ព្រះមហាក្សត្រមិនព្រមពន្យារពេលកិច្ចប្រជុំសភាដំបូងតាមសំណើបក្សប្រឆាំង
ភ្នំពេញ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មិនបានយល់ព្រមតាមសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសុំ ពន្យារពេលកិច្ចប្រជុំសភាដំបូងនោះទេ។ ការបដិសេធមិនព្រមពន្យារពេលកិច្ចប្រជុំនេះបានធ្វើឡើងតាមរយៈ ព្រះរាជសារនៅថ្ងៃពុធទី១៨ កញ្ញានេះផ្ញើជូនអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។
ព្រះអង្គនៅតែរក្សាជំហរគោរពតាមរដ្ឋធម្មនុញ្ញមាត្រា ៨២ ដែលតម្រូវឲ្យព្រះមហាក្សត្រកោះប្រជុំសភាដំបូង៦០ថ្ងៃយ៉ាងយូរក្រោយ ការបោះឆ្នោត។
សំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលសុំឲ្យព្រះមហាក្សត្រ ពន្យារពេលកិច្ចប្រជុំសភាដំបូងនោះមិនបានសម្រេចទេ។ តាមរយៈព្រះរាជសារចុះថ្ងៃទី ១៨ កញ្ញានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ជាក់ថា ព្រះអង្គនឹងយាងជាព្រះរាជអធិបតីក្នុងពិធីបើកសម័យប្រជុំសភាដំបូង នៅថ្ងៃទី ២៣ កញ្ញាទៅតាមការគ្រោងទុក។
ព្រះរាជសារនេះគឺជាការឆ្លើយតបទៅនឹងលិខិតរបស់អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិដែលបានទូលថ្វាយព្រះអង្គអំពីបញ្ហាជុំវិញ ការបោះឆ្នោត និងបានសុំឲ្យព្រះអង្គពន្យារពេលការកោះប្រជុំសភាដំបូង។ ប៉ុន្តែ ដោយសម្អាងលើមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្របានបញ្ជាក់ថា ព្រះអង្គនឹងនៅតែរក្សាការកោះប្រជុំនេះ ព្រមទាំងចូលរួមធ្វើជាអធិបតីនៃកិច្ចប្រជុំនេះដដែល។
សូមបញ្ជាក់ថា មាត្រា ៨២ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា រដ្ឋសភាបើកកិច្ចប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ។ ក្នុងន័យនេះ ព្រះអង្គក៏បានស្នើសុំជាថ្មីទៀតឲ្យអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំង អស់ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភាដើម្បីបង្ហាញនូវ ការរួបរួម និងឯកភាពជាតិ៕ Cambodia News