ចិនស្វាគមកិច្ចព្រមព្រៀងអាមេរិក-រុស្ស៊ីស្តីពី អាវុធគីមីស៊ីរី
ទីក្រុង ប៉េកាំង នៅថ្ងៃអាទិត្យបានសំដែងការអបអរដែលភាគី អាមេរិក និងរុស្ស៊ីរកបានកិច្ចព្រមព្រៀងមួយស្តីពីការគ្រប់គ្រងអាវុធគីមី របស់រុស្ស៊ី។ ប្រទេសចិន ដែលជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខបានធ្វើវេតូពីរ ដងជាមួយរុស្ស៊ី មិនឲ្យមានសេចក្តីសម្រេច ពីអង្គការសហប្រជាជាតិ ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលស៊ីរី។
សំដីស្វាគមន៍ កិច្ចព្រមព្រៀងអាមេរិក រុស្ស៊ីចេញពីមាត់របស់លោកWang Yi រដ្ឋមន្រ្តីការបរទេសចិន នៅក្នុងជំនួបមួយ នៅថ្ងៃអាទិត្យ នេះ ជាមួយរដ្ឋមន្រ្តីការបរទេសបារាំង លោកLaurent Fabius។ តាមប្រមុខការបរទេសចិន កិច្ចព្រមព្រៀងនេះនឹងបន្ធូរបន្ថយភាពតានតឹងនៅស៊ីរី និងបើកផ្លូវឲ្យគេរកឃើញដំណោះស្រាយបញ្ហាស៊ីរីដោយសន្តិភាព។
ប្រទេសចិនជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដែលតែងតែចេញមុខប្រឆាំងជានិច្ចរាល់យន្តការយោធា ក្រៅក្របខណ្ឌអង្គការសហប្រជាជាតិ។ ដូច្នេះ ក្រៅតែពីកិច្ចព្រមព្រៀងអាមេរិក និងរុស្ស៊ី ទីក្រុងប៉េកាំងទាមទារចង់ឲ្យគេដោះស្រាយបញ្ហាអាវុធគីមីនៅស៊ីរីតាម ផ្លូវនយោបាយ ពោល គឺមានការចូលរួមពីរដ្ឋាភិបាលស៊ីរីផ្ទាល់ និងក្រុមប្រឆាំង។
នៅទីក្រុងហ្ស៊ឺណែង បន្ទាប់ពីពិភាក្សាយ៉ាងតឹងសសៃក រយៈពេលបីថ្ងៃ ប្រមុខការបរទេសអាមេរិក និងរុស្សី បានរកឃើញចំណុចព្រមព្រៀងគ្នាមួយ ស្តីពីការប្រមូល និងបំផ្លាញអាវុធគីមីស៊ីរី ប៉ុន្តែមិនមែនដើម្បីបញ្ចប់សង្រ្គាម នៅ ស៊ីរីទេ។ នៅក្នុងកិច្ចព្រមព្រៀង នោះ រដ្ឋាភិបាលស៊ីរីត្រូវចូលរួមឲ្យគេកម្ទេចអាវុធគីមីប្រល័យលោក របស់ខ្លួន ឲ្យអស់ នៅ ពាក់កណ្តាលឆ្នាំ ២០១៤ខាងមុខ។ រុស្ស៊ី និងអាមេរិកបានយល់ស្របគ្នាដែរ ពីរឿងដែលថា ស៊ីរីមានអាវុធគីមី ១០០០តោន លាក់នៅក្នុងឃ្លាំង ប្រមាណ៤៥កន្លែង។
នៅថ្ងៃអាទិត្យនេះ សហគមន៍អន្តរជាតិ បានស្វាគមន៍កិច្ចព្រមព្រៀងអាមេរិក និងរុស្ស៊ី ប៉ុន្តែ ទីក្រុងដាម៉ាសផ្ទាល់ មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ។ ប៉ុន្តែ នៅរដ្ឋធានីដាម៉ាស បរិយាកាសបានធូរស្រាល ដោយលែងសូវមានការភ័យខ្លាចពីការវាយប្រហាររបស់អាមេរិក។ ក្តីសង្ឃឹមក៏បានផុសឡើងដែរ ពីការ ដែលកិច្ចព្រមព្រៀង អាមេរិក និងរុស្ស៊ី នឹងអាចជួបបញ្ចប់ការបង្ហូរឈាម ដែលបានសម្លាប់មនុស្សជាង ១សែននាក់ ក្នុងរយៈពេល ២ឆ្នាំកន្លះនៃសង្រ្គាមស៊ីវិល។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ស្វាគម កិច្ចព្រមព្រៀង ដែលលោកចាត់ទុកថា ជាដំណាក់កាលសំខាន់ ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិកនៅត្រៀមធ្វើអន្តរាគមន៍យោធា ក្នុងករណីការចរចាការទូតបរាជ័យ។ នៅក្នុងព្រមព្រៀងអាមេរិក រុស្ស៊ី គេបានបញ្ជាក់ផងដែរ ថា នឹងអាចប្រើកម្លាំងយោធា នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងករណីរដ្ឋាភិបាលស៊ីរីមិនគោរពធ្វើតាមកិច្ចព្រមព្រៀងនៅហ្សឺណែវ។
បន្ទាប់ពីកិច្ចព្រមព្រៀងហ្សឺណែវ ប្រមុខការបរទេសអាមេរិក និងរុស្ស៊ី ព្រមព្រៀងគ្នាផងដែរថា នឹងជួបពិភាក្សាគ្នាជាថ្មី គឺក្រៅក្របខណ្ឌមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដែលត្រូវធ្វើនៅថ្ងៃទី ២៨ កញ្ញា ខាងមុខ។ ជំនួបនៅចុងខែនេះ នឹងផ្តោតទៅលើសន្និសីទសន្តិភាពស៊ីរីវិញម្តង៕ដោយ ឈាង បុប្ផា (RFI)