សម្តេចសង្ឈ​ដាឡៃឡាម៉ា​ អំពាវនាវ​អោយ​ព្រះសង្ឈ​ភូមា​ បញ្ឈប់​ហិង្សា​ប្រឆាំង​អ្នក​កាន់សាសនា​អ៊ីស្លាម​

នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ សម្តេច​សង្ឈដាឡៃឡាម៉ា អំពាវនាវ​អោយ​ព្រះសង្ឈ​ភូមា​ គោរព​គោលការណ៍​ព្រះពុទ្ធ​សាសនា ដើម្បី​បញ្ឈប់អំពើ​​​ហិង្សា​ប្រឆាំងទៅ​នឹង​​អ្នកកាន់សាសនា​អ៊ីស្លាម នៅភូមា។ មួយឆ្នាំ​មកនេះ អំពើហិង្សា​សហគមន៍​ក្នុង​រដ្ឋរ៉ាក់ឃីន ភាគខាងលិច​ប្រទេស​ បាន​សម្លាប់​មនុស្ស​ប្រមាណ​២០០នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស។

សម្តេចសង្ឈ ​ដាឡៃឡាម៉ា បានអំពាវនាវ​ ដល់​ព្រះសង្ឈ​នៅភូមា អោយ​គោរពតាម​គោលការណ៍​​ពុទ្ធ សាសនា ប្រកាន់សច្ចភាព​ ដើម្បី​បញ្ចប់ការបង្ហូរ​ឈាម​នៅភូមា។ ក្នុង​ការ​​អំពាវនាវ​​នេះ សម្តេច​សង្ឈ ដាឡៃឡាម៉ា បានប្រើពាក្យ​ បងប្អូន​អ្នកកាន់សាសនា​អ៊ីស្លាម ដើម្បី​​​​​ក្រើនរំលឹក​ព្រះសង្ឃភូមា​ពី​សច្ចភាព​ដែលចែង​ក្នុង​​​ សាសនាព្រះពុទ្ធ។ ព្រះអង្គ​​​បន្ថែមថា សច្ចភាព​នេះ នឹង​ជួយអោយ​បងប្អូន​អ្នកកាន់សាសនា​អ៊ីស្លាម​ទាំងនោះ​ចៀសផុត​ពី​ការរងគ្រោះ។

គួររំលឹកថា អំពើហិង្សា​សហគមន៍​នៅ​រដ្ឋរ៉ាក់ឃីន ភាគខាងលិច​ភូមា ក្នុង​រយៈ​ពេល​មួយឆ្នាំ​មកនេះ បាន​សម្លាប់​មនុស្ស​២០០នាក់ និង​ធ្វើ​អោយ​មនុស្ស​១៤ម៉ឺន​នាក់ទៀត ភៀសខ្លួន។ ជនរងគ្រោះ​ភាគច្រើន​ជា​ អ្នកកាន់សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ាស។ នៅភាគខាង​លិចភូមា​នេះ មាន​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស​​​​៨សែននាក់​រស់នៅ។ អង្គការ​ សហប្រជាជាតិ​​ចាត់ទុក​ពួកគេ​ថា ជា​ជនជាតិភាគតិច​ដែល​រងនូវការ​​សំលាប់​រង្គាល​ច្រើនជាងគេ នៅក្នុង​ពិភពលោក។

លោកស្រី​ អ៊ុងសាន ស៊ូជី មេដឹកនាំ​គណបក្ស​ប្រឆាំង​ភូមា បាន​ប្រកាស​​​​ថា លោកស្រី​ខ្លួនឯងផ្ទាល់​ មិនអាច​ទប់ស្កាត់​​អំពើហិង្សា​ប្រឆាំង​អ្នកកាន់សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស ​បានទេ ដរាប​ណា​គ្មានការ​បង្កើត​និតិរដ្ឋ​មួយពិតប្រាកដ។ លោកស្រី​ស៊ូជី បាន​លើកឡើងថា រដ្ឋធម្មនុញ្ញ​ភូមា​បច្ចុប្បន្ន​​មិនអាច​ដោះស្រាយ​បញ្ហា​ជនជាតិភាគតិច​ នៅភូមា​បានឡើយ។

ដោយឡែក យ៉ាងយូរ​នៅដំណាច់ឆ្នាំ​២០១៣នេះ គណៈកម្មការ​សភាភូមា​នឹង​សំរេច​ចេញ​នូវរបាយការណ៍​មួយ​ ស្តីពី​សំណើ​​វិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញ​ ដែល​របបសឹកភូមា​ចាស់​បានតាក់តែង​​មួយទស្សវត្សរ​មកនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close