ក្រុមតាលីបង់​នៅតែ​បន្ត​សង្គ្រាម​ដរាបណា​រដ្ឋាភិបាល​ប៉ាគីស្ថាន​មិន​ទទួលយក​លក្ខខណ្ឌ​ក្រុមខ្លួន​

នៅថ្ងៃ​អង្គារ​នេះ នៅ​ប្រទេស​ប៉ាគីស្ថាន​ ក្រុម​ឧទ្ទាម​តាលីបង់​​​បាន​ព្រមាន​រដ្ឋាភិបាល​ថា ក្រុម​ខ្លួន​នឹង​បន្ត​សង្គ្រាម​ក្នុង​ប្រទេស​នេះ ដរាបណា​រដ្ឋាភិបាល​មិនព្រម​ទទួលយក​លក្ខខណ្ឌ​ដែល​ក្រុមខ្លួន​បាន​​ស្នើ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព។

កាលពី ​សប្តាហ៍​មុន រដ្ឋាភិបាលប៉ាគីស្ថាន​​បាន​ស្នើ​ទៅចលនា​​ក្រុមតាលីបង់​​ប៉ាគីស្ថាន ដែល​ជា​ ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជិតដិត​ជាមួយ​​ក្រុមអាល់កៃដា​ អោយ​យល់ព្រម​ចរចា​ស្វែងរក​សន្តិភាព​​​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​បិទ​បញ្ចប់​អំពើហិង្សា​ ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ ក្នុង​ប្រទេស​ ចាប់​ពី​ឆ្នាំ​២០០៧មក។

ក្រុម​ឧទ្ទាមតាលីបង់​បាន​ស្វាគម ​សំណើ​ចរចា​នេះ ហើយ​បាន​ដាក់​លក្ខខណ្ឌ​ទៅ​រដ្ឋាភិបាល​វិញ​ថា ខ្លួន​ព្រម​ចរចា​​ លុះត្រាណា​តែ​រដ្ឋាភិបាល​យល់ព្រម​ដោះលែង​អ្នកទោស​តាលីបង់ និង​ដកទ័ព​ចេញ​ពី​តំបន់​​​​ជំរក​របស់​ក្រុម​ជីហាដ នៅ​ភាគ​ពាយព្យ​ប៉ាគីស្ថាន ជិតព្រំប្រទល់​ជាមួយ​អាហ្វហ្កានីស្ថាន។ ទន្ទឹម​នោះដែរ ក្រុមតាលីបង់​បាន​សម្លាប់​ទាហាន​​​ជាន់ខ្ពស់​ប៉ាគីស្ថាន​ពីរ​រូប ធ្វើអោយ​​រដ្ឋាភិបាល​មាន​ការ​ខឹងសម្បារ ហើយ​ធ្វើអោយ​មានការ​ចោទជាសំណួរ​ថា តើ​ក្រុមឧទ្ទាម​អាច​សំរេច​សន្តិភាព​ម្តេច​កើត​ទៅ​ ប្រសិន​បើ​ហិង្សា​នៅតែ​កើតមាន?

ក្នុង​ការ​គំរាម​​បន្ត​សង្គ្រាម​​ជាមួយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ នៅថ្ងៃ​អង្គារ​ម្សិលមិញ​នេះ អ្នកនាំពាក្យ​ក្រុម​តាលីបង់​​ ស្ហាហ៊ីឌុលឡា ស្ហាហ៊ីដ ​បាន​លើកឡើងថា ​“សង្គ្រាម​​នៅតែបន្ត​​គឺ​រដ្ឋាភិបាល​​ជាអ្នកចាប់ផ្តើម ដូច្នេះ​រដ្ឋាភិបាល​​ត្រូវតែ​បញ្ចប់​វា”។ អ្នកនាំពាក្យ​តាលីបង់​​បន្ថែមថា ប្រសិន​បើ​អាជ្ញាធរ​ចង់​បញ្ចប់​សង្គ្រាម​​ គឺ​អាជ្ញាធរ​ខ្លួន​ឯង​ផ្ទាល់​ ជាអ្នក​ប្រកាស​​​​​​ឈប់បាញ់​៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close