយ៉ាងអោយកែប្រែចិត្តរៀបចំជំនួបក្រុមគ្រួសារកូរ៉េ
កូរ៉េខាងត្បូងបានទទូចសុំអោយកូរ៉េ ខាងជើងកែប្រែការសំរេចចិត្តរបស់ខ្លួនឡើងវិញ ដើម្បីអនុញ្ញាតអោយក្រុមគ្រួសារកូរ៉េដែលបែកគ្នាក្រោយសង្គ្រាម កូរ៉េនោះ បានជួបគ្នា ដូចដែលបានធ្វើកន្លងមក។ នេះបើយោងព័ត៌មានរបស់កាសែតបារាំង AFP ចុះផ្សាយនៅថ្ងៃចន្ទទី២៣កញ្ញានេះ។ តាមធម្មតា ជនជាតិកូរ៉េខាងជើង និងខាងត្បូង រាប់រយនាក់ ត្រូវជួបជុំគ្នាឡើងវិញ នៅថ្ងៃពុធខានស្អែកនេះ។ ប៉ុន្តែ ក្រុង ព្យុងយ៉ាងបានលុបចោលគំរោងនេះទៅវិញ ដោយចោទថា កូរ៉េខាងត្បូងបានធ្វើទង្វើប្រឆាំងកូរ៉េខាង ជើង។
កម្មវិធី ជំនួបគ្រួសារកូរ៉េដែលបានបែកគ្នា ក្រោយសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ត្រូវបានព្យួរចោលអស់រយៈពេល៣ឆ្នាំមកហើយ ដោយសារតែទំនាក់ទំនងរវាងកូរ៉េទាំងពីរបានធ្លាក់ចុះដុនដាបខ្លាំង។
កាលពី ថ្ងៃ១៨សីហា កូរ៉េខាងជើងបានយល់ព្រមអោយមានជំនួបក្រុមគ្រួសារកូរ៉េឡើងវិញ ទៅតាមសំណើរបស់កូរ៉េខាងត្បូង ដែលតាមធម្មតា ជំនួបនេះ នឹងធ្វើឡើងនៅថ្ងៃពុធខានស្អែក។ ប៉ុន្តែ នៅចុងសប្តាហ៍កន្លងមកនេះ ក្រុងព្យុងយ៉ាងបានកែប្រែចិត្ត ដោយបានលុបចោលជំនួបនេះទៅវិញ។ កូរ៉េខាងជើងបានចោទកូរ៉េខាងត្បូងថា បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលនេះគឺជាទង្វើប្រឆាំងទៅនឹងកូរ៉េខាងជើង។
យោងតាមអ្នកវិភាគនានា ក្រុងព្យុងយ៉ាងព្យាយាមបង្កសម្ពាធលើក្រុងសេអ៊ូល ដើម្បីអោយក្រុងសេអ៊ូល ព្រមអោយជនជាតិកូរ៉េខាងត្បូងបានត្រលប់មកទស្សនាតំបន់ទេសចរ Mont Kumgang ក្នុងទឹកដីកូរ៉េខាងជើងវិញ។ ក្រុងសេអ៊ូលបានចាត់ទុកទង្វើលុបចោលជំនួបគ្រួសារកូរ៉េ របស់ក្រុងព្យុងយ៉ាង ថាជាទង្វើអមនុស្សធម៌។
គួររំលឹកឡើងវិញថា គ្រួសារជនជាតិកូរ៉េទាំងសងខាងចំនួនរាប់លាននាក់ បានបែកគ្នាក្រោយសម័យសង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣។ ជនជាតិកូរ៉េខាងត្បូងប្រមាណ៧ម៉ឺន២ពាន់នាក់ ដែលពាក់កណ្តាលមានអាយុជាង៨០ឆ្នាំទៅហើយនោះ កំពុងរង់ចាំជួបជុំគ្រួសារខ្លួន ដែលរស់នៅក្នុងទឹកដីកូរ៉េខាងជើង ហើយដែលពិបាកនឹងចាកចេញពីទីនោះ។ ចំនួនមនុស្សដែលត្រូវបានអនុញ្ញាតអោយជួបជុំគ្នា មានតែខ្ទង់រយប៉ុណ្ណោះ។ ហើយជំនួបគ្រួសារទៀតសោត ប្រព្រឹត្តទៅក្នុងទឹកដីកូរ៉េខាងជើង តែពេលពី២ទៅ៣ថ្ងៃប៉ុណ្ណោះ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិកូរ៉េមានវ័យជរាខ្លាំង ដែលពិបាកនឹងធ្វើដំណើរ អាចមើលឃើញមុខមាត់សមាជិកគ្រួសារខ្លួន ដែលបានបែកគ្នានោះ តាមគេហទំព័រវីដេអូ៕ដោយ ព្រំ សឿន សូលីណា (RFI)