បស្ចិមប្រទេសនិងរុស្ស៊ីខ្វែងគំនិតគ្នា ក្នុងកិច្ចប្រជុំទាក់ទងស៊ីរី
ថ្វីដ្បិតតែសហរដ្ឋអាមេរិកនិងរុស្ស៊ី បានសំរេចចេញនូវកិច្ចព្រមព្រៀងសំរេចអោយមានការរំលាយអាវុធគីមី នៅស៊ីរីក្តី ក៏ភាគីទាំង២នៅតែបន្តខ្វែងគំនិតគ្នាដដែល ចំពោះមធ្យោបាយដែលនាំទៅដល់ការរំលាយអាវុធគីមីនេះ។ នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយវិបត្តិស៊ីរី កាលពីយប់ថ្ងៃអង្គារម្សិលមិញ ប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានផ្តល់លទ្ធផលអ្វីទំាងអស់។ រុស្ស៊ីចង់ចៀសវាងរាល់សេចក្តីសំរេចនៅអង្គការសហប្រជាជាតិ ដែលប្រឆាំងទៅនឹងរដ្ឋាភិបាលស៊ីរី។
ក្នុង កិច្ចប្រជុំសមាជិកអចិន្ត្រៃយ៍ទាំង៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅក្រុងញូវយកសហរដ្ឋអាមេរិកនិងបារាំង បានបង្ហាញការជឿជាក់ថា គឺរដ្ឋាភិបាលស៊ីរីតែម្តង ដែលបានបង្កការវាយប្រហារដោយអាវុធគីមី សម្លាប់ជនស៊ីវិល កាលពីថ្ងៃ២១សីហា កន្លងទៅ។ ប៉ុន្តែ សំរាប់រុស្ស៊ី គឺក្រុមឧទ្ទាមស៊ីរីទៅវិញទេ ដែលបានប្រើអាវុធគីមីទាំងនោះ។
បណ្តាបស្ចិមប្រទេស ចង់សំរេចអោយមានទណ្ឌកម្មជាក់ស្តែងប្រឆាំង ស៊ីរី ប្រសិនបើរដ្ឋាភិបាលក្រុង ដាម៉ាស មិនព្រមសហការ។ ប៉ុន្តែ រុស្ស៊ីមិនទាន់មានបំណងដាក់ទណ្ឌកម្មអ្វីទេ នៅពេលនេះ។ ទណ្ឌកម្មអាចធ្វើបាននៅពេលក្រោយ ក្នុងករណីចាំបាច់។
បញ្ហាដែលមិនចុះសម្រុងគ្នា ក្នុងកិច្ចប្រជុំថ្ងៃអង្គារដែរនោះ គឺទាក់ទងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ បារាំងចង់អោយតុលាការនេះកាត់ទោសបទឧក្រិដ្ឋសង្គ្រាមនោស៊ីរី ដោយចាប់ផ្តើមពីសំណុំរឿងនៃការវាយ ប្រហារដោយអាវុធគីមី កាលពីថ្ងៃ២១សីហា។ ប៉ុន្តែ សំណើនេះប្រហែលជានឹងត្រូវច្រានចោល ព្រោះថា មិនមែនមានតែរុស្ស៊ីទេ ដែលមិនយល់ស្រប សូម្បីតែអាមេរិក និងអង់គ្លេសក៏មិនបានគិតថាវាមានលក្ខណៈសំខាន់អ្វីនោះដែរ។ ប្រធានអង្គការសហប្រជាជាតិ លោក បាន គីមូន បានជំរុញអោយប្រទេសទាំង៥នៃក្រុមប្រឹក្សាសន្តិសុខ រួបរួមគ្នា ដើម្បីដោះស្រាយវិបត្តិស៊ីរី។
ដោយឡែក នៅថ្ងៃពុធនេះ ប្រមុខការទូតរុស្ស៊ី លោក ស៊ែរហ្កី ឡាវ៉្រូវ បានចោទអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលបានស៊ើបអង្កេតពីការវាយប្រហារដោយអាវុធគីមីនៅស៊ីរីនោះ ថាបានកាន់ជាបក្សពួក ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលស៊ីរី។ លោក ឡាវ៉្រូវ បន្ថែមថា ការសន្និដ្ឋានក្នុងរបាយការណ៍ទាក់ទងអាវុធគីមីរបស់អ្នកស៊ើបអង្កេត ទាំងនោះ គ្រាន់តែជាការសន្និដ្ឋានបែបផែននយោបាយប៉ុណ្ណោះ៕ដោយ ព្រំ សឿន សូលីណា (RFI)