កងទ័ពហ្វីលីពីនបង្កើនការវាយប្រហារលើក្រុមឧទ្ទាមនៅប៉ែកខាងត្បូងដោយប្រើឧទ្ធម្ភាគចក្រ
នៅទីបំផុត នាថ្ងៃចន្ទ ទី១៦ កញ្ញា កងទ័ពហ្វីលីពីនបានប្រើឧទ្ធម្ភាគចក្រវាយប្រហារលើក្រុមឧទ្ទាមអ៊ីស្លាមអ្នកទាមទារឯករាជ្យនៅប៉ែកខាងត្បូង។ តំាងពីមួយសប្តាហ៍មកហើយដែលក្រុមឧទ្ទាមមួយនេះបានបើកការ វាយប្រហារដណ្តើមយកស្រុកមួយនៅទីនោះ។ មានភូមិមួយដែលទ័ពរដ្ឋាភិបាលបានដណ្តើមយកមកវិញពីក្រុមឧទ្ទាម រណសិរ្យរំដោះម៉ូរ៉ូ។
តំាងតែពីថ្ងៃចន្ទ ទី១៦ កញ្ញា កងទ័ពហ្វីលីពីនដោយមានជំនួយពីកម្លំាងឧទ្ធម្ភាគចក្របានរំកិលទៅមុខ ដោយ ដោយដណ្តើមមកវិញនូវតំបន់ចំនួនពីរស្ថិតក្នុងស្រុក Zamboanga ដែលក្រុមឧទ្ទាមរណសិរ្យរំដោះម៉ូរ៉ូបានចូលកាន់កាប់តំាងពីថ្ងៃទី ៩ កញ្ញាជាមួយនឹងគ្នីគ្នាគេប្រមាណជា ២០០នាក់។ Zamboanga គឺជាស្រុកមួយស្ថិតលើកោះមីនដាណាវ និងដែលមានប្រជាជនរស់នៅប្រមាណជា ១លាននាក់។
យោងតាមអ្នកនំាពាក្យកងទ័ពរដ្ឋាភិបាលឲ្យដឹងថា នៅពេលនេះ ក្រុមឧទ្ទាមត្រូវបានបំបែកហ្វូងជាក្រុមតូចៗ និងមានអ្នកខ្លះបានព្យាយាមរត់ចេញពីទីនោះទៀតផង។ កងទ័ពបានរុញច្រានពួកគេឲ្យឃ្លាតឆ្ងាយពីតំបន់នោះ ដោយមានជំនួយបាញ់ប្រហារគ្រាប់រ៉ូកែតពីឧទ្ធម្ភាគចក្រ។ អ្នកនំាពាក្យកងទ័ពដដែលបានអះអាងថា នៅសេសសល់ពួកឧទ្ទាមតែប្រមាណ ១០០នាក់ប៉ុណ្ណោះដែលកំពុងមានអាវុធក្នុងដៃ និងដែលបានព្យាយាមរត់ភៀសខ្លួនទៅកាន់ស្រុកក្បែរខាង។ ប្រភពពីកងទ័ពឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ រដ្ឋាភិបាលបានប្រើទ័ពចំនួន ៣ ០០០នាក់ ដោយសម្លាប់បានឧទ្ទាម ៥១នាក់ ក្នុងនោះ ក៏មានស្លាប់ទាហានរដ្ឋាភិបាល ៦នាក់ ប៉ូលីសម្នាក់ និងជនស៊ីវិល ៤នាក់។ ក្រៅពីនេះ មានប្រជាជនប្រមាណជា ៧០ ០០០នាក់បានរត់ភៀសខ្លួនគេចពីសមរភូមិទៅជ្រកកោននៅកន្លែងផ្សេង ដោយមានភាគច្រើនទៅជ្រកនៅទីធ្លាក្នុងស្តាត។
នៅហ្វីលីពីន រដ្ឋាភិបាលបានប្រឈមមុខនឹងពួកឧទ្ទាមនៃរណសិរ្យរំដោះម៉ូរ៉ូដឹកនំា ដោយលោក Nur Misuari នៅប៉ែកខាងជើងតំាងពីទសវត្សឆ្នំា ៧០មកម្ល៉េះ និងដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ១៥ម៉ឺននាក់ និងអ្នករត់ភៀសខ្លួនរាប់សិបពាន់នាក់ផ្សេងទៀត។ កន្លងមក និងនៅក្រោមលោកប្រធានាធិបតីហ្វីលីពីនអាគីណូ រដ្ឋាភិបាល និងក្រុមឧទ្ទាមបានជួបចរចាគ្នាដើម្បីព្យាយាមដាក់តំបន់ប៉ែកខាងជើង ជាតំបន់ស្វ័យត គឺមិនមែនជាតំបន់ឯករាជ្យនោះទេ។ តំបន់ប៉ែកខាងជើងដែលសម្បូរដោយអ្នកកាន់សាសនា អ៊ីស្លាមរស់នៅ នៅក្នុងប្រទេសមួយដែលសម្បូរដោយអ្នកកាន់សាសនាកាតូលិករស់នៅច្រើន ជាងគេនៅទ្វីបអាស៊ី៕ដោយ គួច គន្ធារ៉ា (RFI)